ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​រាយការណ៍​ពី​ការបាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​រុស្ស៊ី​ចំនួន​៩៣ គ្រឿង


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់​ប្រមូល​ភស្តុតាង​បន្ទាប់​ពី​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២៥។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់​ប្រមូល​ភស្តុតាង​បន្ទាប់​ពី​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២៥។

យោធា​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន៩៣ គ្រឿងក្នុង​ចំណោម​ដ្រូន​ទាំង​អស់១៤១គ្រឿង​ដែល​កងទ័ព​រុស្ស៊ី​បាន​បង្ហោះ​ក្នុង​រយៈ​ពេល​មួយ​យប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​បាន​ដៅលើ​តំបន់​នានា​នៅ​ទូទាំង​ប្រទេស។

ការស្ទាក់​បាញ់​បាន​កើត​មាន​ឡើង​នៅ​លើ​តំបន់ Cherkasy, Chernihiv, Dnipropetrovsk, Donetsk, Kharkiv, Kherson, Khmelnytskyi, Kirovohrad, Kyiv, Mykolaiv, Poltava, Sumy និង Vinnytsia។ នេះ​បើ​តាម​កងទ័ព​អាកាស​របស់​អ៊ុយក្រែន។

អភិបាល​តំបន់ Dnipropetrovsk លោក Serhiy Lysak បាន​និយាយ​នៅ​លើ​បណ្តាញ​តេឡេក្រាម​ថា​ ការវាយ​ប្រហារ​របស់​រុស្ស៊ី​ដែល​រួមមាន​ទាំង​កាំភ្លើង​ធំ​និង​កាំជ្រួច​មីស៊ីល​បាន​ធ្វើ​ឱ្យ​ខូច​អគារ​ដែល​មាន​កម្ពស់៤ជាន់។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ខ្លួន​បាន​កម្ទេច​ដ្រូន​អ៊ុយក្រែន​ជាង ៣០ គ្រឿង​ កាលពី​យប់​ថ្ងៃ​អាទិត្យ​ និង​ព្រឹក​ថ្ងៃ​ចន្ទ។

អភិបាល​តំបន់ Kaluga លោក Vladislav Shapsha បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា ​ការធ្លាក់​បំណែក​មក​ពី​ដ្រូន​ដែល​ត្រូវ​បាន​កម្ទេច​នោះ​បាន​បណ្តាល​ឱ្យមាន​អគ្គិភ័យ​នៅ​ឯ​កន្លែង​ពាណិជ្ជកម្ម​មួយ​ដែល​ត្រូវ​បាន​ពន្លត់​វិញ​ភ្លាមៗ។

នៅ​ក្នុង​តំបន់ Belgorod លោក​អភិបាល Vyacheslav Gladkov បាន​និយាយ​ថា​ ការវាយ​ប្រហារ​របស់​ដ្រូន​មួយ​បាន​ត្រូវចំ​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​រងរបួស។ លោក Gladkov បាន​និយាយ​ទៀត​ថា ​ការវាយ​ប្រហារ​របស់​អ៊ុយក្រែន​ក៏​បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ៦ខ្នង​ដែរ។

ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​ក៏​បាន​បាញ់​ទម្លាក់​ដ្រូន​មួយ​ចំនួន​លើ​តំបន់ Bryansk, Kursk, Ryazan, Oryol និង Tatarstan៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ត្រូវ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង Reuters។

XS
SM
MD
LG