ខណៈសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនជិតឈានដល់ឆ្នាំទី៣គិតត្រឹមខែកុម្ភៈខាងមុខនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់ពីក្តីសង្ឃឹមរបស់ប្រទេសរបស់លោកចង់ឱ្យអាមេរិកបន្តគាំទ្រក្រោមរដ្ឋបាលលោក Trump។
លោក Zelenskyy បានថ្លែងក្នុងសប្តាហ៍នេះក្នុងអំឡុងសន្និសីតសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញលោក Donald Tusk នៅទីក្រុងវ៉ាសូវីថា៖«យើងកំពុងរង់ចាំការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។ ខ្ញុំគិតថាពិភពលោកកំពុងរង់ចាំ ពីព្រោះអាមេរិកជាដៃគូយុទ្ធសាស្ត្រនៅក្នុងស្ថិរភាពសាកល»។
លោក Zelenskyy បានពណ៌នាអាមេរិកថាជា«ប្រទេសជួយឧបត្តម្ភធំបំផុតដែលគាំទ្រអ៊ុយក្រែននៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»ហើយលោកបានបង្ហាញសុទិដ្ឋិនិយមអំពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្រោមគោលការណ៍ «សន្តិភាពតាមរយៈកម្លាំង»។
លោកក៏បានថ្លែងថារដ្ឋបាលរបស់លោកកំពុងសហការរួចទៅហើយជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីបានជួបប្រជុំជាមួយលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលនឹងឡើងកាន់តំណែងនៅថ្ងៃចន្ទខាងមុខនេះ។
លោកបានថ្លែងថា៖«ក្រុមរបស់លោកកំពុងធ្វើការលើសេចក្តីលម្អិតនានាពាក់ព័ន្ធនឹងកិច្ចពិភាក្សាដ៏សំខាន់នេះ។ យើងចង់បញ្ចប់សង្គ្រាមនេះ ក៏ប៉ុន្តែចង់បញ្ចប់ដោយសន្តិវិធីប្រកបដោយភាពយុត្តិធម៌»៕
វេទិកាបញ្ចេញមតិ