ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហភាព​អឺរ៉ុប​ត្រូវ​គេ​រំពឹង​ថា​ នឹង​យល់​ព្រម​លើ​​ផែនការ​ផ្តល់​គ្រាប់រំសេវ​​ដល់​ប្រទេស​អ៊ុយក្រែន


រូប​ឯកសារ៖ ទាហាន​អ៊ុយក្រែន​បាញ់​កាំភ្លើង​ផ្លោង howitzer M119 នៅ​សមរភូមិ​ជួរ​មុខ​នៅ​ជិត​ទី​ក្រុង Bakhmut កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ទាហាន​អ៊ុយក្រែន​បាញ់​កាំភ្លើង​ផ្លោង howitzer M119 នៅ​សមរភូមិ​ជួរ​មុខ​នៅ​ជិត​ទី​ក្រុង Bakhmut កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣។

មេដឹកនាំ​សហភាពអឺរ៉ុប​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តល់​ការ​យល់​ព្រមនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លើ​ផែនការ​មួយ​ ដើម្បី​បង្កើន​ល្បឿន​ការដឹក​ជញ្ជូន​គ្រាប់រំសេវ​ទៅ​ឱ្យ​កងកម្លាំង​អ៊ុយក្រែន​ ដែល​កំពុង​ប្រយុទ្ធ​ទប់ទល់នឹង​ការ​ឈ្លានពាន​របស់​កងទ័ព​រុស្ស៊ី។​

ផែនការដែល​មាន​ទឹក​ប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារ​នេះ​ ទទួល​បាន​ការ​គាំទ្រ​កាល​ពី​ដើម​សប្តាហ៍​នេះ​ ដោយ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​របស់​សហភាព​អឺរ៉ុប។​ ផែនការ​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ជូន​គ្រាប់រំសេវ​ដែល​មាន​ក្នុង​ឃ្លាំងស្រាប់​ ក៏​ដូច​ជា​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដាក់ការ​បញ្ជា​ទិញគ្រាប់​ថ្មី​បន្ថែម​ទៀត។​

មេដឹកនាំ​អ៊ុយក្រែន​ បាន​ប្រាប់​ក្រុមសម្ព័ន្ធមិត្ត​បស្ចិមប្រទេស​ថា កងយោធា​អ៊ុយក្រែន​កំពុង​ត្រូវ​ការ​ជា​បន្ទាន់​នូវ​គ្រាប់រំសេវ​បន្ថែម​ទៀត​ ពិសេស​គ្រាប់​កាំភ្លើងផ្លោង១៥៥​មីល្លីម៉ែត្រ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Antonio Guterres មាន​គម្រោង​នឹង​ចូល​រួម​ជាមួយ​មេដឹកនាំសហភាព​អឺរ៉ុប​ក្នុងកិច្ចប្រជុំ​អាហារថ្ងៃ​ត្រង់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ហើយប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy មាន​គម្រោង​នឹង​ថ្លែង​សុន្ទរកថាតាម​ប្រព័ន្ធវីដេអូនៅ​ពេលបន្ទាប់​មក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ។​

កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​ក្រុម​អាជ្ញាធរ​អ៊ុយក្រែន​និយាយ​ថា​ ការ​វាយប្រហារដោយ​មីស៊ីលនិង​ដ្រូន​ជា​ថ្មី​របស់​រុស្ស៊ី​ បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ក៏​៧​នាក់​ដែរ​ នៅក្នុង​ទីក្រុង​២​របស់​អ៊ុយក្រែន​នោះ។​ ​

ប្រធាន​គោលនយោបាយការបរទេសរបស់​សហភាព​អឺរ៉ុប​ លោក Joseph Borrell បាន​បង្ហោះ​សារ​លើបណ្តាញ​ Twitter ​ដោយ​គូស​បញ្ជាក់​ពី​ការគាំទ្រ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​ដែល​បានគាំ​ទ្រ​សេចក្តី​ព្រាងផែន​ការ​សន្តិភាព​មួយក្នុង​ប្រទេស​អ៊ុយក្រែន ដែលបានស្នើ​ឡើង​ដោយ​ប្រទេស​ចិន​ ដោយលោក​បាន​បង្ហោះ​រូប​ភាពនៃ​ការ​ទទួល​ស្វាគមន៍​របស់​លោក Putin ជួប​ជា​មួយ​ប្រធានាធិបតី​ចិន​លោក​ Xi Jinping​ ក្នុង​សប្តាហ៍​នេះ​ ទន្ទឹម​គ្នាជាមួយរូប​ភាព​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី​ផង​ដែរ៕ ​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP, AFP, និង Reuters

XS
SM
MD
LG