នៅក្នុងប្រទេសថៃ ក្រុមអង្គការសិទ្ធិមនុស្សនិងពួកសកម្មជន បានរិះគន់ការកាត់ទោសនិស្សិតសាកលវិទ្យាល័យ២នាក់កាលពីថ្ងៃច័ន្ទឲ្យជាប់ពន្ធនាគារចំពោះការរៀបចំរឿងល្ខោនមួយនៅឆ្នាំ២០១៣ដែលពួកចៅក្រម បានកាត់សេចក្តីថា បានរំលោភបំពានព្រះមហាក្សត្រថៃ។ អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងទីក្រុងញូវយ៉ក បានហៅការកាត់ទោសនោះថា ជាការប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសថៃ។
កាលពីថ្ងៃច័ន្ទ តុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសសកម្មជននិពន្ធល្ខោន២នាក់ឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែចំពោះតួនាទីខាងនយោបាយមួយផ្នែករបស់ពួកគេនៅឆ្នាំ២០១៣ ដែលត្រូវបានគេរកឃើញថាបានប្រមាថមើលងាយក្រុមរាជវង្សានុវង្សថៃ។
ចៅក្រមដែលបានកាត់ទោសកាលពីដំបូងឲ្យពួកគេឲ្យជាប់ពន្ធនាគារ៥ឆ្នាំ បានបន្ធូរបន្ថយទោសបន្ទាប់ពីសកម្មជនទាំងនោះ បានសារភាពទទួលទោសកំហុស។
សមាជិកក្រុមគ្រួសារនៅក្នុងបន្ទប់តុលាការដែលមានមនុស្សកកកុញ បានស្រែកយំបន្ទាប់ពីការកាត់ទោសបានសម្រេចដើម្បីដាក់ទោសឲ្យលោក Patiwat Saraiyaem អាយុ២៣ឆ្នាំនិងលោក Porntip Mankong អាយុ២៦ឆ្នាំ ជាប់ពន្ធនាគារចំពោះតួនាទីរបស់ពួកគេនៅក្នុងការនិពន្ធរឿងល្ខោនដែលដៀលត្មះមានឈ្មោះថា «កូនក្រមុំចចក» ហៅជាភាសាអង់គ្លេសថា «The Wolf Bride» នៅក្នុងព្រះរាជណាចក្រប្រឌិតមួយ។
ល្ខោននេះ ជាផ្នែកមួយនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់ដើម្បីកត់សម្គាល់ខួបលើកទី៤០ នៃការងើបបះបោររបស់និស្សិតប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការរបស់ពួកយោធានៅពេលនោះ។
អ្នកទាំង២ បានសារភាពជាមួយតុលាការដោយនិយាយថា ពួកគេ មិនធ្លាប់បានទទួលការកាត់ទោសណាមួយកាលពីពេលមុនទេ។
លោក Ayakarn Saraiyaem ឪពុករបស់លោក Patiwa សង្ឃឹមថា តុលាការនឹងបង្ហាញពីការអត់ឱន។
«លោក Ayakarn និយាយថា លោក មានការរកាំចិត្តពីសាលក្រមដែលដាក់ទោសអ្នកទាំង២ដែលគ្មានទោសកាលពីពេលមុនហើយពួកគេ មិនមានបំណងធ្វើឲ្យព្រះមហាក្សត្រអាម៉ាស់ទេ»។
ក្រុមគាំទ្រនិស្សិតដ៏តូចមួយ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការដោយច្រៀងចម្រៀងរបស់ពួកសកម្មជន។
នៅក្នុងសេចក្តីថ្លែងការណ៍ អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងទីក្រុងញូវយ៉ក បានថ្កោលទោសសាលក្រមនោះ ដោយបានហៅការសម្រេចថាជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយទៀតដល់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសថៃហើយនឹងជាសញ្ញាដ៏ខ្មៅងងឹតមួយទៀតលើកេរ្តិ៍ឈ្មោះដែលបានទទួលរងការខូចខាតរួចទៅហើយនៅលើឆាកអន្តរជាតិរបស់ប្រទេសថៃ។
សកម្មជនទាំង២នាក់នោះ បានត្រូវតុលាការកាត់ឲ្យមានទោសនៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្ររបស់ថៃដែលត្រូវរៀបចំឡើងដើម្បីការពារសមាជិកជាន់ខ្ពស់របស់ក្រុមរាជវង្សានុវង្សកុំឲ្យគេបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថមើលងាយនិងគំរាមកំហែង។
ច្បាប់នោះស្ថិតនៅក្រោមក្រមព្រហ្មទណ្ឌ ដែលអនុញ្ញាតឲ្យកាត់ទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំឬច្រើនជាងនោះចំពោះអ្នកដែលត្រូវរកឃើញមានទោសកំហុស៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន