រដ្ឋបាលយោធារបស់ប្រទេសអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា រដ្ឋធានីកៀវបានរងការវាយប្រហារដោយសារដ្រូនរបស់ប្រទេសរុស្ស៊ី។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវសារជាថ្មីឱ្យសម្ព័ន្ធមិត្តជួយបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែននៅក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
កងទ័ពអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនប្រភេទ Shahed ធ្វើនៅអ៊ីរ៉ង់ចំនួន ៩ គ្រឿងនៅថ្ងៃចន្ទនេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលយោធាអ៊ុយក្រែននៅក្នុងសារតាម Telegram។
ប្រទេសរុស្ស៊ីបានប្រើដ្រូនម្ដងហើយម្ដងទៀតដើម្បីវាយប្រហាររដ្ឋធានីកៀវនិងទីក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែន។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូកាលពីយប់ថ្ងៃអាទិត្យថា ការការពារដែនអាកាសគឺជា «អាទិភាពជានិច្ច» សម្រាប់រដ្ឋបាលរបស់លោក។
អ្នកស្រី Oksana Markarova ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងកម្មវិធី «This Week» របស់ទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យថា៖ «យើងមើលឃើញអ្វីដែលបានកើតឡើងនៅពេលដែលយើងមិនមានការការពារដែនអាកាសគ្រប់គ្រាន់»។
អ្នកស្រី Markorova បាននិយាយថា បណ្ដាញថាមពលអ៊ុយក្រែនពាក់កណ្ដាលត្រូវបានបំផ្លាញដោយមីស៊ីលរបស់រុស្ស៊ី។ អ្នកស្រីថ្លែងដូច្នេះថា៖ «យើងត្រូវតែបញ្ឈប់វា។ ហើយវិធីតែមួយគត់ដើម្បីធ្វើដូច្នេះបានគឺតាមរយៈការបង្កើនការការពារដែនអាកាសនៅគ្រប់កន្លែងទាំងអស់ក្នុងប្រទេសអ៊ុយក្រែន»។
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេមានផែនការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែនដើម្បីជួយបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីដែលបាញ់ចូលមក ប៉ុន្តែមិនទាន់មានការប្រកាសផ្លូវការណាមួយនៅឡើយទេ។
រុស្ស៊ីបានថ្កោលទោសផែនការដែលគេរំពឹងទុករបស់សហរដ្ឋអាមេរិកនេះ និងបានហៅផែនការនេះថាជាការបង្កហេតុដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការពាក់ព័ន្ធកាន់តែខ្លាំងឡើងនៅក្នុងសង្គ្រាមនេះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។