ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា​មិន​មាន​ការចាប់អារម្មណ៍​ក្នុង​ការកាន់កាប់​តំបន់ Kursk របស់​រុស្ស៊ី​ក្នុង​រយៈ ពេល​យូរ​ទេ


ទាហាន​អ៊ុយក្រែន​​បើក​រថក្រោះ​នៅ​តំបន់ Sumy ជាមួយ​រុស្ស៊ី​កាលពីថ្ងៃទី​១៣ សីហា ឆ្នាំ២០២៤​។
ទាហាន​អ៊ុយក្រែន​​បើក​រថក្រោះ​នៅ​តំបន់ Sumy ជាមួយ​រុស្ស៊ី​កាលពីថ្ងៃទី​១៣ សីហា ឆ្នាំ២០២៤​។

អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​មិន​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការកាន់​កាប់​ទឹកដី​ដែល​ខ្លួន​បាន​ដណ្តើម​នៅ​តំបន់ Kursk របស់​រុស្ស៊ី​ក្នុង​រយៈពេល​យូរ​ទេ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​នេះ វា​អាច​ធ្វើ​ឱ្យ​មាន​ការស្មុគ្រស្មាញ​ដល់​ការខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដើម្បី​បញ្ជូន​កងទ័ព​កាន់តែ​ច្រើន​ឡើង​ទៅកាន់​សមរភូមិ​មុខ​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ុយក្រែន​លោក Georgiy Tykhy បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​រដ្ឋធានី​កៀវ​ថា«មិន​ដូច​រុស្ស៊ី​ទេ អ៊ុយក្រែន​មិន​ត្រូវការ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ផ្សេង​ទៀត​ទេ។ អ៊ុយក្រែន​មិន​ចាប់​អារម្មណ៍​នៅ​ក្នុង​ការកាន់កាប់​ទឹកដី​តំបន់ Kursk ទេ ក៏ប៉ុន្តែ​យើង​ចង់​ការពារ​អាយុ​ជីវិត​របស់​ពលរដ្ឋ​យើង»។

លោក Tykhy បាន​ការពារ​សកម្មភាព​របស់​អ៊ុយក្រែន​ថាជា«ការត្រឹមត្រូវ​តាម​ច្បាប់»។
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា«ការណ៍​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​កិច្ចប្រតិបត្តិការនៅ​ក្នុង​តំបន់​ Kursk ជួយ​សមរភូមិ​មុខ ពីព្រោះ​វា​មិន​អនុ ញ្ញាត​ឱ្យ​រុស្ស៊ី​ផ្ទេរ​អង្គភាព​បន្ថែម​ទៅកាន់​តំបន់ Donetsk ដែល​មាន​ការស្មុគស្មាញ​ដល់​ភស្តុភា​យោធា​របស់​ខ្លួន»។

លោក​ប្រធានាធិបតី Zelenskyy បាន​និយាយ​ទៀត​ថា​រុស្ស៊ី​បាន​ប្រើ​តំបន់ Kursk ដើម្បី​ចាប់ផ្តើម​វាយ​ប្រហារ​ឆ្លងកាត់​ព្រំដែន​ជាង២ពាន់​ដង​លើ​ទឹកដី​អ៊ុយក្រែន​ចាប់តាំង​ពី​ខែ​មិថុនា​មក។ លោក​ប្រធានាធិបតី​បាន​និយាយ​ទៀត​ថា​កងទ័ព​អ៊ុយក្រែន​បាន​កាន់កាប់​តំបន់​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រុស្ស៊ី​ដើម្បី​ចាប់ផ្តើម​វាយ​ប្រហារ​បែប​នេះ​ក្នុង​អំឡុង​នៃ​ការវាយលុក​រយៈពេល​មួយ​សប្តាហ៍ដែល​បាន​កាន់កាប់​ដីទំហំ១ពាន់​គីឡូម៉ែត្រ​ការ៉េ។

កងទ័ព​អ៊ុយក្រែន​បាន​ដណ្តើម​កន្លែង​តាំង​ទីលំនៅ​ជាង២០​នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​ធំ​បំផុត​មួយ​ដោយ​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​រុស្ស៊ី​ចាប់តាំង​ពី​សង្គ្រាម​លោក​លើកទី២​មក។ រុស្ស៊ី​បាន​និយាយកាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​បញ្ចៀស​ការវាយ​ប្រហារ​ថ្មី​នៅ​ក្នុង​តំបន់ ​Kursk ​ក៏​ប៉ុន្តែ​មនុស្ស​ជាង​១២​ម៉ឺន​នាក់​បាន​រត់គេចចេញ​ពី​តំបន់​នោះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG