ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​​ព្រួយ​បារម្ភ​បន្ថែម​ទៀត​​អំពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្រោយ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣​នាក់


លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)
លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

អ្នក​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ចូលរួម​កិច្ចការ​សង្គម​របស់​ប្រជាពលរដ្ឋ ក្រោយ​មាន​ការចាប់​ខ្លួន​ក្រុម​យុវជន​បរិស្ថាន​៣​នាក់​បន្ថែម​ទៀត​កាល​ពី​សប្តាហ៍​មុន។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា សកម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ៣​នាក់ ដែល​រួមមាន​កញ្ញា ស៊ុន រដ្ឋា អាយុ​២៦​ឆ្នាំ លោក លី ចាន់​ដារ៉ា​វុទ្ធ អាយុ​២២​ឆ្នាំ លោក យីម លាងហ៊ី អាយុ​៣២​ឆ្នាំ ត្រូវ​បានចាប់​ខ្លួន តាម​ដីកា​របស់​តុលា​ការ​រាជធានី​ភ្នំពេញ។ ដីកា​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន ដើម្បី​ឲ្យ​ពួកគេ​មកបង្ហាញ​ខ្លួន​នៅ​នាយក​ដ្ឋាន​សន្តិសុខ​កណ្តាល​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្រោយ​ពី​នាយកដ្ឋាន​នេះ​បាន​បញ្ជូន​របាយ​ការណ៍​មួយ ​ចុះ​ថ្ងៃ​ទី​១២ ខែ​មិថុនា ​ទៅ​តុលាការ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​របស់​ព្រះ​រាជអាជ្ញា​រង លោក សេង ហៀង ដែល​បាន​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​ដើម្បី​សាក​សួរ​ទាក់ទង​នឹង​«អំពើ​បង្ក​អសន្តិសុខ»។

ពី​ដំបូង​ឡើយ ក្រុម​សិទ្ធិមនុស្ស​យល់​ថា​ការ​ចាប់​ខ្លួន​នេះ​ពាក់​ព័ន្ធ​នឹង​ភាព​សកម្ម​របស់​ពួកគេ​ក្នុង​ការ​ចូល​រួម​ការ​ពារ​បរិស្ថាន។ ប៉ុន្តែ​ក្រោយ​មក ប៉ូលិស​បាន​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​នេះ ពាក់​ព័ន្ធ​នឹង​អំពើ​«រួម​គំនិត​ក្បត់​» ដែល​ជា​បទ​ចោទ​មួយ​គេ​ដឹង​ថា​កន្លង​ទៅ​ពាក់​ព័ន្ធ​នឹង​សកម្ម​ជន​របស់​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ។

នៅ​ពេល​សំណុំ​រឿង​នេះ​ត្រូវបញ្ជូន​ទៅ​តុលាការ​កាល​ពី​ចុង​សប្តាហ៍ សារព័ត៌មាន ​Fresh News​ ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថាព្រះ​រាជ​អាជ្ញា​រង ​សេង ហៀង ​បានចោទ​ប្រកាន់​លោក​Alejandro Gonzalez Davidson ដែល​ជា​ស្ថាប​និក​ចលនា​មាតា​ធម្មជាតិ និង​ក្រុម​របស់​លោក គឺ​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់​នោះ ​ពី​បទ​«ប្រមាថ​អង្គ​ព្រះមហា​ក្សត្រ» ​និង«​រួម​គំនិត​ក្បត់»។ បទ​ចោទ«ប្រមាថ​អង្គព្រះ​មហា​ក្សត្រ​»​ អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ។ ចំណែក​បទ​ចោទ​«រួម​គំនិត​ក្បត់» អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ​។

​VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មេធាវី​របស់​សកម្ម​ជន​ទាំង​៣​នាក់ គឺ​លោក សំ សុគង់ បាន​នៅ​ឡើយ​ទេ។

VOA​ ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​អយ្យការ​របស់​តុលាការ​រាជ​ធានី​ភ្នំពេញ លោក ប្លង់ សុផល ​តាម​ប្រព័ន្ធ​Telegram ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ឲ្យ​ដឹង​ថា​ពី​ដំបូង​ឡើយ ប៉ូលិស​បាន​ចាប់​ខ្លួន​កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់​ដារ៉ា​វុទ្ធ និង​សកម្មជន​ម្នាក់​ទៀត​ គឺ​លោក សិដ្ឋ ​ឈីវ​លី​ម៉េង​ នៅ​រាជ​ធានី​ភ្នំពេញ​។ ប៉ុន្តែ​ក្រោយមក​ លោក ​ឈីវ​លីម៉េង ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំឃាំង​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​រយៈ​ពេល​២៤​ម៉ោង ​នៅ​នាយក​ដ្ឋាន​គ្រប់​គ្រង​សន្ដិសុខ​នៃ​ក្រសួង​មហាផ្ទៃ។

អង្គការលីកាដូ​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​នេះ ទំនង​«អាច​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ពួកគេ ​ក្នុង​ការ​ចង​ក្រង​ឯក​សារ​លើ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​បឹង​ទន្លេ​សាប​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ»។

នេះ​ជា​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​បន្ថែម​ទៀត​នៅ​កម្ពុជា។ កាល​ពី​ដើម​ខែ​ឧសភា សាលា​ដំបូង​រាជធានីភ្នំពេញ បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​៥​នាក់ ដែល​ក្នុង​នោះ​មាន​សកម្ម​ជន​បរិ​ស្ថាន​៤​នាក់ ​ឱ្យជាប់​ពន្ធនាគារ​ចន្លោះ​ពី​១៨​ខែ​ដល់​២០​ខែ ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​របស់​ពួក​គេ​ក្នុង​ការ​ការពារ​បរិស្ថាន​កាល​ពី​កន្លង​មក។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

លោក អាឡិច ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ ក៏​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារចំនួន​២០​ខែ​ផង​ដែរ។

លោក សាន់ ម៉ាឡា មន្រ្តី​តស៊ូ​មតិ​នៃ​គម្រោង​ការពារ​ព្រៃ​ឈើ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(Cambodian Youth Network) ​ដែល​កំពុង​តាម​ដាន​រឿង​នេះ​ ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​មាន​តែ​ក្រុម​យុវជន​បរិស្ថាន​តែ​ប៉ុណ្ណោះ ដែល​ហ៊ាន​រិះ​គន់​ឥត​សំចៃ​មាត់​ទៅ​លើ​រដ្ឋាភិបាល ក៏​ដូចជា​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​អភិរក្ស​និង​ការ​ពារ​ធន​ធាន​ធម្មជាតិ។ លោក​ថា​សកម្ម​ជន​ទាំង​នោះ​កំពុង​ក្លាយ​ជា​គោល​ដៅ​ថ្មី​ដែល​អាជ្ញាធរចង់​បំបិទ​សំឡេង​របស់​ពួកគេ។ លោក​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​ទាំង​អស់​នោះ។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​កន្លង​មក គឺ​នៅ​ក្នុង​បុព្វហេតុ​ប្រទេស​ជាតិ ​និង​សង្គម​រួម​របស់​យើង​ទាំង​អស់​គ្នា។ [វា]​មិន​មែនជា​ការ​ការពារ​បរិស្ថាន ​ដើម្បី​ទទួល​បាន​ដី​ព្រៃ​សម្រាប់​គ្រប់​គ្រង​ផ្ទាល់​ខ្លួន​ទេ។ វា​ដើម្បី​ជា​ផល​ប្រយោជន៍​សង្គម​ទាំង​មូល។ ដូច្នេះ​មិន​ថា​រដ្ឋាភិបាល ឬ​សាធារណ​ជន​ទូទៅ​ទេ យើង​ត្រូវ​កោត​សរសើរ​គោរព​ និង​ដឹង​គុណ​អំពី​ការ​លះ​បង់​របស់​ពួក​គាត់»។

លោក​ ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ថ្លែង​ថា​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ក្រុម​ណា​មួយដែល​ហ៊ាន​ធ្វើ​កិច្ច​ការ​សង្គម​ ឬ​ការពារ​បរិស្ថាន នឹង​ចោទ​ជាសំណួរ​ថាតើ​កម្ពុជាប្រកាន់​នូវ​របប​ដឹក​នាំ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ត្រឹម​ត្រូវ ​ឬ​យ៉ាង​ណា ខណៈ​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ជួប​ជុំ ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ថា​មាន​ការ​រឹតត្បិត។

លោក​ថ្លែង​ថា៖ «បើសិន​ជា​ពួក​គាត់​[យុវជន​]​មិន​អាច​ធ្វើ​សកម្មភាព​ទៅ​តាម​មនសិការ​ ឆន្ទៈ​របស់​ពួក​គាត់​[យុវជន​បរិស្ថាន​]​បាន​ទេ​ ស​បញ្ជាក់​ថា​សង្គម​កម្ពុជា​យើង​ យើង​ពិបាក​ហៅ​ថា​ជា​សង្គម​មួយ​ដែល​ប្រកាន់​នូវ​របប​ដឹក​នាំ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ណាស់»។​

អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​រូប​នេះ​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ទាំង​នេះ បន្ថែម​លើ​សកម្មជន​បរិស្ថាន​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​ឧសភា។

ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​នេះ​ដែរ ចលនា​មាតា​ធម្មជាតិ​ដែល​គ្រប់​គ្រង​ដោយ​លោក អាឡិច បាន​បង្ហោះ​សារនៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក Mother Nature Cambodiaកាល​ពី​ថ្ងៃ​អាទិត្យ ដោយ​អំពាវ​នាវ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើយុវជន​ទាំង​៣​នាក់។

សារ​នៅ​លើ​ហ្វេសប៊ុក​មាន​អត្ថន័យ​ថា​៖ «យើង​សូម​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើពួក​គេ​ទាំង​៣​នាក់ ដោយ​ហេតុ​ពួក​គេ​ទាំង​នោះ​ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស ឬ​បង្ក​អ​សន្តិ​សុខ​អ្វី​ដល់​សង្គម​ជាតិ​ឡើយ»៕

XS
SM
MD
LG