ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និង​បែលហ្ស៊ិក​ប្រកាស​កិច្ច​ព្រមព្រៀង​ជំនួយ​យោធា​ជាង​មួយ​ពាន់​លាន​ដុល្លារ


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និងរដ្ឋមន្ត្រី​ការពារជាតិ​បែលហ្ស៊ិក​លោកស្រី Ludivine Dedonder អំឡុងពេល​ទស្សនកិច្ច​នៅមូលដ្ឋានទ័ពអាកាស​ Melsbroek ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៤។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និងរដ្ឋមន្ត្រី​ការពារជាតិ​បែលហ្ស៊ិក​លោកស្រី Ludivine Dedonder អំឡុងពេល​ទស្សនកិច្ច​នៅមូលដ្ឋានទ័ពអាកាស​ Melsbroek ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៤។

ប្រទេស​អ៊ុយក្រែន​នឹងទទួល​ជំនួយ​យោធា​ថ្មី​ចំនួន​ជាង​មួយ​ពាន់​លាន​ដុល្លារ​ពី​ប្រទេស​បែលហ្ស៊ិក​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ចម្បាំង F-16 ចំនួន ៣០ គ្រឿង​ផងដែរ។

កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើឡើង​នៅ​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្រុចសែល​នៃ​ប្រទេស​បែលហ្ស៊ិក​ក្នុង​ទស្សនកិច្ច​ដែល​រួម​មាន​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​ព័រទុយហ្គាល់​ផងដែរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Zelenskyy មាន​បំណង​ស្វែងរក​ជំនួយ​ថ្មី​ដើម្បី​ប្រយុទ្ធ​តតាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​បាន​ចាប់ផ្ដើម​តាំងពី​ដើម​ឆ្នាំ ២០២២ មក។

លោក Zelenskyy បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា៖ «កិច្ចព្រមព្រៀង​នេះ​ធានា​នូវ​ជំនួយ​សន្តិសុខ​ទាន់​ពេល​វេលា​របស់​ប្រទេស​បែលហ្ស៊ិក រថពាស​ដែក​ទំនើប យុទ្ធោបករណ៍​ដែល​បំពេញ​តម្រូវការ​កងទ័ព​ជើង​អាកាស​និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន សន្តិសុខ​កងទ័ព​ជើងទឹក ការ​ដោះមីន ការ​ចូលរួម​នៅក្នុង​សម្ព័ន្ធភាព​គ្រាប់​កាំភ្លើង​ធំ និង​ការ​បណ្ដុះបណ្ដាល​ផ្នែក​យោធា»។

លោក Zelenskyy បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​រយៈពេល​១០​ឆ្នាំ​នេះ​ក៏​រួម​មាន​ផងដែរ​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​បែលហ្ស៊ិក​លើ​ផ្នែក​ស៊ើបការណ៍​សម្ងាត់ សន្តិសុខ​អ៊ីនធឺណិត ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ប្រឌិត និង​ឧស្សាហកម្ម​ផ្នែក​ការពារ។

មួយ​វិញ​ទៀត ប្រទេស​អ៊ុយក្រែន​និង​ប្រទេស​អេស្ប៉ាញ​បាន​ប្រកាស​នូវ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ជំនួយ​យោធា​ចំនួន ១,១ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ​និង​ជាង ៥ ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ ២០២៧ ដោយ​អេស្ប៉ាញ​នឹង​បញ្ជូន​រថក្រោះ Leopard និង​គ្រាប់​កាំភ្លើង​ធំ​ឱ្យ​ប្រទេស​អ៊ុយក្រែន។

នៅក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង Madrid នៃ​ប្រទេស​អេស្ប៉ាញ លោក Zelenskyy បាន​ជំរុញ​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​ឱ្យ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​បស្ចិម​ប្រទេស​ផ្ដល់​ឱ្យ​ដើម្បី​វាយ​ប្រហារ​គោលដៅ​យោធា​នៅក្នុង​ប្រទេស​រុស្ស៊ី​ក្នុង​បំណង​ការពារ​ខ្លួន។

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​ក្នុង​អំឡុង​ទស្សនកិច្ច​កាលពី​ថ្ងៃ​ចន្ទ​ទៅកាន់​ប្រទេស​ប៊ុយហ្គារី​ថា រដ្ឋាភិបាល​នានា​គួរតែ​គិត​ឡើងវិញ​អំពី​ការ​ដាក់​កំហិត​របស់​ខ្លួន​លើ​អ៊ុយក្រែន​ទាក់ទិន​នឹង​ការ​ប្រើ​អាវុធ​ដែល​ផ្ដល់​ឱ្យ​ដើម្បី​វាយ​ប្រហារ​នៅក្នុង​ប្រទេស​រុស្ស៊ី។ លោក​បាន​អះអាង​ថា អ៊ុយក្រែន​មាន​សិទ្ធិ​ការពារ​ខ្លួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​វាយ​ប្រហារ​លើ «គោលដៅ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស​អ៊ុយក្រែន​ផងដែរ»៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG