ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រកាត់ដេរអាមេរិកសាងសង់ទារកដ្ឋានដើម្បីជួយកម្មករខ្មែរ


រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ និងភារធារីស្ថានទូតអាមេរិកនៅកម្ពុជាអ្នកស្រី Bridgette L. Walker ក្នុងពិធីសម្ពោធសាងសង់ទារកដ្ឋានក្រុមហ៊ុនអ៊ីលីថិច នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (Facebook / ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ)
រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ និងភារធារីស្ថានទូតអាមេរិកនៅកម្ពុជាអ្នកស្រី Bridgette L. Walker ក្នុងពិធីសម្ពោធសាងសង់ទារកដ្ឋានក្រុមហ៊ុនអ៊ីលីថិច នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (Facebook / ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ)

រោងចក្រ​អាមេរិក​ដែល​ធ្វើការ​លើ​ផ្នែក​កាត់​ដេរ​មួយ​ក្នុង​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង បាន​បើក​ការ​ដ្ឋាន​សាង​សង់​ទារកដ្ឋាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយស្ថានទូតអាមេរិក​បញ្ជាក់​ថា ​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រោងចក្រ​ទៅ​លើ​កម្មករ​ខ្មែរ។

ពិធី​បើក​ការ​ដ្ឋាន​នេះ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ ហេង សួរ និង​អ្នកស្រី​ Bridgette L. Walker ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។

ទារក​ដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុមហ៊ុន​អ៊ីលីថិច Ealytex Garment នៅ​ក្នុង​ភូមិ​ផ្សារត្រាច ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

អ្នកនាំពាក្យក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក កត្តា អ៊ន ថ្លែង​ថា​ ការ​បើក​ការ​ដ្ឋាន​សាងសង់​ទារកដ្ឋានក្រុមហ៊ុនអ៊ីលីថិច ​មិន​មែន​ជា​ទារកដ្ឋាន​ដំបូង​នៅ​កម្ពុជា​ទេ នៅក្នុង​ការ​មើល​ថែទាំ​កូនៗ​តូចៗ​របស់​កម្មករ​និយោជិត។ ទោះជាយ៉ាងណាក្តី ក៏​លោក​បានអំពាវនាវ​ឱ្យ​និយោជក​បង្កើត​ទារក​ដ្ឋាន​មើល​ថែទាំ​កូនៗរបស់កម្មករ​និយោជិត​ក្នុង​ប្រទេស​កម្ពុជា។

លោកថ្លែងថា៖ «ក្រសួង​ការ​ងារ​បាន​លើក​ទឹក​ចិត្ត​ដល់​និយោជក​ឱ្យ​ធ្វើ​ការ​បង្កើត​ទារកដ្ឋាន​ក្នុង​តំបន់​រោងចក្រ​របស់​ខ្លួន ដើម្បី​ធានា​និង​ផ្តល់​ការ​មើល​ថែទាំ​ដល់​កូនៗ​របស់​កម្មករ​និយោជិត​យើង​ឱ្យ​បាន​ល្អ​ ទាំង​ការ​ថែទាំ​សុខភាព ទាំង​ការ​សិក្សា ទាំងការ​ចំណី​អាហារ​ផ្សេងៗ​ទាំងអស់ [...] ដូច្នេះ​ហើយ​ក្រសួង​សូម​អំពាវនាវ​បន្ថែម​ទៀត​ទៅ​ដល់​និយោជក​ទាំង​អស់​ សូម​ធ្វើ​ការ​ពិចារណានិង​ចូលរួម​ក្នុង​ការ​កសាង​ទារកដ្ឋាន​សម្រាប់​បងប្អូន​កម្មករ​និយោជិត​ក្នុង​ការ​ធានា​ផ្តល់​ទំនុក​ចិត្ត និង​ការ​មើល​ថែទាំ​កូនៗរបស់​បងប្អូន​កម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស»។

ចំណែក​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​ ទារក​ដ្ឋាន​នេះ​ជា​ឧទាហរណ៍មួយទៀត​នៃ​ក្រុមហ៊ុន​អាមេរិក ដែល​ទទួល​បាន​ជោគ​ជ័យ​នៅ​កម្ពុជា​ក្នុង​ការ​អនុវត្ត​ស្តង់ដារ​ការងារ​ខ្ពស់ រួម​ទាំង​ការ​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ត្រឹម​ត្រូវ។ ស្ថានទូត​បញ្ជាក់​ថា ​ទារក​ដ្ឋាន​នេះ​នឹង​ផ្តល់​នូវ​បរិយាកាស​ការងារ ដែល​មាន​សុវត្ថិភាព និង​ការថែទាំ​ដល់​កូន​តូចៗ​របស់​កម្មករ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG