ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ថា​អ៊ុយក្រែន​បង្កហេតុ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់ Kursk ​ប៉ុន្តែ​គេ​មិនដឹង​ច្បាស់​ថា​តើ​មាន​ការប្រយុទ្ធ​ទំហំ​ប៉ុណ្ណា​ទេ


លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​តំបន់​ Murmansk លោក Andrei Chibis នៅវិមានក្រិមឡាំង​ទីក្រុង Moscow ប្រទេស​រុស្ស៊ី​កាលពីថ្ងៃទី​៦ សីហា ឆ្នាំ២០២៤។
លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​តំបន់​ Murmansk លោក Andrei Chibis នៅវិមានក្រិមឡាំង​ទីក្រុង Moscow ប្រទេស​រុស្ស៊ី​កាលពីថ្ងៃទី​៦ សីហា ឆ្នាំ២០២៤។

លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin ​បាន​ថ្លែង​កាលពី​ថ្ងៃពុធ​ថា ​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ការបង្ក​ហេតុទ្រង់ទ្រាយ​ធំ​មួយ ​ចូលក្នុង​តំបន់ Kursk ​របស់​រុស្ស៊ី ​ប៉ុន្តែ​គេ​មិន​បាន​ដឹងច្បាស់​ថា​ការ​ប្រយុទ្ធគ្នា​មាន​ច្រើន​ដល់​កម្រិត​ណា​ទេ។

លោក​មេដឹកនាំ​រុស្ស៊ី​បានថ្លែង​ប្រាប់​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ថា ​កងកម្លាំង​អ៊ុយក្រែន ​បាន​ទម្លាក់​គ្រាប់បែក​ដោយ​មិនរើស​មុខ​លើ​គោលដៅ​ស៊ីវិល ​នៅក្នុង​ថ្ងៃទី២ ​នៃ​ការប្រយុទ្ធគ្នា​ក្នុង​តំបន់​តាម​បណ្តោយ​ទល់ដែន​អ៊ុយក្រែន​នៅ​ភាគ​អាគ្នេយ៍។

ប៉ុន្តែ​វិទ្យាស្ថាន​សិក្សា​អំពី​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​មួយ ​បាន​និយាយ​ថា ​ខ្លួន​មិនអាច​បញ្ជាក់​ថា​តើ​ទីតាំង​នៃ​ឃ្លីប​វីដេអូ ​ដែល​បង្ហាញ​រថពាសដែក​ដែល​ខូចខាត​និង​បោះបង់ចោល ​ដែល​ស្ថិតនៅ​ចម្ងាយ​៧​គីឡូម៉ែត្រ ​នៅ​ភាគខាងជើង​នៃ​ទល់ដែន ​នៅ​តំបន់ Kursk ​នោះ​ ជា​របស់​អ៊ុយក្រែន ​ឬទេ។

វិទ្យាស្ថាន​នេះ​ក៏មាន​ការមន្ទិល​សង្ស័យ​អំពី​ឃ្លីបវីដេអូ​ដែល​ចែកចាយ​ដោយ​ក្រុមអ្នកធ្វើ blog ​របស់​កងយោធា​រុស្ស៊ី ​ដែល​អះអាង​បង្ហាញ​អំពី​ការខូចខាត​ក្រោយ​ការ​វាយប្រហារ​របស់​អ៊ុយក្រែន​ផងដែរ។ សេចក្តី​រាយការណ៍​របស់​វិទ្យាស្ថាន​នេះ​បាន​និយាយ​ថា ​ការខូចខាត​ដែល​បង្ហាញ​ភាគច្រើន​ «ហាក់​ដូចជា​លទ្ធផល​នៃ​ការបាញ់ផ្លោង​ជាប្រចាំ​របស់​អ៊ុយក្រែន ​ហើយ​មិន​បង្ហាញ​ថា​មាន​សកម្មភាព​យោធា​ជើងគោក ​នៅក្នុង​តំបន់​នោះ​ឡើយ»។

អភិបាល​ស្តីទី​នៃតំបន់ Kursk ​របស់​រុស្ស៊ី​ លោក Alexei Smirnov ​បាន​អំពាវនាវ​ឱ្យ​អ្នកស្រុក​បរិច្ចាគ​ឈាម ​ពីព្រោះ​មាន​អ្នករបួស​នៅក្នុង​ការប្រយុទ្ធគ្នា​នោះ។ លោក​បាន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី «បាន​តតាំង​យ៉ាង​ក្លាហាន​នឹង​ការវាយប្រហារ​របស់​ទាហាន​អ៊ុយក្រែន‍»។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ៍​ថា ​កងទ័ព​អ៊ុយក្រែន​អាច​ដល់​ទៅ​៣០០​នាក់​ ដែល​គាំទ្រ​ដោយ​រថក្រោះ​១១​គ្រឿង ​និង​រថពាស​ដែក​ជាង​២០​គ្រឿង ​បាន​ឆ្លង​ចូល​ប្រទេស​រុស្ស៊ី ​ប៉ុន្តែ​បាន​រងខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី ​ដែល​គាំទ្រ​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ «មិន​បាន​អនុញ្ញាត​ឱ្យ​សត្រូវ​បន្ត​ដំណើរ​ចូល​ទឹកដី​របស់​សហព័ន្ធ​រុស្ស៊ី​បាន​ជ្រៅ​ទេ។ ក្រុម​មន្ត្រី​អ៊ុយក្រែន ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ​ហើយ​ក្រុមអ្នកឃ្លាំមើល​ផ្សេងៗ ​មិន​អាច​បញ្ជាក់​អំពី​ការអះអាង​របស់​រុស៊្សី​បាន​ទេ៕​

ព័ត៌មាន​ខ្លះ​សម្រាប់​របាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters និង​ Associated Press

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG