ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសលោក Dominic Raab ក្នុងប្រទេសកម្ពុជានាថ្ងៃពុធនេះត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេសបញ្ជាក់ថា«ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការបញ្ហាប្រឈមជាសាកល» និងដើម្បីជាប្រយោជន៍ មុនពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលចក្រភពអង់គ្លេសបានបញ្ជាក់ថា«ចង់ធ្វើជាដៃគូសន្ទនាអាស៊ាន»។
ប៉ុន្តែដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសក្នុងរាជធានីភ្នំពេញ ស្របពេលដែលមានការចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេង៣នាក់ដាក់ពន្ធនាគារព្រៃស ហើយពួកគេត្រូវបានចោទប្រកាន់ពីបទ«ប្រមាថអង្គព្រះមហាក្សត្រ»និង«រួមគំនិតក្បត់»ដែលអាចជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។ ស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួន រួមមានអាមេរិក ស៊ុយអែត និងអូស្រ្តាលី បានបង្ហាញក្តីព្រួយបារម្ភអំពីការចាប់ខ្លួននេះ។
ដំណើរទស្សនកិច្ចរបស់លោក Dominic Raab ក៏ត្រូវបានអង្គការសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ជំរុញឲ្យលើកឡើងអំពី«វិបត្តិសិទ្ធិមនុស្ស»នៅកម្ពុជា និងជំរុញឲ្យដោះលែងសកម្មជនបរិស្ថាននិងអ្នកនយោបាយបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារផងដែរ។ នេះជាដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសចក្រភពអង់គ្លេស បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសអាមេរិកអ្នកស្រី Wendy Sherman ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាកាលពីដើមខែមិថុនា។
មុនជំនួបនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៣ ខែមិថុនា ដោយសង្កត់ធ្ងន់ពីភាពជាដៃគូសន្ទនាអាស៊ាន នៅពេលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។ សេចក្តីប្រកាសបញ្ជាក់ថា៖ «មកដល់ឆ្នាំនេះ វាមានរយៈពេល៣០ឆ្នាំហើយដែលចក្រភពអង់គ្លេសបានបើកឡើងវិញនូវស្ថានទូតរបស់ខ្លួននៅកម្ពុជា ហើយខ្ញុំមានការចាប់អារម្មណ៍ចំពោះការវិវឌ្ឍដែលកម្ពុជាបានសម្រេចនៅក្នុងវិស័យអប់រំនិងសុខាភិបាល។ ខ្ញុំនឹងកសាងទំនាក់ទំនងដោយឈរលើមូលដ្ឋានទាំងនេះ ដូចដែលកម្ពុជានឹងទទួលតួនាទីដ៏សំខាន់ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ»។
ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបានបង្ហោះសារនៅរសៀលថ្ងៃពុធនេះ ដោយលើកឡើងថាភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអាទិភាពរួមដែលរួមមានពាណិជ្ជកម្ម ភាពប្រសើរឡើងវិញពីស្ថានភាពជំងឺកូវីដ១៩ សិទ្ធិមនុស្ស និងអំពីប្រទេសមីយ៉ាន់ម៉ា។ សារនៅលើហ្វេសប៊ុកបញ្ជាក់ថា៖ «ចក្រភពអង់គ្លេសទន្ទឹងរង់ចាំក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជានាពេលខាងមុខក្នុងអំឡុងពេលប្រទេសកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២»។
VOA មិនអាចសុំការឆ្លើយតបបន្ថែមពីឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា អ្នកស្រី Tina Redshaw តាមរយៈសារអ៊ីមែលនៅថ្ងៃពុធនេះបានទេ។
លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា មិនបានផ្តល់ការអត្ថាធិប្បាយអំពីលទ្ធផលនៃកិច្ចប្រជុំនៅឡើយទេ ដោយឲ្យរង់ចាំសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស ជាទស្សនកិច្ចលើកដំបូង ក្រោយចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបឬហៅថា Brexit។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក Dominic Raab បានជួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ផងដែរដើម្បីពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាមហិច្ឆតារបស់កម្ពុជាក្នុងការចូលរួមកិច្ចប្រជុំកំពូលនៃការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ(COP26)។
ក្រោយជំនួបនេះ ក្រសួងបរិស្ថានបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថាកម្ពុជានិងអង់គ្លេសគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថានដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានាដែលប្រទេសទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លងដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថាលោកបានលុបចោលជំនួបដែលបានព្រាងទុកជាមួយរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស ដោយលោកថាលោកបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ដែលតម្រូវឲ្យលោកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី៣ ខែកក្កដា។
គួរបញ្ជាក់ថាកាលពីចុងឆ្នាំ២០២០ ចក្រភពអង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុបបានប្រកាសថាអង់គ្លេសមិនកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដូចតាមចំណាត់ការរបស់សហភាពអឺរ៉ុបដែលបានសម្រេចកាលពីខែសីហា ឆ្នាំ២០២០ ដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជានោះទេ។ ប៉ុន្តែកន្លងទៅ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាធ្លាប់បានបញ្ជាក់ប្រាប់ VOA ថា ចក្រភពអង់គ្លេសព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនិងសេរីភាពផ្សេងទៀតក្នុងប្រទេសកម្ពុជាហើយនឹងបន្តតាមដានស្ថានការណ៍ទាំងនោះ។
លោកបណ្ឌិតប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា កត់សម្គាល់ថាដំណើរទស្សនកិច្ចនេះ កើតមានក្រោយមានជំនួបនៃកិច្ចប្រជុំក្រុមមេដឹកនាំនៃប្រទេសអ្នកមានG-7 ដែលមានចក្រភពអង់គ្លេសផងដែរ កាលពីថ្ងៃទី១៣ ខែមិថុនា ដែលមានការលើកឡើងអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។ លោកបន្តថាដំណើរទស្សនកិច្ចនេះ ក៏ជាផលប្រយោជន៍សម្រាប់ពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ និងស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ ដែលលោកថា វាអាចជាវិធីមួយក្នុងការ «ទប់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍» ស្របពេលដែលកម្ពុជាទទួលរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីប្រទេសចិន។
លោក ប៉ា ចន្ទរឿន បន្ថែមថានៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ វាអាចជាឱកាសក្នុងការបង្ហាញភាពជាអ្នកដឹកនាំតំបន់។ ប៉ុន្តែវាអាចមានផលជះមកលើកម្ពុជាផងដែរ ដែលមានទំនាក់ទំនងស្និទ្ធខ្លាំងជាមួយប្រទេសចិន។
លោកប្រាប់ VOA ថា៖ «ប៉ុន្តែទន្ទឹមនឹងគ្នាផងដែរ វាក៏អាចជាបន្ទុកសម្រាប់កម្ពុជាផងដែរ នៅពេលដែលស្ថានភាពភូមិសាស្រ្តនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មានភាពស្មុគស្មាញ។ ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាននៅពេលបច្ចុប្បន្ននេះ ហាក់បីដូចជាមានគោលនយោបាយការបរទេសផ្សេងខ្វែងគ្នា»។
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា លោក ប៉ា ចន្ទរឿន លើកឡើងថាតិចឬច្រើន ច្បាស់ជាមានការលើកឡើងអំពីការព្រួយបារម្ភ និងការធ្លាក់ចុះនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលជាគុណតម្លៃរបស់ចក្រភពអង់គ្លេស ដែលតែងតែយកមកប្រើប្រាស់សម្រាប់គោលនយោបាយការបរទេសនិងពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួន៕