សហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេតទៅក្នុងករណីគប់ស្បែកជើងពីសំណាក់ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់លើមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។
នៅក្នុងសារឆ្លើយតបអេឡិកត្រូនិកមួយមកកាន់សំណួររបស់សំឡេងសហរដ្ឋអាមេរិកវីអូអេនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យសា្ថនទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានលើកឡើងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូត និងមន្ត្រីអ្នកមុខអ្នកការ ដែលមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
សារដដែលបានផ្តល់ការអត្ថាធិប្បាយតាមន័យដើមថា៖ «ទាក់ទិនឧប្បត្តិហេតុកាលពីថ្ងៃទី១១ ខែ ឧសភា មានការស៊ើបអង្កេតដោយអាជ្ញាធរអនុវត្តច្បាប់អាមេរិកនៅក្នុងករណីនេះ។ ការអង្កេតនោះនឹងប្រព្រឹត្តទៅដោយហ្មត់ចង់ និងស្របតាមច្បាប់ពេញលេញរបស់សហរដ្ឋអាមេរិក»។
ស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលពិសេសអាមេរិក អាស៊ាន រំឭកឡើងវិញនូវខួប៤៥ឆ្នាំ នៃទំនាក់ទំនង និងការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាព (ឬភាពនៅកណ្តាល) របស់អាស៊ាន នៅក្នុងការផ្តល់ឱ្យនូវដំណោះស្រាយប្រកបដោយចីរភាពដល់ភាពប្រឈមនិងគំនាបខ្លាំងក្លាផ្សេងៗរបស់តំបន់។
ការបញ្ជាក់អំពីការស៊ើបអង្កេតលើឧប្បតិ្តហេតុគប់ស្បែកជើងនោះ ធ្វើឡើង ក្រោយប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមអ្នកគាំទ្រលោកនៅប្រទេសកម្ពុជាកំពុងមានការខឹងសម្បានឹងការគប់ស្បែកជើងនេះ ហើយទាមទារចង់ធ្វើបាតុកម្មនៅមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែលោកថា លោកបានហាមមិនឱ្យមានបាតុកម្មកើតឡើងទេ និងថាតើសហរដ្ឋអាមេរិកនឹងវាយតម្លៃបែបណាដែរលើករណីរបស់លោក។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានចោទសួរទៅសហរដ្ឋអាមេរិកថា តើការចោលស្បែកជើងមកលើលោកក្នុងនាមជាមេដឹកនាំប្រទេស ឬពលរដ្ឋសាមញ្ញនោះ ថាមានទម្រង់ជាការសម្តែងមតិឬយ៉ាងណា និងថា បើការគប់ស្បែកជើងមកលើលោកជាទម្រង់នៃការប្រើប្រាស់សិទ្ធិបញ្ចេញមតិនោះ លោកបារម្ភថា មេដឹកនាំបក្សប្រឆាំងនៅកម្ពុជាអាចត្រូវបានឆ្លើយតបវិញដោយការចោលនឹងស្បែកជើងដូចគ្នានោះដែរ។
មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញរូបនេះ ថាលោកមិនទាមទារឱ្យអាមេរិកយកទោសពៃរ៍ពី បុរសដែលគប់ស្បែកជើងមកលើលោកទេ ប៉ុន្តែលោកបារម្ភអំពីសុវត្ថិភាពរបស់បុរសនោះ បើសិនអាមេរិកដាក់ទោស បុរសនោះ ហើយត្រូវបណ្តេញបុរសនោះចេញពីអាមេរិកមកប្រទេសកម្ពុជាវិញ។ លោកថ្លែងថា៖
«ហើយនៅពេលដែលអាមេរិកដាក់ទោសនេះ កង្វល់របស់ខ្ញុំមួយទៀត បើសិនជាម្នាក់នេះ ត្រូវជាប់ទោស ម្នាក់នេះ ក៏ត្រូវស្ថិតនៅក្នុងសំណុំរឿង ត្រូវបណ្តេញចេញពីប្រទេសអាមេរិកមកកម្ពុជា ដូចអ្នកជាប់គុកដទៃទៀត ឥឡូវនៅសល់ប៉ុន្មានរយកំពុងធ្វើសម្ភាស»។
លោកហ៊ុន សែនក៏បានលើកឡើងអំពីករណីបុរសម្នាក់ដែលជាអ្នកសារព័ត៌មានបានលបចូលក្នុងសន្និសីទព័ត៌មានមួយ រួចចោលស្បែកជើងទាំងសងខាង ទៅលើលោកប្រធានាធិបតីទី៤៣របស់អាមេរិកគឺលោក George W. Bush នៅរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ ២០០៨។
បើតាមលោក ហ៊ុន សែន បុរសនោះ ក្រោយមកត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ កាត់ទោសឱ្យជាប់ពន្ធនាគារ បើទោះបីជាលោក Bushប្រាប់អាជ្ញាធរអ៊ីរ៉ាក់កុំដាក់ទោសលើបុរសនោះក៏ដោយ។
គួររំឭកឡើងវិញផងដែរថា សកម្មភាពគប់ស្បែកជើងដោយពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក អ៊ុក ទូច ទៅលើលោក ហ៊ុន សែន កើតឡើងនៅចំពេលលោក ហ៊ុន សែន កំពុងសំណេះសំណាល និងថតរូប selfie ជាមួយក្រុមអ្នកគាំទ្រលោកនៅខាងក្រៅសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២។
ក្រោយការចោលស្បែកជើងមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីសំណាក់បុរសរូបនោះ កូនលោក នាយករដ្ឋមន្ត្រី និងក្រុមមន្ត្រីផ្លូវការកម្ពុជា បានចាត់ទុកសកម្មភាពដ៏កម្រនោះថា ជាការប្រមាថមកលើលោកហ៊ុន សែន ខណៈឃ្លីបវីដេអូនៃការគប់ស្បែកជើងនោះត្រូវគេបង្ហោះ ឬចែករំលែកតៗគ្នាក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
ដោយឡែកលោក អ៊ុក ទូច អាយុ៧១ឆ្នាំ ជាពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋ California សហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិក ក្រោយហេតុការណ៍គប់ស្បែកជើងភ្លាមៗនោះថា លោកធ្វើសកម្មភាពនោះ គឺដោយសារតែលោកខកចិត្តខ្លាំងនឹងការដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ដែលលោកចោទប្រកាន់ថា មានការពាក់ព័ន្ធ នឹងឃាតកម្ម និងការចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាល ក្នុងនោះមានអ្នកវិភាគនយោបាយលោកកែម ឡី និងមេដឹកនាំសហជីពលោក រ៉ុង ឈុន ជាដើម។ លោកក៏ចោទលោកហ៊ុន សែនថា ខកខានមិនបានជួយដោះស្រាយវិវាទការងាររបស់កម្មករនិយោជិតនៅ ក្រុមហ៊ុនណាហ្គាវើលដ៏ផងដែរ៕