ក្រុមអវកាសយានិក៣រូបរបស់អាមេរិកនិងរុស្ស៊ី បានធ្វើដំណើរដោយជោគជ័យទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាលើកទីមួយ ដោយប្រើប្រាស់យានអវកាសដែលមានល្បឿនលឿនហើយប្រើរយៈពេលតែ៣ម៉ោង ដើម្បីធ្វើដំណើរទៅដល់ស្ថានីយអវកាសដែលវិលរណបជុំវិញភពផែនដីនោះ។
អវកាសយានិកអាមេរិករបស់ទីភ្នាក់ងារណាសា លោកស្រី Kate Rubins ដោយរួមជាមួយអវកាសយានិករុស្សីលោក Sergey Ryzhikov និងលោក Sergey Kud-Sverchkov នៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានចាកចេញពីស្ថានីយបាញ់បង្ហោះយានអវកាស Baikonur ក្នុងប្រទេសកាហ្សាក់ស្ថាន តាមកម្មវិធីគ្រោងទុកកាលពីថ្ងៃពុធ ដើម្បីបេសកកម្មទៅធ្វើការរយៈពេល៦ខែ នៅលើស្ថានីយយានអវកាសអន្តរជាតិនោះ។
នេះជាលើកទីមួយហើយដែលក្រុមអវកាសយានិក ព្យាយាមទៅកាន់ស្ថានីយអវកាសក្នុងរយៈពេលតែ៣ម៉ោង ដោយក្នុងពេលកន្លងមកពួកគេត្រូវប្រើពេលរហូតដល់៦ម៉ោង។
លោកស្រី Kate Rubins ក៏បានឲ្យដឹងផងដែរថា ក្រុមអវកាសយានិកបានធ្វើចត្តាឡីស័កជាច្រើនសប្តាហ៍ក្នុងពេលកន្លងមក ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩៕