ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការកងទ័ពជើងគោកអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជា


មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកលោក Ronald P. Clark និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នានៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកលោក Ronald P. Clark និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នានៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

មេបញ្ជា​ការ​កង​ទ័ពជើង​គោក​សហ​រដ្ឋ​អាមេរិកលោក​ Ronald P. Clark ​នៅ​ថ្ងៃ​ចន្ទ ​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ ​ដែល​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ត្រូវ​បាន​ភាគី​កម្ពុជា​មើល​ឃើញ​ថា​ដើម្បី​កសាង​ទំនុក​ចិត្ត​និង​ការ​ជឿ​ជាក់​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កង​ទ័ពជើង​គោក​កម្ពុជា ​ចុះ​ថ្ងៃ​ទី ២១​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៥។​

ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ​២៤ ​ដល់​ថ្ងៃ​ទី ​២៥ ​ខែ​កុម្ភៈ។ ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​លោក​ Ronald P. Clark​ ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​លោក ​ទៀ សីហា ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ​និង​លោក ​វង្ស ពិសេន ​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើង​គោក​កម្ពុជា។​

លោក ​Ronald P. Clark ក៏​នឹង​មាន​ជំនួប​ជាមួយ​លោក​ ម៉ៅ សុផាន់​ អគ្គ​មេបញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​កម្ពុជា ​នៅ​ទី​បញ្ជា​ការ​ បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក ​ដែល​«នឹង​ពិភាក្សា​ស៊ី​ជម្រៅ​ក្នុង​គោល​បំណង​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​ សំដៅ​កសាង​ទំនុក​ចិត្ត​ និង​ការ​ជឿ​ជាក់​ក្នុង​វិស័យ​ការ​ពារ​ជាតិ​រវាង​ប្រទេស​ទាំងពីរ»។​

បើ​តាម​សេចក្តី​ប្រកាស​របស់​កង​ទ័ព​ជើង​គោក​កម្ពុជា ​ដំណើរ​ទស្សន​កិច្ច​នេះកើត​មាន​ឡើង ​ស្រប​ពេល​ខួប​លើក​ទី ៧៥ ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​និងសហរដ្ឋអាមេរិក​ ហើយ​នេះ​ជា​លើក​ទី ២ ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​កងទ័ព​ជើង​គោក​អាមេរិក​មក​កម្ពុជា។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ម៉ាលី ​សុជាតា ​អ្នក​នាំពាក្យក្រសួង​ការពារជាតិ​បាន​នៅ​ឡើយ​ទេ។​

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ​លោក ​ឯម សុវណ្ណារ៉ា​ យល់​ថា​ ប្រទេស​ទាំង​ពីរ​មាន​ការ​ជជែក​គ្នា ​ដែល​លោក​មើល​ឃើញ​ថា​ បំបាត់​ភាព​មន្ទិល​សង្ស័យ ​ដូច​ជា​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ​ដែល​ត្រូវ​បាន​ផ្តល់​ជំនួយ​ដោយ​ចិន និង​កសាង​ដោយ​អ្នក​ជំនាញ​របស់​ចិន។​ លោក​បន្ថែម​ថា ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​(Donald Trump) កំពុង​តែ​ពង្រឹង​សម្ព័ន្ធ​មិត្ត​របស់​លោក​នៅ​តំបន់​អាស៊ី។​

លោក​ថ្លែង​ថា៖​ «ហើយ​នៅ​កម្ពុជា​ ទោះ​បី​មិន​ទាន់​ទៅ​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ ​ប៉ុន្តែ​កម្ពុជា​ត្រូវ​បាន​សហរ​ដ្ឋ​អាមេរិក​មើល​ឃើញ​ថា ​មាន​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ជាមួយ​ចិន។​ អ៊ីចឹង​បើ​សិន​ជា​សហ​រដ្ឋ​អាមេរិក​លូក​មក​កម្ពុជា​ច្រើន​ អ៊ីចឹង​អា​ភាព​លម្អៀង​ ឬ​ទំនោរ​ទៅ​ចិន​ក៏​អាច​កាត់​បន្ថយ​ដែរ»។​

លោក ​ឯម សុវណ្ណារ៉ា ​បន្ថែម​ថា ​បើ​សិន​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជាលោក ​ហ៊ុន ម៉ាណែត ​ដែល​បាន​សិក្សា​នៅ​សាលា​យោធា​ West Point ​សហ​រដ្ឋ​អាមេរិក​អាច​ធ្វើ​ឲ្យ​កម្ពុជា​និង​អាមេរិក​មាន​សមយុទ្ធ​រួម​គ្នា​ឈ្មោះ​ថា ​«ឆ្មាំ​អង្គរ»​ ឡើង​វិញ ​នោះ​លោក​មើល​ឃើញ​ថា​ជា​សញ្ញាណ​ល្អ​សម្រាប់​ទំនាក់​ទំនង​ទ្វេ​ភាគី។

ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​អាមេរិក​ហាក់​មាន​ភាព​រកាំ​រកូស​ជា​បន្ត​បន្ទាប់។ ​កាល​ពី​ឆ្នាំ​មុន ​សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់​និង​ការ​បោក​ប្រាស់​តាម​អនឡាញ។ ​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា ​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ លី យ៉ុងផាត់ ​ដែល​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​«មាន​ចេតនា​នយោបាយ ​និង​ផ្ទុយ​ទាំង​ស្រុង​ពី​ស្មារតី​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី ​និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»​រវាង​ប្រទេស​ទាំង​ពីរ។​

ជាមួយ​គ្នា​នោះ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កាន់​តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​បង្ក​ក្តី​បារម្ភ​ដល់​សហ​រដ្ឋ​អាមេរិក៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG