ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​ឆ្លងកាត់​ទន្លេ


រថក្រោះ K2 របស់​កងទ័ព​កូរ៉េខាងត្បូង​ឆ្លងកាត់​ស្ពាន​បណ្តែត​លើ​ទន្លេ Namhan អំឡុងពេល​សមយុទ្ធ​ឆ្លងទន្លេ​រួមគ្នា​រវា​ងកូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក​នៅ​ទីក្រុង Yeoju ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។
រថក្រោះ K2 របស់​កងទ័ព​កូរ៉េខាងត្បូង​ឆ្លងកាត់​ស្ពាន​បណ្តែត​លើ​ទន្លេ Namhan អំឡុងពេល​សមយុទ្ធ​ឆ្លងទន្លេ​រួមគ្នា​រវា​ងកូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក​នៅ​ទីក្រុង Yeoju ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ពុធ​នេះ កងទ័ព​សហរដ្ឋ​អាមេរិក​និង​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​សមយុទ្ធ​សាងសង់​ស្ពាន​បណ្តែត​ទឹក​កាត់​តាម​ទន្លេ​សម្រាប់​រថពាស​ដែក​នានា​ឆ្លងកាត់ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​របស់​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​បាញ់​ភ្លើង​សញ្ញា ហើយ​រថពាស​ដែក​បាន​បាញ់​បំផ្ទុះ​ផ្សែង​ពណ៌​ស​ទៅ​លើ​អាកាស ខណៈពេល​ដែល​កង​រថក្រោះ​ប្រយុទ្ធ រថយន្ត​ដឹក​ទ័ព និង​រថយន្ត​យោធា​ផ្សេង​ទៀត​បាន​ឆ្លងកាត់​ស្ពាន​បណ្តែត​ទឹក​នេះ​នៅ​លើ​ទន្លេ Namhan ដែល​ស្ថិត​នៅ​ជិត​ទីក្រុង Yeoju នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល។

សមយុទ្ធ​យោធា​នេះ​ក៏​មាន​ការ​ចូលរួម​ផងដែរ​ពី​កង​រថពាស​ដែក​វាយ​ប្រហារ​នៃ​កងពល​ចល័ត​ទី ១១ របស់​យោធា​កូរ៉េ​ខាងត្បូង ដែល​កំពុង​ចូលរួម​ក្នុង​សមយុទ្ធ​លើ​ទីលាន​ដែល​មាន​រយៈពេល ១២ ថ្ងៃ ដោយ​បាន​ឆ្លងកាត់​ស្ពាន​បណ្តែត​ទឹក​នេះ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​កង​វិស្វកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ថ្កោលទោស​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ថា​បាន​បង្កើន​ឱ្យ​មាន​ភាព​តានតឹង និង​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ុក្កែត​និង​គ្រាប់​កាំភ្លើង​ធំ​ដើម្បី​ជា​ការ​ឆ្លើយតប។ កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​គឺ​ដើម្បី​ការពារ​ខ្លួន និង​ជា​ការ​ចាំបាច់​ដើម្បី​កម្លា​ប្រទេស​កូរ៉េ​ខាង​ជើង។

កងទ័ព​អាមេរិក​និង​កងទ័ព​កូរ៉េ​ខាង​ត្បូង​ប្រមាណ ១.០០០ នាក់​បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​យោធា​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​មាន​រថគ្រោះ​និង​រថពាស​ដែក​ប្រមាណ ៥០ គ្រឿង យន្តហោះ​ចម្បាំង​ប្រភេទ KF-16 និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ប្រភេទ Apache និង​ប្រភេទ Cobra ជា​ច្រើន​គ្រឿង ក៏​ដូចជា​ឧបករណ៍​វិស្វកម្ម​ជាង ១៤០ ប្រភេទ​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សម្ភារៈ​សម្រាប់​សាងសង់​ស្ពាន​បណ្តែត​ទឹក​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង៕

XS
SM
MD
LG