រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងពិនិត្យនិងធ្វើបច្ចុប្បន្នភាពឡើងវិញលើយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការអភិវឌ្ឍមីស៊ីលនិងអាវុធរបស់កូរ៉េខាងជើង កំពុងបង្កើនអស្ថិរភាពសម្រាប់សន្តិសុខក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បន្ទាប់ពីលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook មក។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាផ្សេងៗទៀតក្រៅពីបញ្ហានៅឧបទ្វីបកូរ៉េ។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងបង្អស់ ដោយគូសបញ្ជាក់ឡើងវិញអំពី «សារៈសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងចំពេលដែលទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីជួបពិភាក្សាជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន។ សេចក្តីថ្លែងការណ៍នេះ ក៏បានធ្វើឡើងផងដែរ ក្រោយពេលអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe លើកឡើងកាលពីថ្ងៃពុធថា ការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់ គឺជាគ្រោះថ្នាក់សម្រាប់ប្រទេសជប៉ុន។
លោក Austin និងប្រធានក្រុមនាយសេនាធិការកងទ័ពសហរដ្ឋអាមេរិកលោកនាយឧត្តមសេនីយ៍ Mark Milley កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្រាប់ការពិភាក្សាយោធាប្រចាំឆ្នាំជាលើកដំបូងបង្អស់ជាមួយមន្ត្រីកូរ៉េខាងត្បូង ចាប់តាំងពីពេលដែលលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក និងជាលើកចុងក្រោយមុនពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បញ្ចប់អាណត្តិរបស់លោកនៅខែឧសភាឆ្នាំក្រោយ៕