មេដឹកនាំអង្គការអូតង់ កំពុងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងប៊្រុចសែល ប្រទេសបែលហ្សិក ដើម្បីពិភាក្សាការឆ្លើយតបរយៈពេលខ្លី និងយូរអង្វែងដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនដែលមានរយៈពេលមួយខែហើយនោះ។ ពួកគេមានគម្រោងស្តាប់ការអំពាវនាវដោយផ្ទាល់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីសុំការជួយកាន់តែច្រើនឡើងថែមទៀត។
មុនជំនួបនោះ លោក Zelenskyy បានប្រើសារតាមវីដេអូថ្លែងជាភាសាអង់គ្លេសសុំឲ្យសមាជិកអង្គការអូតង់ផ្តល់ការគាំទ្រដែលមាន «ប្រសិទ្ធិភាព និងគ្មានកំណត់» រួមទាំងអាវុធដល់កងទ័ពអ៊ុយក្រែនផងដែរ។
លោក Zelenskyy ក៏បានអំពាវនាវដល់ពលរដ្ឋនៅជុំវិញពិភពលោកឲ្យធ្វើការតវ៉ាជាសាធារណ: ប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ី។
ក្រៅពីការចរចាជាមួយអង្គការអូតង់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបនៅថ្ងៃព្រហស្បតិ៍នេះជាមួយមេដឹកនាំក្រុមប្រទេស៧ ដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេ ឬ G-7 និងក្រុមប្រឹក្សាអឺរ៉ុប។ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា គោលដៅទាំងមូល គឺស្តាប់ «ដោះស្រាយនិងការសាមគ្គីគ្នាដែលយើងបានឃើញរយៈពេលមួយខែកន្លងមកនេះ នឹងឋិតឋេរយូរអង្វែង»។
លោក Biden មានគម្រោងប្រកាសការដាក់ទណ្ឌកម្មជុំថ្មីដៅលើឥស្សរជននយោបាយ ពួកអភិជន និងអង្គភាពផ្សេងៗទៀតរបស់រុស្ស៊ី។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធម្សិលមិញថា សម្ព័ន្ធមិត្តត្រូវគេរំពឹងថា នឹងប្រកាសការដាក់ពង្រាយកងទ័ពថ្មីចំនួន៤ កងអនុសេនាធំនៅតំបន់ភាគខាងកើតដែលជាសមាជិកអង្គការអូតង់ដែលជាផ្នែកមួយនៃវិធានការការពារបន្ថែមរបស់ខ្លួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក។
លោក Stoltenberg បានថ្លែងទៀតថា អង្គភាពកងទ័ពប្រយុទ្ធនេះ មានគម្រោងដាក់ពង្រាយនៅប្រទេសប៊ុលហ្គារី ហុងហ្គារី រ៉ូម៉ានី និងស្លូវ៉ាគី ដែលធ្វើឲ្យចំនួនកងទ័ពសរុបទាំងអស់របស់អង្គការអូតង់នៅតំបន់អឺរ៉ុបខាងកើតមាន៨អនុសេនាធំ។ កងអនុសេនាធំរបស់អង្គការអូតង់ផ្សេងទៀត បានប្រតិបត្តិការនៅបណ្តារដ្ឋក្នុងតំបន់បាល់ទិក និងប្រទេសប៉ូឡូញ ចាប់តាំងពីឆ្នាំ២០១៧មក។
លោក Stoltenberg បាននិយាយទៀតថា «ខ្ញុំរំពឹងថា ពួកមេដឹកនាំ នឹងព្រមព្រៀងគ្នាដើម្បីពង្រឹងតំបន់ត្រួតត្រាទាំងអស់របស់អង្គការអូតង់ ដោយការបង្កើនកងកម្លាំងនៅផ្នែកខាងកើតរបស់សម្ព័ន្ធមិត្តនៅតាមដីគោក អាកាស និងសមុទ្រ»។ លោកបានថ្លែងទៀតថា ការឈ្លានពានរបស់រុស្ស៊ី កំពុងធ្វើឲ្យមាន«ច្បាប់ថ្មីមួយ»សម្រាប់សន្តិសុខរបស់អង្គការអូតង់។
ប្រធានអង្គការអូតង់ បាននិយាយថា ពួកមេដឹកនាំអង្គការអូតង់ ក៏មានគម្រោងប្រកាសកិច្ចព្រមព្រៀងដើម្បីដោះស្រាយការគំរាមកំហែងអាវុធនុយក្លេអ៊ែរ គីមីនិងអាវុធផ្សេងទៀតពីប្រទេសរុស្ស៊ីផងដែរ៕
អ្នកយកព័ត៌មានផ្នែកសន្តិសុខជាតិរបស់វីអូអេលោក Jeff Seldin និងអ្នកយកព័ត៌មានវីអូអេប្រចាំនៅអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP AFP និង Reuters។