ខណៈជនជាតិអ៊ុយក្រែនកំពុងសម្រុកចេញពីប្រទេស មានសេចក្តីរាយការណ៍ពីការរើសអ៊ើងលើជនជាតិអាហ្រ្វិកផងដែរ
ក្រុមអ្នកធ្វើការនិងនិស្សិតអាហ្វ្រិកដែលព្យាយាមរត់គេចចេញពីប្រទេសអ៊ុយក្រែន ដោយសារតែការឈ្លានពានរបស់រុស្ស៊ីនោះ បានត្អូញត្អែរថា ខ្លួនត្រូវបានគេរារាំងមិនឲ្យជិះរថយន្តដឹកអ្នកដំណើរ រថភ្លើងនិងឆ្លងកាត់ព្រំដែនដោយទុកអាទិភាពទៅឲ្យពលរដ្ឋអ៊ុយក្រែន។
មន្ត្រីអាមេរិកាំងមួយរូប បានប្រាប់វីអូអេថា សហរដ្ឋអាមេរិក បានដឹងពីបញ្ហានេះ។ មន្ត្រីរូបនោះ និយាយទៀតថា «នេះជាក្តីបារម្ភមួយដ៏ធំមួយ» ប៉ុន្តែជនជាតិនីហ្សេរីយ៉ាជាច្រើននាក់កាលពីថ្ងៃអង្គារកន្លងទៅ បានចាកចេញពីប្រទេសអ៊ុយក្រែន។
អាជ្ញាធរអ៊ុយក្រែន បានផ្តល់អាទិភាពដល់ស្រ្តីនិងកុមារអ៊ុយក្រែនដែលព្យាយាមចាកចេញពីប្រទេសរបស់ខ្លួន ប៉ុន្តែ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើពលរដ្ឋអាហ្វ្រិកត្រូវបានគេរារាំងក្នុងកម្រិតណា ដែលខុសពីជនបរទេសដទៃទៀតនោះ។ ពួកបុរសអ៊ុយក្រែនដែលមានអាយុអាចធ្វើសង្គ្រាមបាន មិនត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីប្រទេសទេ។
ទោះជាយ៉ាងណាក៏ដោយ ក៏ជនជាតិអាហ្វ្រិកមួយចំនួន ដែលស្ថិតក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ដែលព្យាយាមចាកចេញពីអ៊ុយក្រែននោះ បានចោទប្រកាន់ថា មានការប្រកាន់ពូជសាសន៍ដែលបណ្តាលឲ្យមានការបដិសេធពីអាជ្ញាធរអ៊ុយក្រែននិងការបារម្ភពីសហរដ្ឋអាមេរិកនិងអង្គការអន្តរជាតិនានា។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ Steve Herman
អ៊ុយក្រែននឹងទទួលបានជំនួយយោធានិងមនុស្សធម៌កាន់តែច្រើនឡើងពីសហរដ្ឋអាមេរិក
កងទ័ពរុស្ស៊ីបានបាញ់ផ្តក់លើទីក្រុងនានានៅភាគខាងជើងនិងខាងត្បូងប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ នៅពេលដែលមន្ត្រីអ៊ុយក្រែន បានព្រមានថា រុស្ស៊ីអាចខិតកាន់តែជិតទៅនឹងការវាយសង្គ្រប់យករដ្ឋធានីកៀវ ដោយយោធារុស្ស៊ីបានប្រកាសពីផែនការដែលមិនទាន់ត្រូវបានអនុវត្តក្នុងពេលចុងក្រោយនេះ ដើម្បីបង្កើតតំបន់ច្រករបៀងសម្រាប់ជនស៊ីវិលដែលជាប់នៅក្នុងការឈ្លានពានរបស់ខ្លួន។
នាយអគ្គសេនាធិការកងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា កងទ័ពរុស្ស៊ីបានផ្តោតលើការឡោមព័ទ្ធទីក្រុងកៀវ Kharkiv ទីក្រុង Chernihiv ទីក្រុង Sumy និងទីក្រុង Mykolayiv។ សេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះ បានចោទប្រកាន់រុស្ស៊ីពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដោយការបាញ់ផ្តក់លើជនស៊ីវិល និងការបង្កើតវិបត្តិមនុស្សធម៌នៅក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់។
មួយថ្ងៃបន្ទាប់ពីសមាជិកសភាជាច្រើនរបស់សហរដ្ឋអាមេរិក បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនមក សមាជិកសភាអាមេរិកបានសន្យាផ្តល់ជំនួយយោធាបន្ថែមដល់រដ្ឋាភិបាលក្រុងកៀវ នៅពេលដែលរដ្ឋាភិបាលអ៊ុយក្រែន កំពុងបន្តវាយប្រយុទ្ធដើម្បីការរស់រានមានជីវិតរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។
រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើប្រាក់ចំនួន១០ពាន់លានដុល្លារជាជំនួយមនុស្សធម៌ យោធា និងសេដ្ឋកិច្ចសម្រាប់ប្រទេសអ៊ុយក្រែន។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ Reuters
នាយករដ្ឋមន្ត្រី Bennett ថាអ៊ីស្រាអែលនឹងព្យាយាមសម្រុះសម្រួលក្នុងបញ្ហាអ៊ុយក្រែនទោះបីមានសង្ឃឹមតិច
អ៊ីស្រាអែលនឹងបន្តព្យាយាមសម្រុះសម្រួលរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន ថ្វីបើភាពជោគជ័យទំនងនឹងមិនកើតមានក្តី។ នេះបើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett កាលពីថ្ងៃអាទិត្យ ក្រោយពីលោកទើបត្រឡប់មកពីការជួបប្រជុំដ៏គួរឱ្យភ្ញាក់ផ្អើលមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងត្រូវរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសអ៊ុយក្រែនបានស្នើឱ្យអ៊ីស្រាអែលធ្វើជាអន្តរការី ដោយសារអ៊ីស្រាអែលមានទំនាក់ទំនងល្អ ទាំងជាមួយរដ្ឋាភិបាលក្រុងកៀវ និងរដ្ឋាភិបាលក្រុងមូស្គូ។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Bennett និយាយថា លោក Bennett បាននិយាយចំនួន៣ដង ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីចុងសប្តាហ៍កន្លងទៅ៕
មនុស្សរាប់ពាន់នាក់ត្រូវបានឃាត់ខ្លួននៅឯបាតុកម្មប្រឆាំងសង្គ្រាមនៅរុស្ស៊ី
មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មតាមទីក្រុងជាច្រើននៅទូទាំងប្រទេសរុស្ស៊ី ប្រឆាំងនឹងសង្គ្រាមដែលគ្មានការបង្កហេតុរបស់លោកប្រធានាធិបតី Vladimir Putin នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃអាទិត្យរបស់ក្រសួងមហាផ្ទៃរុស្ស៊ី និងក្រុមឯករាជ្យមួយដែលឃ្លាំមើលបាតុកម្មនេះ។
ក្រុមឃ្លាំមើលឈ្មោះ OVD-Info និយាយថា មានមនុស្ស ៣.៨៩៥នាក់ត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលបាតុកម្មនៅតាមទីក្រុងចំនួន៥៣។ ក្រុមនេះបន្ថែមថា ការិយាល័យប៉ូលិសប្រហែលមានមនុស្សដែលត្រូវឃាត់ខ្លួនច្រើនជាងចំនួនក្នុងបញ្ជីដែលត្រូវបានផ្សាយជាផ្លូវការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអ្នកស្រី Irina Volk និយាយថា មនុស្ស១.៧០០នាក់ត្រូវបានឃាត់ខ្លួននៅទីក្រុងមូស្គូ ហើយ៧៥០នាក់ត្រូវបានឃាត់ខ្លួននៅទីក្រុង St. Petersburg។ បើតាមទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី អ្នកស្រី Volk បញ្ជាក់ថា មនុស្សដែលត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូស្ថិតក្នុងចំណោមមនុស្ស ២.៥០០នាក់ដែលបានចូលរួមនៅក្នុង «ការជូបប្រជុំមិនមានការអនុញ្ញាត»មួយ៕
ព័ត៌មានខ្លះមានប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters។