ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២០:២៤ ១០.៣.២០២២

កងទ័ពរុស្ស៊ី ចូលជិត​រដ្ឋធានី​កៀវ បន្ទាប់ពី​ការវាយ​ប្រហារ​លើ​មន្ទីរពេទ្យ​កុមារ​មួយ​កន្លែង​ដែល​បណ្តាល​ឲ្យ​មាន​ការខឹង​សម្បា​ជាខ្លាំង

កងទ័ព​រុស្ស៊ី បាន​រុល​ចូល​កាន់តែជិត​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈពេល​ដែល​មេដឹកនាំ​អន្តរជាតិ​និង​អ៊ុយក្រែន បាន​ចោទ​ប្រកាន់រុស្ស៊ីពី​ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​ទៅ​លើ​មន្ទីរពេទ្យ​កុមារ​មួយ​កន្លែង​នៅ​ទីក្រុង Mariupol ដែលស្ថិត​ក្នុង​ការឡោមព័ទ្ធ​នោះ។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ស្របពេល​ដែលអំពើហិង្សា​នៅ​កំពុង​បន្តកើត​មាននោះ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ស្ថិត​ក្នុង​ប្រទេស​តួកគី​ដើម្បី​ចរចា​កម្រិត​ខ្ពស់​បំផុត​មួយចាប់តាំង​ពីសង្គ្រាម​កើត​ឡើង​មក ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​ក្តី​សង្ឃឹមដើម្បី​ទម្លាយភាព​ទាល់ច្រក​ណា​ដែល​កើតចេញពី​ការចរចានោះ មាន​សង្ឃឹម​តិចតួច​នៅ​ឡើយ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​និយាយ​ថា ជន​ស៊ីវិល​ប្រមាណ ៣ម៉ឺន ៥ពាន់នាក់ បាន​រត់​គេចចេញពីទីក្រុង​នានា​នៅក្រោម​ការវាយ​ប្រហារ​របស់​កងទ័ព​រុស្ស៊ីកាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​អភិបាល​ក្រុង Mariupol និយាយ​ថា ការបាញ់​ផ្តក់​ឥត​ឈប់ឈរ បាន​សម្លាប់ជនស៊ីវិល​ជាង១២០០នាក់​ក្នុង​រយៈពេល៩ ថ្ងៃ​នៃ​ការឡោមព័ទ្ធពីសំណាក់​កង​កម្លាំងរុស្ស៊ី​ជុំវិញ​ទីក្រុង​នេះ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

០៤:០៨ ១០.៣.២០២២

អនុ​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើ​ដំណើរ​ទៅ​ប៉ូឡូញ​និង​រ៉ូម៉ានី​ដើម្បីផ្តោតលើ​វិធានការ​បន្ទាប់​ប្រឆាំង​នឹង​រុស្ស៊ី

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ស្រី Kamala Harris នឹង​សហការ​ជាមួយ​ប្រទេសប៉ូឡូញ​និង​រ៉ូម៉ានី​អំពី​វិធានការ​បន្ទាប់​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ​ហើយ​នឹង​បញ្ជាក់​ប្រាប់​ប្រទេស​ទាំង​នេះ​ឡើង​វិញ​ពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​របស់​លោកស្រី​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​ទាំង២​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​ទាំង​ពីរនេះ មាន​ការ​ព្រួយ​កង្វល់​កាន់តែ​ខ្លាំង​ឡើង​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ ​ហើយ​ប្រទេស​ទាំង២នេះ​ក៏​ជា​សមាជិក​នៅ​ផ្នែក​ខាង​កើត​បំផុត​របស់​អង្គការ​អូតង់​ដែរ និង​មានព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន ជា​ទីកន្លែង​ដែល​ជនភៀសខ្លួន​រាប់​ពាក់នាក់ កំពុង​ភៀស​ខ្លួនចេញ។

លោក​ស្រី Harris នឹង​ផ្តោត​លើ​មធ្យោបាយ​នានា​ដែលសមាជិក​របស់​អង្គការ​អូតង់ អាច​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឱ្យ​មាន​ប្រសិទ្ធភាព​និង​ថា​ តើ​ពួកគេ​អាច​នៅ​យល់​ស្រប​គ្នា​និងធ្វើ​ឱ្យ​ជឿនលឿន​ទៅមុខ​យ៉ាង​ដូចម្តេច។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​ម្នាក់។

មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ បាន​និយាយ​ទៀត​ថា លោកស្រី​អនុ​ប្រធានាធិបតី​អាមេរិក ក៏​នឹង​ពិភាក្សា​បញ្ហា​នានា​នៅ​ក្នុង​រដ្ឋធានី​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ដែល​ក៏​កំពុង​ទស្សនកិច្ច​តំបន់​នោះ​ដែរ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

០៣:៤២ ១០.៣.២០២២

សហភាព​អឺរ៉ុប​យល់ព្រម​ពង្រីក​ការដាក់​ទណ្ឌកម្ម​លើ​ពួក​មន្ត្រី​និង​ពួក​អភិជន​រុស្ស៊ី

សហភាព​អឺរ៉ុប បាន​យល់ព្រម​ពង្រីក​ការដាក់​ទណ្ឌកម្ម​ជុំ​ទី៣​របស់​ខ្លួន​ដោយ​ភាគ​ច្រើន​សំដៅ​លើ​ពួក​អភិជន​និង​មន្ត្រី​រុស្ស៊ី​ដែល​ជិតស្និទ្ធនឹង​ប្រធានាធិបតី Vladimir Putin ដោយសារ​ការ​ឈ្លានពាន​ដែល​មិន​មាន​ការ​បង្កហេតុ​ជាមុន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​រាយការណ៍​របស់វិទ្យុ RFE/RL។

ក្រុម​ប្រឹក្សា​អឺរ៉ុប​ដែល​មាន​ប្រទេស​បារាំង​ជា​ប្រធាន បាន​បញ្ជាក់​នៅ​ក្នុង​សារ​តាម Twitter ជា​បន្ត​បន្ទាប់កាលពី​ថ្ងៃ​ទី៩ ខែ​មីនា​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី បាន​បន្ថែមលើ​ពួក​មេដឹកនាំ​និង​អភិជន​រុស្ស៊ី​ក៏​ដូច​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​បាន​ជាប់ទាក់ទិនក្នុង​ការឈ្លានពាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន។

ការដាក់​ទណ្ឌកម្មជុំ​ទី៣​ ​លើ​ប្រទេស​រុស្ស៊ី​នេះ ជា​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ដ៏​ធំ​បំផុតដែល​បាន​ព្រមព្រៀង​គ្នា​ចាប់តាំង​ពី​រុស្ស៊ី​ចាប់ផ្តើម​ការឈ្លានពាន​កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​មក ដែល​រួម​មាន​ទាំង​ការបង្កក​ទ្រព្យសម្បត្តិ​ធនាគារ​កណ្តាល​រុស្ស៊ី​នៅ​ក្នុង​សហភាព​អឺរ៉ុប​ និង​ការហាម​ឃាត់​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​នៅ​ក្នុង​សហភាព​អឺរ៉ុប​ផង៕

០២:២៦ ១០.៣.២០២២

ក្រុមហ៊ុន​អាមេរិក​ល្បីៗ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បស្ចិមប្រទេស​ចាកចេញ​ពី​រុស្ស៊ី​ដោយ​សារ​ការ​ឈ្លានពាន​លើអ៊ុយក្រែន

ក្រុមហ៊ុន​ម្ហូប​អាហារ​និងភេសជ្ជៈ​ល្បីៗ​របស់​សហរដ្ឋ​អាមេរិក បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បស្ចិមប្រទេស​កាន់តែ​ច្រើន​ឡើង​ ដែល​បាន​បិទ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ឬ​ចាកចេញ​ពី​ប្រទេស​នេះ​តែ​ម្តង ដោយ​សារ​ការឈ្លានពាន​របស់រុស្ស៊ី​លើអ៊ុយក្រែន​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

McDonaldដែល​ជា​មហា​ក្រុមហ៊ុន​លក់​ម្ហូប​អាហារ​ឆ្អិន​ស្រាប់​ដែល​បាន​បើក​មុន​ដំបូង​នៅ​ក្នុង​ទីលាន​ Pushkin Square នៅ​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​កំពុងបិទ​ភោជនីយដ្ឋាន​ទាំង​អស់​ចំនួន​៨៥០​កន្លែង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ខណៈដែល​បន្ត​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់​ចំនួន​៦ម៉ឺន​២ពាន់​នាក់។

ការ​សម្រេច​នេះ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន McDonald ខាត​បង់​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ ដោយសារ​តែក្រុមហ៊ុន​នេះ ​កាន់កាប់​ភោជនីយដ្ឋាន​ដោយ​ផ្ទាល់​ចំនួន​៨៤​ភាគរយ​នៅ​ប្រទេស​រុស្ស៊ី​ដែល​ខុស​ពី​គំរូ​អាជីវកម្ម​ទូទៅ​របស់ក្រុមហ៊ុន McDonald ដែល​ផ្ទេរសិទ្ធ​ធ្វើ​អាជីវកម្ម​ទៅឲ្យ​ក្រុមហ៊ុន​ដែល​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​ខ្លួន។ ក៏ប៉ុន្តែ ប្រធានប្រតិបត្តិ​របស់​ក្រុមហ៊ុន​នោះ​គឺ​លោក Chris Kempczinski បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​បុគ្គលិក​របស់​ក្រុមហ៊ុន McDonald ថា៖ «យើង មិន​អាច​ព្រងើយ​កន្តើយ​បាន​ទេ ​ចំពោះ​ការឈឺចាប់​ដែល​មិន​គួរ​កើត​មាននៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

អាន​ព័ត៌មាន​លម្អិ​ត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG