ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin បញ្ជា​ឱ្យ «កម្ចាត់» កងទ័ព​អ៊ុយក្រែន ខណៈ​មនុស្ស​ជាង ១២០.០០០ នាក់​ភៀសខ្លួន​ពី​ព្រំដែន


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ឆ្វេង) ធ្វើជាប្រធានកិច្ចប្រជុំមួយទាក់ទងនឹងស្ថានភាពនៅក្នុងតំបន់ Kursk នៅក្នុងគេហដ្ឋានរបស់លោកក្នុងទីក្រុង Novo-Ogaryovo នៅខាងក្រៅទីក្រុងម៉ូស្គូ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ឆ្វេង) ធ្វើជាប្រធានកិច្ចប្រជុំមួយទាក់ទងនឹងស្ថានភាពនៅក្នុងតំបន់ Kursk នៅក្នុងគេហដ្ឋានរបស់លោកក្នុងទីក្រុង Novo-Ogaryovo នៅខាងក្រៅទីក្រុងម៉ូស្គូ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​កងទ័ព​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ «កម្ចាត់» កងទ័ព​អ៊ុយក្រែន​ដែល​បាន​ចូល​ក្នុង​ទឹកដី​រុស្ស៊ី ខណៈ​អាជ្ញាធរ​រុស្ស៊ី​ថា​ប្រជាជន​ជាង ១២០.០០០ នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

កងទ័ព​អ៊ុយក្រែន​បាន​វាយលុយ​យ៉ាង​ភ្ញាក់ផ្អើល​ចូល​ក្នុង​តំបន់ Kurskប៉ែក​ខាង​លិច​របស់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដោយ​កាន់កាប់​ទីតាំង​បាន​ជាង ២០ កន្លែង។ នេះ​គឺជា​ការ​វាយប្រហារ​ឆ្លង​ព្រំដែន​ដ៏​សំខាន់​បំផុត​របស់​អ៊ុយក្រែន​លើ​ទឹកដី​រុស្ស៊ី​តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។

លោក Putin បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ដោយ​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ថា៖ «គោលបំណង​ដ៏​ច្បាស់​មួយ​របស់​សត្រូវ​គឺ​ធ្វើឱ្យ​យើង​ឈ្លោះគ្នា បង្ក​ឱ្យមាន​កំហឹង ធ្វើឱ្យ​ប្រជាជន​ភ័យខ្លាច បំផ្លាញ​សាមគ្គីភាព​និង​ភាព​ចុះសម្រុងគ្នា​នៃ​សង្គម​រុស្ស៊ី»។

លោក​ថ្លែង​ទៀត​ថា៖ «ប្រាកដណាស់ ភារកិច្ច​ចម្បង​គឺ​ឱ្យ​ក្រសួង​ការពារជាតិ​កម្ចាត់​សត្រូវ​ចេញ​ពី​ទឹកដី​របស់​យើង»។

មនុស្ស​ប្រមាណ ១២១.០០០ នាក់​បាន​ភៀសខ្លួន​ចេញ​ពី​តំបន់ Kursk តាំងពី​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់ផ្តើម​មក ដែល​ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​តិច ១២ នាក់​និង​ធ្វើ​ឱ្យ​មនុស្ស ១២១ នាក់​ទៀត​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់ Kursk លោក Alexei Smirnov នៅក្នុង​អង្គប្រជុំ​ជាមួយ​លោក Putin។

អាជ្ញាធរ​តំបន់ Kursk បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ពួកគេ​ក៏​ជម្លៀស​មនុស្ស​នៅក្នុង​ស្រុក Belovsky ផងដែរ ដែល​នៅ​ទីនោះ​មាន​ប្រជាជន​រស់នៅ​ប្រមាណ ១៤.០០០ នាក់។ តំបន់ Belgorod ដែល​នៅ​ជាប់គ្នា​នោះ​ក៏​បញ្ជាក់​ផងដែរ​ថា​ខ្លួន​កំពុង​ជម្លៀស​ប្រជាជន​ចេញ​ពី​ស្រុក Krasnoyaruzhsky ដែល​នៅ​ជាប់​ព្រំដែន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG