ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល​បង្ហាញ​ការ​​មិន​គាំទ្រ​ចំពោះ​ការ​គប់​ស្បែកជើង​មក​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន


នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សេន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សេន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ភ្នំពេញ — ក្រុម​សង្គមស៊ីវិល​បាន​សម្តែងការ​មិន​គាំទ្រ​ចំពោះ​ទង្វើ​គប់​ស្បែក​ជើង​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ គឺ​នៅ​អំឡុង​ពេល​លោក​បាន​ទៅដល់ទឹក​ដី​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក- អាស៊ាន​ ដែល​បាន​បិទ​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃសុក្រ។

នៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​ពិធីជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​នៅ​ទីក្រុង​ភ្នំពេញ​ ​លោក​នាយករដ្ឋមន្រ្តី​ដែលបាន​ចាត់ទុក​ទង្វើ​គប់​ស្បែក​ជើង​មក​លើ​លោក​នោះ​ ថា​ជា​ការ​រំលោភ​ និង​បំពាន​ច្បាប់​នោះ​ បាន​រំឭក​អំពី​រឿង​នេះ​សាជា​ថ្មី​ម្តង​ទៀត​ និង​ចោទសួរ​ដោយ​ប្រយោល​ទៅ​អាមេរិក​ថា តើ​ទង្វើ​នោះ​ ជា​ការ​ប្រើប្រាស់​សិទ្ធិ ឬក៏​ជា​សកម្មភាព​ដែល​តម្រូវ​ឱ្យ​មាន​វិធានការ​ច្បាប់។​

​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ថ្លែងយ៉ាង​ដូច្នេះ​ថា៖ ​«យក​ស្បែក​ជើង​គប់​គេ ​មិន​បាច់​ចាត់​ទុក​ខ្ញុំ​ជា​នាយករដ្ឋមន្រ្តី​ទេ​ ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​ធម្មតា​ទៅ​បាន​ហើយ ​តើ​នេះ​ជា​សិទ្ធិ​បញ្ចេញ​មតិ​ដែរ​ឬ​ទេ ​បើ​សិទ្ធិ​បញ្ចេញ​មតិ​បែប​នេះ​ធ្វើ​បាន​នៅ​លើ​ទឹក​ដី​បិតា​ប្រជាធិបតេយ្យ​នីតិរដ្ឋ​ សកម្មភាព​បែប​នេះ​ក៏​កើត​នៅ​ប្រទេស​ដទៃ​ ហើយ​ក្នុង​នោះ​ក៏​កើត​នៅ​ក្នុង​កម្ពុជា​ដែរ ​ហើយ​ខ្ញុំ​គ្មាន​សំណូមពរ​ណា​មួយ​ឱ្យអាមេរិក​ដាក់​ទោស​ ក៏​ប៉ុន្តែ​តាម​ការ​ស្មាន​របស់​ខ្ញុំ​ មិនមែន​សហរដ្ឋ​អាមេរិក​មិន​យក​ចិត្ត​ទុក​ដាក់​ទេ​ គេ​ច្បាស់​ជា​ធ្វើ​ការ​ស៊ើប​អង្កេត​ហើយ​លើ​រឿង​នេះ»។

អំឡុង​ពេល​កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក​ លោក ហ៊ុន សែន បាន​ចេញ​សារ​សំឡេង​មួយ​ អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាចកុំ​ឱ្យ​មាន​ការ​តបត​ណាមួយ​ ចំពោះ​ទង្វើ​គប់​ស្បែងជើង​ ដែល​លោក​អះអាងផង​ដែរថា​ ជា​ទម្រង់​ជា​អំពើ​ហិង្សា​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង។

តាម​រយៈ​សារ​សំឡេងពិសេស​មួយដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកកាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ​សែន លើក​ឡើង​ថា៖ «ឥរិយាបថ​នៃ​ភាព​ជ្រុលនិយម​របស់​ពួក​ក្រុម​ប្រឆាំង​ដែល​ចាត់​ទុក​ថា​ ជា​វីរជន​នៅ​ពេល​ដែល​គេ​បាន​រំលោភ​បំពាន​លើ​ច្បាប់ ​និង​បង្ហាញ​នូវ​សារ​ជាតិ​ជា​អំពើ​ហិង្សា​ជ្រុលនិយម»។

សារ​សំឡេងនេះ​ត្រូវ​បាន​គេ​សនិ្នដ្ឋាន​ថា ​លោក​នាយករដ្ឋមន្រ្តី​ សំដៅ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​បាន​គប់​ស្បែក​ជើង​ម្ខាង​ទៅ​លើ​រូប​លោក ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ​ទី​ដែល​លោក ​ហ៊ុន សែន ​មាន​វត្តមាន​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់ថ្ងៃ​ទី១៣​ ខែ​ឧសភា។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក​ ប៉ា ​ចន្ទរឿន​ បាន​ថ្លែង​ថា ​ការ​ដោះស្រាយ​ឬ​បញ្ចេញ​មតិដោយ​ប្រើ​អំពើ​ហិង្សា​មិនមែន​ជា​ច្រកចេញ​ដ៏​ល្អ​នោះ​ទេ​ ហើយ​វា​កាន់​តែ​បង្កើន​បញ្ហា​បន្ថែម​ទៀត។ ​

លោក​និយាយ​ថា៖​ «ខ្ញុំ​មាន​តែ​លើក​ទឹក​ចិត្ត​ឱ្យប្រជាពលរដ្ឋ​យើង ​រៀន​បញ្ចេញ​មតិ ​រៀន​បញ្ចេញ​នូវ​ការ​កើត​ទុក្ខ​មិន​សុខចិត្ត ​ដោយ​អហិង្សា ​ដោយ​សីលធម៌ ​និង​បែប​ទទួល​ខុស​ត្រូវ​ទើប​ការ​ទាមទារ​របស់​យើង​ មិន​បង្កើត​ឱ្យ​មាន​បញ្ហា​បន្ថែម​ ហើយ​ការ​ទាមទារ​ប្រកប​ដោយ​អហិង្សា​សកម្ម ​អហិង្សា​មាន​សីលធម៌​ អហិង្សា​ដោយ​ការ​ទទួស​ខុស​ត្រូវ​ ខ្ញុំ​ជឿ​ថា ​អាច​មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​ច្រើន​ជាង​ជម្រើស​ដទៃ​ទៀត»។

បន្ទាប់​ពី​មាន​ការ​គប់​ស្បែក​ជើង​ទៅ​លើ​លោក​នាយករដ្ឋមន្រ្តី​រួច​មក​នោះ​ ​កូន​របស់​លោក​នាយករដ្ឋមន្រ្តី​ មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ និង​ក្រុម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​បាន​ចេញ​សារ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​នេះ​ ដោយ​ចាត់​ទុក​ថា ​ជា​អំពើ​ថោក​ទាប ​អសីលធម៌ ​ដែល​មិន​អាច​លើកលែង ​ឬ​សម្រាល​ទោស​កំហុស​ឱ្យបាន។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោកស្រី​ ចក់​ សុភាព​ បាន​សម្តែងការ​មិន​គាំទ្រ​នូវ​គ្រប់​ទម្រង់​សកម្មភាព​ហិង្សា​ទាំង​អស់ ​មិន​ថា​ ជា​អំពើ​ហិង្សា​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី​ ឬ​ទៅ​លើ​ប្រជាពលរដ្ឋ​ធម្មតា​នោះ​ទេ។

លោកស្រី​ថ្លែង​ថា៖ «យើង​មិន​ត្រូវ​លើក​ទឹក​ចិត្ត​នូវ​រាល់​ការ​ប្រើ​ហិង្សា ​ឬ​ការ​ជេរ​ប្រមាថ​គ្រប់​ទម្រង់​ទាំង​អស់ ​ហើយ​អាជ្ញាធរ​ត្រូវ​ប្តេជ្ញា​ឆ្លើយ​តប​ប្រឆាំង​នឹង​ទម្រង់​នូវ​ការ​ប្រើ​ហិង្សា​គ្រប់​ទម្រង់ ​ហើយ​ជា​ពិសេស​នៅ​ពេល​ដែល​កើត​ឡើង​ចំពោះ​ប្រជា​ពល​រដ្ឋ ​មិនមែន​ត្រឹម​តែ​នៅ​ពេល​ដែល​កើត​ឡើង​ចំពោះ​ថ្នាក់​ដឹក​នាំ​បាន​យើង​នាំ​គ្នា​តប​ត​ទេ។ អា​ហ្នឹង​យើង​អត់​បាន​បង្ហាញ​នូវ​គំរូ​ភាព​មួយ ​ហើយ​នឹង​បង្ហាញ​នូវ​ការ​[លុប​បំបាត់​]នូវអំពើ​ហិង្សា​នោះ​ទេ​ ពី​ព្រោះ​យើង​បាន​អនុញ្ញាត​ឱ្យអំពើ​ទាំង​អស់​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ ហើយ​ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន​ទៅ​វិញ»។

ការ​គប់​ពង​មាន់​ ស្បែក​ជើង​ គប់​ដប​ទឹក​សុទ្ធ ​ទះ​កំផ្លៀង ​បាន​កើត​មាន​ទៅ​លើ​មេដឹកនាំ​ជា​ញឹកញាប់​នៅ​ក្នុង​ពិភពលោក​ ក៏​ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ​ជា​ហេតុ​ការណ៍​ដ៏​កម្រ​មួយ។

ជា​មួយ​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុកលោក​ ស៊ឹង សែនករុណា​ យល់ថា​រាល់​ការ​បញ្ចេញ​មតិ​ណា​ដែល​បង្ក​ឱ្យមាន​ការ​ឈឺ​ចាប់​ គុំកួន​ សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក ​នោះ ​មិន​មែន​ជា​វិធី​ត្រឹមត្រូវ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ចំពោះ​ប្រទេស​ប្រជាធិបតេយ្យ​យើង​ឃើញ​ថា​ កើត​មាន​ឡើង​ច្រើន​ចំពោះ​បុគ្គល​សាធារណៈ ​សង្គម​កម្ពុជា​យើង​អត់​ដែល​ជួប​ អ៊ីចឹង​ហើយ​កាល​ណា​ការ​ប៉ះ​ទង្គិច​រឿង​ហ្នឹង​មក​លើ​មេ​ដឹកនាំ​នេះ ​គឺ​ជា​ការ​ឈឺ​ចាប់​ហើយ​ចំពោះ​អ្នក​ដែល​គាំ​ទ្រ​ឬ​ក៏​សកម្មជន​អី។ ​ក៏​ប៉ុន្តែ​រឿង​នេះ​ជា​គោល​ការណ៍​ខាង​សង្គម​ស៊ីវិល​យើង យើង​មិន​ចង់​ឃើញ​រូបភាព​ហិង្សា​ ឬ​ការ​បញ្ចេញ​មតិ​ណា​មួយ​ដែល​ធ្វើ​ឱ្យមាន​ភាព​ឈឺ​ចាប់​ បណ្តាល​ឱ្យមាន​ការ​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក​មាន​គំនុំ​គុំកួន​គ្នា​អាហ្នឹង​យើង​មិន​លើក​ទឹក​ចិត្ត​ទេ។ យើង​លើក​ទឹក​ចិត្ត​តែ​ក្នុង​ន័យ​តែ​បញ្ចេញ​មតិ​បែប​អហិង្សា​ដោយ​សន្តិវិធី​ក្នុង​ន័យ​រិះគន់​ស្ថាបនា»។

អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ករណី​បែប​នេះ​បាន​កើត​ឡើង​ច្រើន​នៅ​លើពិភពលោក​ ហើយ​មេដឹកនាំ​ទាំង​នោះ​មិន​ចាត់​ទុក​ថា​នេះ​ជា​បញ្ហា​ធំ​នោះ​ទេ។​

លោក​បន្ថែម​អំពី​ចំណុច​នេះ​ថា៖​ «អ៊ីចឹង​ចំណុច​ទាំង​អស់​នេះ​ ខ្ញុំ​គិត​ថា​ វា​មិន​មាន​បញ្ហា​អី​កើត​ឡើង​ទេ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ គឺ​ចៀសមិន​ផុត​ទេ​អំពី​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ការ​ដឹកនាំ ​មិន​អាច​ថា​មនុស្ស​រាប់​លាន​នាក់​ពេញ​ចិត្ត​គ្រប់​គ្នា​ទេ។ ក៏​ប៉ុន្តែ​សម្រាប់​យើង​កត់​សម្គាល់​ បណ្តា​ប្រទេស​មេដឹកនាំ​ពិភពលោក​ផ្សេងៗ ​គេ​ហាក់​ដូច​ជា​គេ​អត់​យក​រឿង​នេះ ​ជា​រឿង​សំខាន់​ទេ​ ចប់​បញ្ហា​ហ្នឹង​ក៏​គេ​បន្ត​បេសកកម្ម​បំពេញ​តួនាទី​គេ​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ទៅ​តាម​អ្វី​ដែល​ជា​តួនាទី​របស់​ខ្លួន​ឱ្យកាន់​តែ​ប្រសើរ​ទៅ ​ក៏​អាច​លុប​ចោល​នូវ​អ្វី​ដែល​ជា​ការ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ទាំង​ឡាយ​នោះ​ក៏​រលត់​ទៅ​តាម​ហ្នឹង​ទៅ»។

ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​រាល់​ការ​បញ្ចេញ​មតិ​ប្រកប​ដោយ​សីលធម៌​ អហិង្សា ​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ដំណោះស្រាយ​គ្រប់​បញ្ហា៕

XS
SM
MD
LG