ក្រុម«ស្ត្រីថ្ងៃសុក្រ»គឺជាឈ្មោះក្រៅផ្លូវការរបស់ក្រុមភរិយានៃអតីតមន្ត្រីនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារហើយបានចេញតវ៉ាទាមទារឲ្យដោះលែងស្វាមីជាប្រចាំនាចុងសប្តាហ៍នៅរាជធានីភ្នំពេញ។
ស្វាមីរបស់ក្រុម«ស្ត្រីថ្ងៃសុក្រ»ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់និងត្រូវតុលាការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធនឹងសកម្មភាពសង្គមនិងការរិះគន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមការចោទប្រកាន់មានបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬបង្កភាពវឹកវរក្នុងសង្គមរហូតដល់រួមគំនិតក្បត់។ទោសអតិបរិមាដែលពួកគេត្រូវទទួលគឺអាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។
បន្ទាប់ពីអាក់ខានជាច្រើនខែដោយសារតែជំងឺកូវីដ១៩បានឆ្លងរាលដាលនៅកម្ពុជានិងការបិទខ្ទប់ពួកគេបានចេញមកតវ៉ាជាថ្មីកាលពីចុងខែឧសភាកន្លងទៅនេះ។
អ្នកស្រីព្រុំ ចាន់ថា ភរិយារបស់លោកកាក់ កុម្ភារដែលជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់វីអូអេខេមរភាសាកាលពីថ្ងៃចន្ទថា៖ «តាំងតែពីប្តីខ្ញុំត្រូវគេចាប់មករយៈពេលមួយឆ្នាំជាងហើយដែលខ្ញុំធ្វើការតវ៉ាហើយទើបតែផ្អាកកូវីដដែលគេបិទខ្ទប់នេះឯងដោយសារគេបិទខ្ទប់ទៅកុំឲ្យខុសរដ្ឋាភិបាលដាក់បញ្ជាមកកុំឲ្យខុសគោលការណ៍គេ។ ឥឡូវខ្ញុំចាប់ផ្តើមការតវ៉ាបានបីសប្តាហ៍វិញហើយដាក់ទៅទូតអាមេរិក UN និង EU»។
ជារឿយៗការតវ៉ារបស់ពួកគេត្រូវបានអាជ្ញាធរយាយីរំខាននិងបង្ក្រាបបើទោះបីជាពួកគេរៀបចំឡើងដោយអហិង្សានិងក្នុងទ្រង់ទ្រាយតូចក៏ដោយ។ ប៉ុន្តែសកម្មភាពរារាំងទាំងនេះតែងតែត្រូវបានគេចែកចាយបន្តតាមបណ្តាញសង្គមដោយក្រុមបាតុករបានប្រើប្រាស់ហ្វេសប៊ុកផ្សាយផ្ទាល់ពីសកម្មភាពតវ៉ាទាំងនោះ។
អ្នកកំពុងជាប់ឃុំឃាំងខ្លះមានបញ្ហាសុខភាពដូចជាលើសឈាមស្ពឹកដៃជើង ទឹកនោមផ្អែមនិងគាបសសៃខ្នងនិងចង្កេះដែលត្រូវការការតាមដានព្យាបាលជាប្រចាំ។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រួសារ។
តាំងពីដើមឆ្នាំ២០២០មកមានអតីតសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៤៨នាក់កំពុងជាប់ពន្ធនាគារគឺទាំងអ្នកត្រូវបានតុលាការកាត់ទោសហើយនិងអ្នកនៅរង់ចាំការកាត់ទោស។ នេះបើតាមតួលេខរបស់គណបក្សត្រឹមខែមិថុនានេះ។
អាជ្ញាធរកម្ពុជាបានបង្កើនការបង្ក្រាបនិងចាប់ខ្លួនអតីតមន្ត្រីគណបក្សប្រឆាំងនិងសកម្មជនដើម្បីយកមកកាត់ទោសក្រោយពីបានទប់ស្កាត់ដោយជោគជ័យនូវគម្រោងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៩។
អ្នកស្រីព្រុំ ចាន់ថាដែលតែងតែចូលរួមដឹកនាំបាតុកម្មបន្តរិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ អ្នកស្រីបានថ្លែងថា៖«ខ្ញុំមានអារម្មណ៍ថារាល់ថ្ងៃគាត់ក្តាប់អំណាចជាប់តែខ្លួនគាត់ហ្មង។ គាត់អត់ខ្វល់និងអើពើអ្វីទាំងអស់។ និយាយរួមទៅគាត់បំបិទសិទ្ធិសព្វបែបយ៉ាងជាពិសេសអ្នកនយោបាយតែម្តង»។
ក្នុងអំឡុងដំណើរទស្សនកិច្ចការងាររបស់អ្នកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាកាលពីដើមខែមិថុនាអ្នកស្រីបានស្នើដោយផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពនយោបាយនិងដោះលែងសកម្មជននិងមន្ត្រីគណបក្សប្រឆាំង។
អ្នកស្រី Sherman បានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចាកចេញពីប្រទេសកម្ពុជាថា៖ «ខ្ញុំបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យទម្លាក់ចោលការចោទប្រកាន់ដែលមានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកនយោបាយប្រឆាំងអ្នកសារព័ត៌មាននិងសកម្មជន»។
អ្នកស្រីShermanសម្តែងក្តីសង្ឃឹមថាថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានឹងយកចិត្តទុកដាក់ស្តាប់តាមការស្នើសុំនិងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក។ ដូចគ្នានេះដែរក្រុម«ស្ត្រីថ្ងៃសុក្រ»ក៏បានសម្តែងក្តីសង្ឃឹមថាស្វាមីរបស់ពួកគាត់នឹងមានសិទ្ធិសេរីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
អ្នកស្រីសេង ចាន់ថនភរិយារបស់លោកស៊ុន ធន់អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំបានប្រាប់វីអូអេខេមភាសាកាលពីថ្ងៃចន្ទថា៖ «ពួកខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងយកសម្តីគាត់ទៅពិចារណាដើម្បីស្វែងរកដំណោះស្រាយនយោបាយជាពិសេសអ្នកទោសនយោបាយដែលកំពុងជាប់ឃុំឃាំង។ ពួកគាត់អត់មានកំហុសអ្វីទាំងអស់»។
អ្នកស្រីអ៊ុក ចន្ធី ភរិយាលោកយឹម សារ៉េតអតីតជំទប់ទី១ឃុំចន្ត្រីស្រុករមាសហែកខេត្តស្វាយរៀងបានបញ្ជាក់ដែរថា៖ «ពេលនោះខ្ញុំមានក្តីសង្ឃឹមខ្លាំងណាស់សង្ឃឹមថាអ្នកស្រីអនុរដ្ឋមន្ត្រីនឹងជួយពួកខ្ញុំដើម្បីឲ្យក្រុមគ្រួសារពួកខ្ញុំបានដោះលែង។ ខ្ញុំសង្ឃឹមខ្លាំងណាស់ប៉ុន្តែលទ្ធផលមិនដឹងយ៉ាងម៉េចទេប៉ុន្តែពួកខ្ញុំនៅតែមានក្តីសង្ឃឹម»។
ក្នុងពេលនេះដែរស្ថានភាពពន្ធនាគារបានអាក្រក់ជាងមុនដោយសារតែផ្ទុះឆ្លងជំងឺកូវីដ១៩លើអ្នកជាប់ពន្ធនាគារជាង២០%ក្នុងចំណោមអ្នកជាប់ជិត៤ម៉ឺនាក់ហើយក៏មានជនជាប់ឃុំខ្លះបានឆ្លងវីរុសក៏កាចសាហាវនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកនុត សវនាអ្នកនាំពាក្យពន្ធនាគារនិងក្រុមគ្រួសារជនរងគ្រោះប្រាប់វីអូអេខេមភាសា។
ថ្នាក់ដឹកនាំគណបក្សប្រឆាំងហាក់មិនមានសុទ្ទិដ្ឋិនិយមក្រោយពីដំណើរទស្សនកិច្ចរបស់អ្នកស្រីSherman ដោយសារស្ថានការណ៍មិនមានការប្រែប្រួលនៅឡើយ។
លោកអេង ឆៃអ៊ាងអនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ពេលដែលលោកហ៊ុន សែនជួបជាមួយនឹងអ្នកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកហ្នឹងគឺយើងផ្តោតសេចក្តីសង្ឃឹមថាក្រោយជំនួបហ្នឹងនឹងអាចធ្វើឲ្យស្ថានការណ៍នយោបាយជាពិសេសស្ថានការណ៍នៃការរំលោភសិទ្ធិមនុស្សវាធូរស្រាលប៉ុន្តែផ្ទុយទៅវិញយើងឃើញថាវាហាក់បីដូចជាអត់មានធូរស្រាលទាល់តែសោះ។ នេះបានន័យថាអ្នកដែលជាប់ពន្ធនាគារគឺអត់មានជ្រុងណាដែលឃើញថាលោកហ៊ុន សែននឹងបន្ធូរបន្ថយឡើយគឺមានតែដាក់ទោសថែមទៀតនិងមានការចាប់ថែមទៀត។ នេះគឺជាចំណុចមួយដែលយើងឃើញថាជំនួបរវាងលោកហ៊ុន សែនជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកវាមានភាពអវិជ្ជមានវិញទេ»។
អ្នកនយោបាយគណបក្សប្រឆាំងតែងតែបញ្ជាក់គោលជំហរចង់ពិភាក្សាគ្នារវាងខ្មែរនិងខ្មែរដើម្បីបញ្ចប់ជម្លោះនយោបាយប៉ុន្តែគណបក្សកាន់អំណាចបានប្រកាន់ជំហរតឹងរ៉ឹងមិនចង់និយាយឆ្លើយឆ្លងនិងសម្របសម្រួលអ្វីទេនិងថែមទាំងបានថ្លែងថាអតីតគណបក្សប្រឆាំងនេះនឹងមិនមានវត្តមានក្នុងការបោះឆ្នោតខាងមុខឡើយ។
លោក ឈាង វណ្ណារិទ្ធប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីមើលឃើញថាបញ្ហានយោបាយផ្ទៃក្នុងកម្ពុជាមានលក្ខណៈស្មុគស្មាញដែលមិនងាយដោះស្រាយបានភ្លាមៗទេជាពិសេសការដាក់សម្ពាធពីខាងក្រៅ។
លោកឈាង វណ្ណារិទ្ធបានបញ្ជាក់បន្ថែមប្រាប់វីអូអេខេមរភាសាតាមទូរស័ព្ទកាលពីថ្ងៃពុធថា៖ «ខ្ញុំនៅតែគិតថាកត្តាខាងក្នុងវាកំណត់កត្តាហ្នឹងអីចឹងបើមានការចរចានិងពិភាក្សានយោបាយណាមួយកើតឡើងនោះជាដំណោះស្រាយនយោបាយ។ វាជាទំនុកចិត្តគ្នា ហើយសម្ពាធពីខាងក្រៅវាអត់មានប្រសិទ្ធភាព។ វាអាចធ្វើឲ្យបញ្ហាហ្នឹងលំបាកទៅវិញ»។
យ៉ាងណាក៏ដោយក្រុម«ស្ត្រីថ្ងៃសុក្រ»នៅតែសម្តែងការពេញចិត្តដែលមន្ត្រីជាន់ខ្ពស់អាមេរិកាំងបានលើកឡើងពីបញ្ហារបស់ពួកគាត់ហើយពួកគាត់នៅតែរក្សាក្តីសង្ឃឹមថាស្ថានការណ៍នឹងបានធូរស្រាល។
អ្នកស្រី សុខ បូលីម៉ា ភរិយាលោក ឃឹម ភាណា អតីតចៅសង្កាត់ផ្សារដេប៉ូទី៣នៃរាជធានីភ្នំពេញថ្លែងថាការណ៍ដែលមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានមកឃើញស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយផ្ទាល់ដូចនេះគឺជាការលើកទឹកចិត្តបន្ថែមទៀតដល់អ្នកតស៊ូទាមទារហើយអ្នកស្រីនៅតែរក្សាក្តីសង្ឃឹម។
អ្នកស្រី បូលីម៉ាបានបន្ថែមថា៖ «ខ្ញុំមានចិត្តកក់ក្តៅពេលដែលគាត់មកដល់កម្ពុជាឃើញពលរដ្ឋអត់មានសិទ្ធិពេញលេញអត់មានប្រជាធិបតេយ្យពេញលេញ។ ទឹកមុខគាត់ហាក់ដូចជាស្រងាកចិត្តត្រង់គាត់មិននិយាយឲ្យយើងដឹងគឺក្នុងចិត្តគាត់ស្រងាកចិត្តហើយឃើញប្រទេសកម្ពុជាធ្លាក់ដុនដាបពេកអីចឹង»។
ទន្ទឹមនឹងការរង់ចំាដំណោះស្រាយនយោបាយការតវ៉ារបស់ពួកគេប្រចាំថ្ងៃសុក្រនឹងនៅតែបន្ត។
អ្នកស្រីដុស គឹមទៀងភរិយារបស់លោកឈួ ផេងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «ទោះបីមិនបានលទ្ធផលអ្វីក៏ពួកខ្ញុំនៅតែតវ៉ាជារៀងរហូតចឹងព្រោះអីត្រូវតែមានដំណោះស្រាយដល់ពួកខ្ញុំ។ ប្តីពួកខ្ញុំមិនបានធ្វើកំហុសអ្វីទាំងអស់មិនបានធ្វើកំហុសជាក់ស្តែងធ្វើឲ្យគេត្រូវចាប់គាត់»។
ស្ត្រីមេផ្ទះទាំងនេះមិនដែលចូលរួមពាក់ព័ន្ធនឹងសកម្មភាពនយោបាយទេពីពេលមុនមកបើទោះបីជាស្វាមីជាមន្ត្រីនិងសកម្មជនរបស់គណបក្ស។ ប៉ុន្តែហេតុការណ៍ដែលមិនបានព្រាងទុកក្នុងរយៈពេលជាង១ឆ្នាំនេះបានទាញពួកគេឲ្យធ្វើការរួមគ្នានិងផ្លាស់ប្តូរការគិតរបស់ពួកគេខ្លះ។
អ្នកស្រីព្រុំចាន់ថាបានថ្លែងថា៖ «ខ្ញុំមិនអាចដកថយបានទេទោះណាជាប្តីខ្ញុំរួចក៏ដោយព្រោះមាគ៌ាដើររបស់ខ្ញុំគឺខ្ញុំដើររឿងនយោបាយហើយព្រោះខ្ញុំលែងគិតហើយ»៕