ភ្នំពេញ — លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រតិកម្មធ្ងន់ៗទៅនឹងឧប្បត្តិហេតុមួយដែលលោកបានពើបប្រទះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ទីដែលលោកត្រូវបានបុរសខ្មែរអាមេរិកាំងម្នាក់ ដោះស្បែកជើងមួយចំហៀងគប់មករូបលោក តែមិនត្រូវ នៅខណៈលោកកំពុងជួបជាមួយអ្នកគាំទ្រ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តមួយក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន បានចោទសួរទៅសហរដ្ឋអាមេរិកថា តើការចោលស្បែកជើងមកលើលោកក្នុងនាមជាមេដឹកនាំប្រទេស ឬពលរដ្ឋសាមញ្ញនោះ ថាមានទម្រង់ជាការសម្តែងមតិឬយ៉ាងណា និងថា បើការគប់ស្បែកជើងមកលើលោកជាទម្រង់ការប្រើប្រាស់សិទ្ធិបញ្ចេញមតិនោះ លោកបារម្ភថា មេដឹកនាំបក្សប្រឆាំងនៅកម្ពុជាអាចត្រូវបានឆ្លើយតបវិញដោយការចោលនឹងស្បែកជើងដូចគ្នានោះដែរ។
លោក ហ៊ុន សែន ដែលជាប្រធានគណបក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជាផងនោះថ្លែងថា លោកមិនស្លុតនឹងការគ្រវែងស្បែកជើងរបស់បុរសខ្មែរអាមេរិកាំងម្នាក់មកលើលោកទេ ព្រោះលោកធ្លាប់ត្រូវគេប៉ុនប៉ងធ្វើឃាត តែមិនបានសម្រេចកាលពីអំឡុងទសវត្សរ៍ ១៩៩០។
លោកប្រាប់ក្រុមគ្រូពេទ្យវ័យក្មេង និងក្រុមមន្ត្រីកម្ពុជាយ៉ាងដូច្នេះ៖ «២៤ កញ្ញា ឆ្នាំ ១៩៩៨ គ្រាប់បេ [B40] បួនគ្រាប់ បាញ់មកលើឡានខ្ញុំ សំណាងល្អ អ្នកតាមថែទាំខ្ញុំ បារមីការពារខ្ញុំ ផ្ទុះតែមួយគ្រាប់ ខុសឡានបន្តិច។ បើវាត្រូវតែមួយគ្រាប់ហ្នឹង ក៏វាខ្ទេចដែរ រកឆ្អឹងមិនឃើញទេ គ្រាប់ B40 នោះ!»។
លោកបន្ថែមថា៖ «មិនមែនលើកទីមួយទេ ដែលគេព្យាយាមធ្វើឃាតលើខ្ញុំ វាយប្រហារខ្ញុំ វាច្រើនលើកហើយ អ៊ីចឹង វាមិនចម្លែក វាមិនបង្កើតនូវការភ័យរន្ធត់ណាមួយរបស់ខ្ញុំទេ។ តែឥឡូវអ្វី ដែលខ្ញុំកំពុងតែព្រួយ គឺសុវត្ថិភាពមេដឹកនាំប្រឆាំង និយាយឱ្យច្បាស់ចឹងហ្មង! បើនៅឯណោះ ចាត់ទុកថា ជាសេរីភាពនៃការបញ្ចេញមតិ នៅឯណេះ ក៏អាចគប់ក្បាលមេដឹកនាំប្រឆាំងនៅស្រុកខ្មែរបានដែរ»។
លោក ហ៊ុន សែន ក៏បានឆ្លៀតព្រមានក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគឱ្យមានការប្រយ័ត្នប្រយែងនឹងការនិយាយស្តីរបស់ផងខ្លួនលើករណីគប់ស្បែកជើងនេះ ខណៈលោកអះអាងថា អ្នកគាំទ្រលោកកំពុងមានការខឹងសម្បាខ្លាំងនឹងករណីនេះ រហូតចង់ធ្វើបាតុកម្មនៅមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញផងដែរ។
លោកបន្ថែមថា៖ «ក៏ប៉ុន្តែច្បាប់អាមេរិកយ៉ាងណានោះ គឺទុកឱ្យអាមេរិកជាអ្នកសម្រេច បើអាមេរិកចាត់ទុកការយកស្បែកជើងគប់ក្បាលគេ ជាសិទ្ធិបញ្ចេញមតិ វានឹងក្លាយជាករណីរាលដាលនៅប្រទេសដទៃ ហើយក៏មាននៅកម្ពុជាដែរ។ សុំអង្គការក្រៅរដ្ឋាភិបាលនានាប្រយ័ត្នប្រយែងទៅលើការធ្វើអត្ថាធិប្បាយខុស ព្រោះនៅប្រទេសកម្ពុជាកំពុងខឹងសម្បាយ៉ាងខ្លាំង ត្រៀមតែនឹងផ្ទុះទេ។ សុំឱ្យមានការប្រុងប្រយ័ត្នទៅលើការធ្វើអត្ថាធិប្បាយណាមួយសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា»។
យ៉ាងណាក៏ដោយ បើតាមលោកនាយករដ្ឋមន្ត្រី ករណីរបស់លោកគួរត្រូវបានដោះស្រាយ ដូចករណីនៃបុរសម្នាក់ដែលជាអ្នកសារព័ត៌មានបានលបចូលក្នុងសន្និសីទព័ត៌មានមួយ រួចចោលស្បែកជើងទាំងសងខាង ទៅលើលោកប្រធានាធិបតី George W. Bush នៅរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ ២០០៨។ លោក ហ៊ុន សែន បញ្ជាក់ឱ្យដឹងទៀតថា បុរសនោះ ក្រោយមកត្រូវបានរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ កាត់ទោសឱ្យជាប់ពន្ធនាគារ បើទោះបីជាលោក Bushប្រាប់អាជ្ញាធរអ៊ីរ៉ាក់កុំដាក់ទោសលើបុរសនោះក៏ដោយ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតសហរដ្ឋអាមេរិក តែមន្ត្រីទំនាក់ទំនងសាធារណៈរបស់ស្ថានទូតមិនឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកផ្ញើតាមសារអេឡិចត្រូនិកអ៊ីមែល គិតត្រឹមរសៀលថ្ងៃអង្គារនេះ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺលោក មាជ សុវណ្ណារ៉ា បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកមានការព្រួយបារម្ភចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែលោកក៏មិនគាំទ្រចំពោះអ្នកដែលប្រព្រឹត្តអំពើហិង្សាជាជាងការដោះស្រាយបញ្ហាតាមសន្តិវិធីនោះដែរ។
អ្នកនយោបាយរូបនេះ ទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋទូទៅក៏ដូចជាគណបក្សផ្សេងៗទៀតដោយការមិនប្រើពាក្យពេចន៍អសុរោះ ជំនួសមកវិញដោយពាក្យសម្តីទូន្មាន។
លោកនិយាយថា៖ «ក្នុងនាមជាអ្នកដឹកនាំត្រូវអត់ធ្មត់ ហើយប្រើភាសាបែបជាការទូន្មានអប់រំ បង្ហាញអំពើល្អទៅវិញ កុំឱ្យយកការសងសឹក។ សងសឹកគ្នារវាងតែខ្មែរគ្នាឯងវាធ្វើឱ្យតែជាតិអន្តរាយ ឱ្យតែប្រជាពលរដ្ឋរងគ្រោះ ឱ្យអ្នកនយោបាយមានការភ័យខ្លាចនៃការបញ្ចេញមតិអ៊ីចឹង។ អាហ្នឹងវាមិនមែនជារឿងល្អមើលទេ។ ខ្ញុំនៅតែមានការព្រួយបារម្ភ»។
ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា អ្វីដែលលោកនាយករដ្ឋមន្ត្រីបានថ្លែងគឺមិនមែនជារឿងអាក្រក់ ដែលអាចជះឥទ្ធិពលដល់សន្លឹកឆ្នោតរបស់បក្សប្រជាជននោះទេ។ ប៉ុន្តែជាការគិតគូរក៏ដូចជាការយកចិត្តទុកដាក់ក្នុងនាមជាប្រមុខរដ្ឋាភិបាលចំពោះក្រុមគណបក្សដែលមាននិន្នាការជំទាស់។
លោកថ្លែងថា៖ «អាហ្នឹងវាជាការគិតគូររបស់គាត់ក្នុងការធានាសន្តិសុខសុវត្ថិភាពដល់បងប្អូនគណបក្សនានាដែលចូលរួមប្រកួតប្រជែង។ នេះមិនមែនជារឿងអាក្រក់ទេ គឺជារឿងការគិតគូរក្នុងឋានៈជាអ្នកទទួលខុសត្រូវ»។
គួរបញ្ជាក់ថា សកម្មភាពគប់ស្បែកជើងដោយពលរដ្ឋខ្មែរអាមេរិកាំងម្នាក់គឺលោក អ៊ុក ទូច ទៅលើកលោក ហ៊ុន សែន កើតឡើងនៅចំពេលលោក ហ៊ុន សែន កំពុងសំណេះសំណាល និងថតរូប selfie ជាមួយក្រុមអ្នកគាំទ្រលោកនៅខាងក្រៅសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២។
ក្រោយការចោលស្បែកជើងមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីសំណាក់បុរសរូបនោះ កូនលោក នាយករដ្ឋមន្ត្រី និងក្រុមមន្ត្រីផ្លូវការកម្ពុជា បានចាត់ទុកសកម្មភាពដ៏កម្រនោះថា ជាការប្រមាថមកលើលោក ហ៊ុន សែន ខណៈឃ្លីបវីដេអូនៃការគប់ស្បែកជើងនោះត្រូវគេបង្ហោះ ឬចែករំលែកតៗគ្នាក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក៕