កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន២៩គ្រឿង និងមីស៊ីល cruise មួយដើម ដែលរុស្ស៊ីប្រើប្រាស់ ដើម្បីវាយប្រហារលើតំបន់នានាក្នុងប្រទេសអ៊ុយក្រែនកាលពីយប់មិញ។
យោធាអ៊ុយក្រែននិយាយថា ការវាយប្រហារដ្រូនភាគច្រើនបំផុត គឺសម្តៅលើតំបន់ Mykolaiv ក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង និងតំបន់ Dnipropetrovsk នៅភាគកណ្តាលអ៊ុយក្រែន។
អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak និយាយថា កម្ទេចបាក់បែកនៃយន្តហោះដ្រូនដែលស្ទាក់ចាប់បាននោះ បានធ្លាក់ធ្វើឱ្យខូចខាតទីតាំងឧស្សាហកម្មមួយ នៅក្នុងទីក្រុង Pavlohrad និងធ្វើឱ្យភ្លើងឆេះក្រុមហ៊ុនឯកជនមួយក្នុងទីក្រុង Dnipro។
ការវាយប្រហារនោះកើតមានឡើង ក្រោយពីមានការសន្យាបន្តការគាំទ្ររបស់សហភាពអឺរ៉ុប ក្នុងពេលដែលក្រុមរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ បានជួបប្រជុំគ្នាក្នុងក្រុងកៀវកាលពីថ្ងៃចន្ទម្សិលមិញ។
ជំនួយប្រទេសលោកខាងលិចដល់ប្រទេសអ៊ុយក្រែន បានរងសម្ពាធនយោបាយ ក្រោយបេក្ខជនគាំទ្ររុស្ស៊ីម្នាក់បានជាប់ឆ្នោតក្នុងប្រទេសស្លូវ៉ាគី ដែលជាសមាជិករបស់សហភាពអឺរ៉ុបនិងអង្គការអូតង់ ហើយសភាអាមេរិកបានដកចេញជំនួយដល់អ៊ុយក្រែន នៅក្នុងច្បាប់ចំណាយថវិកាបណ្តោះអាសន្នរបស់ខ្លួន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបក្នុងអំឡុងកិច្ចប្រជុំថា អ៊ុយក្រែនបន្តការពារប្រជាជននិងសេដ្ឋកិច្ចរបស់ខ្លួន ពីការវាយប្រហារបន្តរបស់រុស្ស៊ី ហើយថា ការវាយបកប្រឆាំងនឹងរុស្ស៊ីដើម្បីរំដោះយកមកវិញនូវទឹកដីដែលត្រូវបានកាន់កាប់ដោយរុស្ស៊ីនោះ កំពុងវិវត្តទៅមុខល្អ។ លោកក៏បានរំឭកដល់ថ្នាក់ដឹកនាំសហភាពអឺរ៉ុបថា អ៊ុយក្រែនត្រូវការជំនួយថវិកា អាវុធ និងការបណ្តុះបណ្តាលយោធាបន្ថែមទៀត ដើម្បីសម្រេចបានតាមគោលបំណងរបស់ខ្លួន។ លោកក៏បានជំរុញដល់សហភាពអឺរ៉ុបឱ្យបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីឱ្យបានកាន់តែខ្លាំងថែមទៀត។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងជួយដល់អ៊ុយក្រែនក្នុងការត្រៀមខ្លួនសម្រាប់រដូវរងាក្នុងពេលខាងមុខ ដែលរួមមានការជួយតាមរយៈការការពារដែនអាកាស និងការធានាពីការផ្គត់ផ្គង់ថាមពលផងដែរ ក្រោយពីរុស្ស៊ីបានទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនជាច្រើនកន្លែងកាលពីឆ្នាំមុនមក៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។