- ដោយ Carla Babb
រុស្ស៊ីប្រកាសការឈប់បាញ់គ្នាជាថ្មីដើម្បីជម្លៀសមនុស្ស ចេញទីក្រុងអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធ
រុស្ស៊ី បានប្រកាសផែនការឈប់បាញ់គ្នាជាថ្មីនៅថ្ងៃពុធនេះ ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលចាកចេញពីតំបន់ជាច្រើនរបស់អ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី គឺមួយថ្ងៃបន្ទាប់ពីមនុស្សរាប់ពាន់នាក់ អាចចាកចេញពីទីក្រុងមួយនៅភាគឦសាន្តអ៊ុយក្រែន ខណៈដែលក្រុមមន្ត្រីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីពីការបាញ់ផ្តក់ទៅលើផ្លូវជម្លៀសមនុស្សមួយទៀតនៅក្នុងផ្នែកខាងត្បូងនៃប្រទេសនេះ។
រុស្ស៊ី បាននិយាយថា ការឈប់បាញ់គ្នានៅថ្ងៃពុធនេះ នឹងអនុញ្ញាតឲ្យមនុស្សចាកចេញពីទីក្រុងកៀវ Chernihiv, Sumy, Kharkiv និងទីក្រុង Mariupol។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បាននិយាយថា មនុស្ស៥ពាន់នាក់ បានត្រូវជម្លៀសចេញពីទីក្រុង Sumy កាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យកាកបាទក្រហមលោក Ewan Watson បាននិយាយថា៖ «ស្ថានភាពនៅក្នុងទីក្រុង Mariupol ស្ថិតនៅក្នុងវិនាសកម្មមួយ»។
នៅពេលវីអូអេសួរអំពីការបាញ់ផ្តក់របស់រុស្ស៊ីទៅលើផ្លូវរបៀងមនុស្សធម៌នោះ មន្ត្រីជាន់ខ្ពស់ការពារប្រទេសអាមេរិកម្នាក់ បានប្រាប់ពួកអ្នកយកព័ត៌មាននៅថ្ងៃអង្គារម្សិលមិញថា វា«គ្មានភាពពិតប្រាកដ»ដែលរុស្ស៊ីប្រកាសផ្លូវរបៀងមនុស្សធម៌ចូលក្នុងតំបន់ភាគខាងជើងបេឡារុសឬរុស្ស៊ីនោះឡើយ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ Anita Powell
សហរដ្ឋអាមេរិកហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានសម្រេចហាមឃាត់រាល់ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នរុស្ស៊ី ដែលជាវិធានការលោកថា «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនធ្វើសង្គ្រាមរបស់លោក Putin» ខណៈកងទ័ពរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន។
ជំហានថ្មីនេះ ដែលត្រូវបានបង្ហាញនៅក្នុងបទបញ្ជាប្រធានាធិបតី ជាវិធានការចុងក្រោយដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីគាបសង្កត់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ លោក Putin ជាបុគ្គលដ៏មានទ្រព្យស្តុកស្តម្ភបំផុតមួយរូបលើពិភពលោក ដែលត្រូវអ្នករិះគន់ថាលោកប្រមូលទ្រព្យទាំងនោះដោយទុច្ចរិតពីប្រទេសជាតិដែលនាំប្រេងចេញរបស់លោក។ នៅក្រោមបទបញ្ជាថ្មីនេះ សហរដ្ឋអាមេរិកក៏ហាមឃាត់រាល់ការនាំចូលប្រេងឆៅ ផលិតផលប្រេង ឧស្ម័នធម្មជាតិ ធ្យូងថ្មនិងផលិតផលធ្យូងធ្ម ក៏ដូចជាហាមឃាត់ពលរដ្ឋអាមេរិកមិនឱ្យវិនិយោគក្នុងវិស័យថាមពលរុស្ស៊ីផងដែរ។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបាននាំចូលប្រេងឆៅនិងផលិតផលប្រេងចម្រាញ់រួចជិត៧០០.០០០បារ៉ែលក្នុងមួយថ្ងៃពីរុស្ស៊ី ដែលចំនួននេះតិចខ្លាំងជាងបរិមាណប្រមាណដែលអឺរ៉ុបនាំចូលពីរុស្ស៊ី ប្រមាណ ៤,៥លានបារ៉ែលក្នុងមួយថ្ងៃ។
លោក Biden ថ្លែងថា៖ «យើងសម្រេចចាប់ផ្តើមដាក់ការហាមឃាត់នេះ ដោយយល់ច្បាស់ថា សម្ពន្ធមិត្តអឺរ៉ុបរបស់យើងជាច្រើនប្រហែលជាមិនមានលទ្ធភាពចូលរួមជាមួយយើងបានទេ។ សហរដ្ឋអាមេរិកផលិតប្រេងក្នុងស្រុកច្រើនជាងប្រទេសអឺរ៉ុបទាំងអស់បញ្ចូលគ្នា។ ជាការពិត យើងជាអ្នកនាំចេញថាមពល។ ដូច្នេះយើងអាចចាត់វិធានការនេះ ខណៈអ្នកដទៃមិនអាចធ្វើបាន»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ AP
អូតង់៖ កងកម្លាំងរុស្ស៊ីប្រហែលជាមានចេតនាយកជនស៊ីវិលជាគោលដៅវាយប្រហារ
អគ្គលេខធិកាអង្គការអូតង់លោក Jens Stoltenberg បានថ្លែងថា កងកម្លាំងរុស្ស៊ីប្រហែលជាវាយប្រហារលើជនស៊ីវិលដោយចេតនា ខណៈជនស៊ីវិលទាំងនោះព្យាយាមរត់ភៀសខ្លួនពីការវាយប្រហារដោយយោធារុស្ស៊ីនៅអ៊ុយក្រែន។
លោក Stoltenberg បានថ្លែងនៅថ្ងៃអង្គារថា៖ «មានសេចក្តីរាយការណ៍ដ៏គួរឲ្យជឿទុកចិត្តបានស្តីអំពីជនស៊ីវិលដែលរងការបាញ់ប្រហារ នៅពេលពួកគេព្យាយាមរត់គេចខ្លួន។ ការបាញ់ប្រហារលើជនស៊ីវិលគឺជាឧក្រិដ្ឋកម្មសង្គ្រាម ហើយវារឿងដែលមិនអាចទទួលយកបានជាដាច់ខាត»។
អគ្គលេខាធិការអង្គការអូតង់រូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រទេសឡេតូនីថា សង្គ្រាមដែលមានរយៈពេលជាងពីរសប្តាហ៍នៅក្នុងប្រទេសអ៊ុយក្រែន បង្កជាផលប៉ះពាល់មនុស្សធម៌ «ដ៏ធ្ងន់ធ្ងរ»។
លោកថ្លែងថា៖ «យើងចាំបាច់ត្រូវមានច្រកភៀសខ្លួនមនុស្សធម៌ដែល[ភាគីទាំងអស់] ត្រូវតែគោរពតាមឲ្យបានពេញលេញ»។
នៅពេលត្រូវបានសួរថាតើអង្គការអូតង់អាចធ្វើអ្វីបានដើម្បីជួយដល់បញ្ហានេះ លោក Stoltenberg បានថ្លែងថា៖ «យើងមានការទទួលខុសត្រូវដើម្បីធានាថា ជម្លោះនេះមិនរីករាលដាលហួសពីព្រំដែនអ៊ុយក្រែនឡើយ»។
បច្ចុប្បន្ននេះ អង្គការអូតង់កំពុងបង្កើនកម្លាំងយោធារបស់ខ្លួនដើម្បីធានាថាប្រទេសជាសមាជិកអូតង់ដែលនៅក្បែរប្រទេសរុស្ស៊ី និងអ៊ុយក្រែន មិនក្លាយជាគោលដៅវាយប្រហារបន្ទាប់របស់រុស្ស៊ី៕
- ដោយ AP
អង្គការសហប្រជាជាតិ៖ ជនស៊ីវិល ៤៧៤ នាក់ស្លាប់នៅអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅថ្ងៃអង្គារថា ជនស៊ីវិល ៤៧៤ នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។ ការិយាល័យនេះបានឲ្យដឹងទៀតថា ជនស៊ីវិលចំនួនប្រមាណ ៨៦១ នាក់ បានរងរបួស។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះប្រើប្រាស់វិធីសាស្ត្រហ្មត់ចត់ ហើយរាយការណ៍តែករណីស្លាប់និងរងរបួសដែលខ្លួនអាចបញ្ជាក់បានតែប៉ុណ្ណោះ។ អង្គការសហប្រជាជាតិក៏បានទទួលស្គាល់ថា ចំនួនពិតប្រាកដអាចច្រើនជាងនេះ ដែលមួយផ្នែកគឺដោយសារតែការវាយប្រហារទ្រង់ទ្រាយធំនៅអ៊ុយក្រែនបានពន្យារពេល ដែលខ្លួនអាចទទួលបានព័ត៌មានជាក់លាក់ ហើយសេចក្តីរាយការណ៍ជាច្រើនកំពុងត្រូវបានផ្ទៀងផ្ទាត់នៅឡើយ៕