ប្រទេសចិនបានបាញ់បង្ហោះយានអវកាសគ្មានមនុស្សបើកទៅកាន់ភពព្រះចន្ទដោយជោគជ័យកាលពីថ្ងៃច័ន្ទដើម្បីចុះចត ប្រមូលសំណាកដីនិងថ្ម ហើយបញ្ជូនវាមកផែនដីវិញ។ ប្រសិនបើទទួលបានជោគជ័យ វានឹងក្លាយជាបេសកកម្មដំបូងរបស់ប្រទេសណាមួយ ក្នុងការយកសំណាកពីភពព្រះចន្ទចាប់តាំងពីទសវត្ស១៩៧០មក ហើយវានឹងធ្វើឲ្យចិនក្លាយជាប្រទេសទីបីបន្ទាប់ពីសហរដ្ឋអាមេរិកនិងរុស្ស៊ី ដែលអាចទៅយកសំណាកបែបនេះ។
ការស្រាវជ្រាវដោយយានអវកាស Chang'e 5 (ឆាំង អឿ ៥) នឹងស្វែងរកសំណាកដែលអាចជួយអ្នកវិទ្យាសាស្ត្រឱ្យយល់កាន់តែច្បាស់អំពីដើមកំណើតនិងការកកើតភពព្រះចន្ទ។
ទីភ្នាក់ងារអវកាសអាមេរិក NASA និយាយថា គោលដៅនៃបេសកកម្មនេះគឺចុះចតនៅលើផ្ទៃដែលគេមិនទាន់បានស្រាវជ្រាវពីមុននៃភពព្រះចន្ទ ដែលគេហៅថាថា Oceanus Procellarum ហើយប្រតិបត្តិការមួយថ្ងៃនៅភពព្រះចន្ទដែលស្មើ១៤ថ្ងៃនៅលើផែនដី ហើយយកសំណាកទម្ងន់២គីឡូក្រាមពីជម្រៅប្រមាណ២ម៉ែត្រ។
លោក Matt Siegler អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Planetary Science Institute ដែលមានមូលដ្ឋាននៅរដ្ឋ Arizona ដែលមិនមែនជាផ្នែកមួយនៃបេសកកម្ម Chang'e 5 ទេនោះបានប្រាប់ទីភ្នាក់ងារ Reuters ថា តំបន់ដែលយានអវកាសត្រូវចុះចតនោះមានអាយុពី១ពាន់លានឆ្នាំទៅ២ពាន់លានឆ្នាំ។
Reuters រាយការណ៍ថា ប្រទេសចិនបានចុះចតយានអវកាសនៅលើភពព្រះចន្ទជាលើកដំបូងនៅឆ្នាំ២០១៣៕