ក្រុមរដ្ឋអាជ្ញាប៉ូឡូញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសប៉ូឡូញម្នាក់ត្រូវបានចាប់ខ្លួន ពីព្រោះលោកបានប្រុងប្រៀបធ្វើចារកម្មឱ្យផ្នែកស៊ើបការណ៍សម្ងាត់យោធារុស្ស៊ីនៅក្នុងគម្រោងការប្រព្រឹត្តអំពើទុច្ចរិតទាក់ទិននឹងការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។
ការិយាល័យរដ្ឋអាជ្ញាជាតិនៃប្រទេសប៉ូឡូញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសនេះត្រូវបង្ហាញអត្តសញ្ញាណថាមានឈ្មោះ Pawel K. តាមច្បាប់ឯកជនភាពប៉ូឡូញ ត្រូវបានចោទប្រកាន់ថា ប្រុងប្រៀបផ្តល់ព័ត៌មានសន្តិសុខអាកាសយានដ្ឋានឱ្យពួកភ្នាក់ងាររុស្ស៊ី ហើយថា គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធនៅក្នុងប្រទេសប៉ូឡូញ។
បុរសនេះប្រឹងប្រែងទាក់ទងដោយផ្ទាល់ជាមួយពួករុស្ស៊ីដែលទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវរំពឹងថានឹងផ្តល់ព័ត៌មានលម្អិតអំពីចំណតយន្តហោះ Rzeszow-Jasionka នៅប៉ែកអាគ្នេយ៍ប្រទេសប៉ូឡូញ នៅជិតព្រំដែនអ៊ុយក្រែន ដែលជាកន្លែងទទួលការផ្គត់ផ្គង់អន្តរជាតិខាងយោធានិងខាងមនុស្សធម៌សម្រាប់ប្រទេសអ៊ុយក្រែន។ អាកាសយានដ្ឋាននេះក៏បម្រើការឱ្យពួកមេដឹកនាំនិងក្រុមអ្នកនយោបាយដែលធ្វើដំណើរចេញចូលពីប្រទេសអ៊ុយក្រែនផងដែរ។
សេចក្តីថ្លែងការណ៍នេះបានចែងថា ប្រសិនបើរកឃើញថា មានទោស បុរសនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៨ឆ្នាំ។
ពួករដ្ឋអាជ្ញាបានថ្លែងថា ការចាប់ខ្លួនបុរសនេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយពួករដ្ឋអាជ្ញានិងសេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន ដែលបានផ្តល់តម្រុយប្រាប់ពួកគេនិងបានផ្តល់ភស្តុតាងសំខាន់ៗ។ ពួកគេនិយាយថាករណីនេះកំពុងស៊ើបអង្កេតបន្ត។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសអាល្លឺម៉ង់ ពួករដ្ឋអាជ្ញាបាននិយាយថាបុរសរុស្ស៊ីកំណើតអាល្លឺម៉ង់ពីរនាក់ត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យថាធ្វើចារកម្ម។ បុរសម្នាក់ក្នុងបណ្តាបុរសពីរនាក់នេះត្រូវចោទប្រកាន់ថា បានយល់ព្រមធ្វើការវាយប្រហារលើទីដៅនានាមានរួមកន្លែងយោធាអាមេរិកាំងក្នុងសេចក្តីសង្ឃឹមថានឹងបំផ្លាញជំនួយដល់អ៊ុយក្រែន។
ពួករដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់បានថ្លែងថា បុរសពីរនាក់នេះដែលត្រូវបង្ហាញអត្តសញ្ញាណថាឈ្មោះ Dieter S. និង Alexander J. តាមបទបញ្ញត្តិឯកជនភាពអាល្លឺម៉ង់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធនៅក្នុងក្រុង Bayreuth នៃរដ្ឋ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។
មនុស្សមួយចំនួន រួមមានជនម្នាក់ជាពលរដ្ឋពីរសញ្ជាតិរុស្ស៊ី-អេស្ប៉ាញត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៉ូឡូញពីបទចោទថាធ្វើចារកម្មឱ្យរុស្ស៊ីតាំងពីរដ្ឋាភិបាលម៉ូស្គូបើកធ្វើការវាយប្រហារលើអ៊ុយក្រែនកាលពី ខែកុម្ភៈ ឆ្នាំ២០២២ មក៕
វេទិកាបញ្ចេញមតិ