ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​និង​នាវា​ចម្បាំង​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​សមយុទ្ធ​ថ្មី​ចំពេល​មាន​ភាពតានតឹង​


ពលរដ្ឋ​​អង្គុយ​នៅ​ក្បែរ​ទូរទស្សន៍​មួយ​ដែល​ផ្សាយ​រូបភាព​ពី​​កូរ៉េខាងជើង​​បាញ់​សាកល្បង​មីស៊ីល នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២។
ពលរដ្ឋ​​អង្គុយ​នៅ​ក្បែរ​ទូរទស្សន៍​មួយ​ដែល​ផ្សាយ​រូបភាព​ពី​​កូរ៉េខាងជើង​​បាញ់​សាកល្បង​មីស៊ីល នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២។

នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​ USS Ronald Reagan​ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​កងទ័ព​ជើងទឹក​ជុំ​ថ្មី​មួយ​ទៀត​ជាមួយ​កងនាវា​ចម្បាំង​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃសុក្រ​នេះ​ គឺ​មាន​រយៈពេល​មួយ​ថ្ងៃ​បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​បាញ់​មីស៊ីល​កាន់តែ​ច្រើន​ និង​បាន​ហោះហើរ​យន្តហោះ​ចម្បាំង​ដើម្បី​បង្កើន​ភាពតានតឹង​ដាក់​គូប្រជែង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

នាវា​ Reagan ​និង​ក្រុមប្រយុទ្ធ​បាន​ត្រឡប់​ទៅ​ដែនទឹក​ក្បែរ​ឧបទ្វីប​កូរ៉េ​វិញ​ បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​បាញ់​មីស៊ីល​កាលពី​ដើម​សប្តាហ៍​នេះ ​ដែល​មាន​សមត្ថភាព​ផ្ទុក​នុយក្លេអ៊ែរ​ពីលើ​ប្រទេស​ជប៉ុន​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការហ្វឹកហ្វឺន​លើកមុន​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​នេះ​ជាមួយ​នាវា​កងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូង។ កូរ៉េ​ខាងជើង​ចាត់ទុក​សមយុទ្ធ​យោធា​អាមេរិក-កូរ៉េខាងត្បូង​ថា​ជា​ការ​ហាត់សម​ដើម្បី​ឈ្លានពាន​ប្រទេស​របស់​ខ្លួន។

សមយុទ្ធ​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ​ដែល​មាន​ការចូលរួម​ពី​នាវា​ពិឃាត​របស់​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​ និង​នាវា​ផ្សេង​ទៀត​ផងដែរ​ កំពុង​ធ្វើឡើង​នៅក្នុង​ដែនទឹក​អន្តរជាតិ​ ពី​ឆ្នេរ​សមុទ្រ​ភាគខាងកើត​នៃ​ឧបទ្វីប​កូរ៉េ។ អគ្គសេនាធិការ​កងទ័ពចម្រុះ​របស់​កូរ៉េ​ខាងត្បូង​បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ សមយុទ្ធ​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​ការពារ​របស់​សម្ព័ន្ធមិត្ត​ ហើយនឹង​រួម​បញ្ចូល​ការហ្វឹកហ្វឺន​ដើម្បី​អមដំណើរ​នាវា​ Reagan​ នៅ​ភាគអាគ្នេយ៍​នៃ​កោះ Jeju​ ដែល​ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រទេស​កូរ៉េ​ខាងត្បូង។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា៖ «យើង​នឹង​បន្ត​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ​ដ៏​រឹងមាំ​របស់​យើង​ និង​ការត្រៀមខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបង្ក​ហេតុ​ណាមួយ​ដោយ​កូរ៉េ​ខាងជើង»។

កូរ៉េ​ខាង​ជើង​អាច​នឹង​មាន​ប្រតិកម្ម​ចំពោះ​សមយុទ្ធ​ថ្មី​ដោយ​ការ​សាកល្បង​មីស៊ីល​បន្ថែម​ទៀត។ ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ ការដាក់​ពង្រាយ​ឡើងវិញ​របស់​ក្រុមនាវា​ផ្ទុក​យន្តហោះ​បង្ក​ «ការគំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្ថិរភាព​នៃ​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ ​និង​នៅក្នុង​តំបន់​ជុំវិញ​របស់​ខ្លួន»។

ល្បឿន​នៃ​ការសាកល្បង​អាវុធ​របស់​កូរ៉េ​ខាងជើង​ក្នុង​ឆ្នាំ​នេះ ​គឺ​មាន​បំណង​ពង្រីក​ឃ្លាំង​អាវុធ​របស់​ខ្លួន​ ដើម្បី​អាច​គំរាមកំហែង​យ៉ាង​ច្បាស់​ដល់​ដែនគោក​របស់​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ បន្ទាប់មក​ចូលតុ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ដោយ​ស្ថានភាព​ខ្លាំង​ជាង​ក្នុង​នាម​ជា​រដ្ឋ​មាន​នុយក្លេអ៊ែរ​ដែល​ត្រូវ​តែ​ទទួល​ស្គាល់។

ការបាញ់​មីស៊ីល​ផ្លោង​ចំនួន​ពីរ​លើកកាលពី​ថ្ងៃព្រហស្បតិ៍​គឺជា​ការបាញ់​ជុំ​ទីប្រាំមួយ​របស់​កូរ៉េ​ខាងជើង​ក្នុង​រយៈពេល​តិច​ជាង​ពីរ​សប្តាហ៍។

លោក Heo Tae-keun​ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទទួល​បន្ទុក​គោលនយោបាយ​ការពារ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​សមាជិក​សភា​កាលពី​ដើម​សប្តាហ៍​នេះថា​ កូរ៉េ​ខាងជើង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការធ្វើតេស្ដ​នុយក្លេអ៊ែរ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​៥ ​ឆ្នាំ​ ហើយ​កំពុង​រៀបចំ​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប​ដែល​ប្រើ​ឥន្ធនៈរាវ​ និង​មីស៊ីល​ផ្លោង​បាញ់​ចេញ​ពី​នាវា​មុជទឹក។

នៅ​ថ្ងៃសុក្រ​នេះ​ លោក Heo ​បាន​សន្ទនា​តាម​វីដេអូ​ជា​ត្រី​ភាគី​ជាមួយ​សមភាគី​អាមេរិក​ និង​ជប៉ុន​ ដើម្បី​ពិភាក្សា​អំពី​ការសាកល្បង​មីស៊ីល​នាពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាងជើង។ ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ មន្ត្រី​ទាំង៣​បាន​សង្កត់ធ្ងន់​លើ​កិច្ចសហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ក្នុង​ចំណោម​ប្រទេស​ទាំងបី​នឹង​ត្រូវ​បាន​ពង្រឹង​ ប្រសិនបើ​កូរ៉េ​ខាងជើង​នៅតែ​បន្ត​ការបង្កហេតុ​របស់​ខ្លួន៕

XS
SM
MD
LG