ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីក្រសួងការពារប្រទេសរុស្ស៊ីមកចុះផ្សាយថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដ្រូនរបស់អ៊ុយក្រែនមួយគ្រឿងនៅថ្ងៃចន្ទនេះ ដោយកម្ទេចបាក់បែករបស់ដ្រូននោះបានសម្លាប់មនុស្ស ៣ នាក់នៅពេលដែលវាបានធ្លាក់នៅលើមូលដ្ឋានយោធាមួយកន្លែង នៅក្នុងតំបន់ភាគខាងត្បូងប្រទេសរុស្ស៊ី។
ក្រសួងការពារប្រទេសរុស្ស៊ីបានប្រាប់ឱ្យដឹងទៀតថា យន្តហោះគ្មានមនុស្សបើកនោះ បានហោះក្នុងកម្ពស់ទាបនៅព្រឹកថ្ងៃចន្ទនេះ នៅពេលដែលវាបានហោះនៅជិតវាលយន្តហោះរបស់យោធា Engels នៅក្នុងតំបន់ Saratov នៃប្រទេសរុស្ស៊ី ហើយថាមនុស្ស ៣ នាក់ ដែលស្លាប់នោះជាទាហានរុស្ស៊ី ដែលស្ថិតនៅវាលយន្តហោះនោះ។
មូលដ្ឋានយោធានោះស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន ជាទីកន្លែងដែលកងទ័ពរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈ។
រុស្ស៊ីបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទីតាំងកងទ័ពដដែលនោះដែរ កាលពីថ្ងៃទី ៥ ខែធ្នូ។
មានព័ត៌មានមួយទៀតថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណកាលពីថ្ងៃអាទិត្យម្សិលមិញដល់អ្នកទាំងឡាយ ដែល «កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើឱ្យយើងអាចនៅរស់រានបាន» ដែលលោកថ្លែងនេះ នៅពេលដែលលោកប្រធានាធិបតីបានផ្តល់ការជូនពរក្នុងឱកាសបុណ្យណូអែល (Christmas) កាលពីថ្ងៃអាទិត្យ នៅក្នុងសុន្ទរកថានៅពេលយប់របស់លោកតាមវីដេអូ។
ក្នុងចំណោមអ្នកដែលលោកប្រធានាធិបតីបានថ្លែងអំណរគុណមានបុគ្គលិកយោធាដែលកំពុងប្រយុទ្ធនៅសមរភូមិមុខ និងកំពុងព្យាយាមរុញចូលទៅខាងក្នុង កម្មករជួសជុល កម្មកររោងចក្រ អ្នកស្ម័គ្រចិត្ត គិលាននុបដ្ឋាកនិងបុគ្គលិកសុខាភិបាលទាំងអស់ បុគ្គលិកអប់រំនិងអ្នកឯកទេស IT និងជនទាំងឡាយដែលកំពុងជួយអ៊ុយក្រែនឱ្យនៅរឹងប៉ឹង។
លោកប្រធានាធិបតី Zelenskyy ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយការពិត និងមេដឹកនាំពិភពលោកនិងពលរដ្ឋនានា នៅក្នុងពិភពលោកដែលបានគាំទ្រអ៊ុយក្រែន។
ដោយឡែក ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់ទូរទស្សន៍រដ្ឋមួយរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីចរចាជាមួយភាគីទាំងអស់ ដែលបានទាក់ទិននៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែគឺថា រដ្ឋាភិបាលក្រុងកៀវនិងពួកអ្នកគាំទ្រលោកខាងលិចបានបដិសេធពុំព្រមធ្វើការចរចា។
រដ្ឋាភិបាលវិមានក្រឹមឡាំងដែលបានឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ បាននិយាយថា ខ្លួននឹងប្រយុទ្ធរហូតទាល់តែគោលបំណងរបស់ខ្លួនបានសម្រេច ជោគជ័យ ខណៈដែលរដ្ឋាភិបាលក្រុងកៀវនិយាយថា ខ្លួននឹងមិនឈប់ការប្រយុទ្ធទេរហូតទាល់តែទាហានរុស្ស៊ីទាំងអស់បានចាកចេញពីទឹកដីអ៊ុយក្រែន រួមទាំងពីតំបន់ Crimea ដែលរុស្ស៊ីបានចូលកាន់កាប់ខុសច្បាប់កាលពីឆ្នាំ ២០១៤ មក៕