នៅមានភាពតានតឹងតទៅទៀតរវាងក្រុមប្រឹក្សាយោធានៃប្រទេសថៃដែលបានក្តាប់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសនេះកាលពីខែឧសភាមុននិងស.រ.អា.ដែលបានអំពាវនាវឲ្យមានការបញ្ចប់ច្បាប់អាជ្ញាសឹកនិងការវិលត្រទ្បប់មកវិញនៃការគ្រប់គ្រងបែបប្រជាធិបតេយ្យ។ ការណ៍នេះបាននាំឲ្យមានការប្រែប្រួលនៅក្នុងសមយុទ្ធហ្វឹកហ្វឺនយោធាពហុជាតិប្រចាំឆ្នាំនៅក្នុងព្រះរាជាណាចក្រថៃ។
មានការរង្គើផែនដីខ្លាំងមួយនៅក្នុងប្រទេសអាស៊ីមួយនេះ។ ប្រទេសនានាមានការព្រួយបារម្ភក្នុងការជួយសង្គ្រោះជនជាតិបស់គេដែលមានការភ័យខ្លាចនិងនាំយកពួកគេចេញពីគ្រោះថ្នាក់។ នេះជាឆាកដែលត្រូវបានរៀបចំឲ្យមានទ្បើងនៅជាប់នឹងឈូងសមុទ្រថៃកាលពីថ្ងៃអាទិត្យនៅក្នុងសមយុទ្ធយោធាមួយឈ្មោះ Cobra Gold។
សមយុទ្ធពហុជាតិប្រចាំឆ្នាំនេះដែលមានធ្វើជាង៣០ឆ្នាំមកហើយនោះ នៅឆ្នាំនេះមានទាក់ទិននឹងអ្នកចូលរួមនិងពួកអ្នកសង្កេតការប្រមាណ៦ពាន់៧រយនាក់មកពីប្រទេសជាតិ២៤។
ក៏ប៉ុន្តែសមយុទ្ធនៅឆ្នាំ២០១៥នេះសឹងតែមិនអាចកើតមានបាន។ ស.រ.អា.បានពិចារណាយ៉ាងខ្លាំងអំពីការលប់ចោលសមយុទ្ធនេះនៅក្រោយពួកយោធានៃប្រទេសថៃបានធ្វើរដ្ឋប្រហារមួយទៀតកាលពីឆ្នាំទៅមិញ។ នៅទីបញ្ចប់ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តកាត់បន្ថយសមយុទ្ធ Cobra Gold នេះ។
លោក Gregory Poling ជាអ្នកវិភាគនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាខាងយុទ្ធសាស្ត្រនិងខាងអន្តរជាតិហៅកាត់ថា CSIS នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកនិយាយថា ស.រ.អា.ចង់បញ្ជូនសារមួយទៅឲ្យប្រទេសថៃ។ «ស.រ.អា.នៅតែជាមិត្តយូរយាមកហើយមួយនៃប្រទេសថៃ។ ប្រទេសថៃជាសម្ព័ន្ធមិត្តយូរបំផុតរបស់យើងក្នុងទ្វីបអាស៊ី ក៏ប៉ុន្តែក៏មានសញ្ញាមួយនៃការមិនសប្បាយចិត្តជាមួយរដ្ឋប្រហារនោះដែរ»។
លោកឧត្តមនាវីត្រី Wannapol Glormgeao នៃកងរាជនាវីថៃបានសម្តែងការធូរចិត្តដោយសមយុទ្ធ Cobra Gold បានប្រព្រឹត្តិទៅតាមការកំណត់ក្នុងឆ្នាំ២០១៥នេះ។ តែយ៉ាងណាក៏ដោយក៏លោកបានសោកស្តាយអំពីការគ្មានផ្នែកទាហានជើងទឹកទ្បើងគោក។
ឧត្តមនាវីត្រីរូបនេះនៃកងទ័ពជើងទឹកថៃបានសម្តែងការអរគុណដល់ប្រទេសទាំងអស់ដែលបានចូលរួមក្នុងសមយុទ្ធនេះ ដោយលោកបានមានប្រសាសន៍ថា សមយុទ្ធនេះ«មានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗក្នុងការកែលម្អការកសាងទំនាក់ទំនងនិងក្នុងការប្តូរការពិសោធន៍រវាងគ្នាផងដែរ។»
លោកពន្យល់ថា ការធ្វើដូចហេតុការណ៍ទាំងនេះមានសារៈសំខាន់សម្រាប់កិច្ចប្រតិបត្តិការយោធាមែនទែន។
លោក Hector Contreras អនុសេនិយឯកនៃកងទាហាន Marine ស.រ.អា.ដែលជាមេបញ្ជាការនៃបេសកកម្មយោធាស.រ.អា.សម្រាប់ការជម្លៀសពួកជនស៊ីវិលយល់ស្របជាមួយការយល់ឃើញរបស់លោក Wannapol Glormgeao។
លោកបានមានប្រសាសន៍ថា៖«ប្រសិនបើមានកិច្ចប្រតិបត្តិការពិតប្រាកដមួយកើតមានទ្បើងដូចជាការផ្តល់ជំនួយមនុស្សធម៌និងការផ្តល់ជំនួយសង្គ្រោះគ្រាមានមហន្តរាយជាដើម យើងដឹងថាយើងមានដៃគូនៅក្នុងតំបន់នេះនៃពិភពលោកដូចជាថៃ ជប៉ុនជាដើមដែលអាចធ្វើជាដៃគូជាមួយយើងបានក្នុងការពង្រឹងសមត្ថភាពរបស់យើងដើម្បីជួយប្រជារាស្ត្រក្នុងមូលដ្ឋាន»។
តើនៅឆ្នាំក្រោយសមយុទ្ធ Cobra Gold នឹងមានសភាពដូចនៅឆ្នាំនេះឬទេ ជាពិសេសប្រសិនបើប្រទេសថៃនៅតែឋិតនៅក្រោមការគ្រប់គ្រងដោយយោធាតទៅទៀតនោះ? អ្នកវិភាគ Gregory Poling នៃមជ្ឈមណ្ឌល CSIS និយាយថា វាអាស្រ័យលើកត្តាមួយចំនួន។
«រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអន្ទះសាចង់ឃើញពិតប្រាកដនៅពេលណាក្រុមយោធាថៃគ្រោងនឹងថយជំហាននិងធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីធ្វើឲ្យច្បាស់លាស់ថា យើងចង់ឲ្យមានតុល្យភាពបន្តិច។ ក៏ប៉ុន្តែយើងរំពឹងថានឹងឃើញមានការវិលត្រទ្បប់ទៅកាន់ការបោះឆ្នោតប្រជាធិបតេយ្យវិញនៅចុងឆ្នាំ២០១៥ឬនៅដើមឆ្នាំ២០១៦»។
ពួកអ្នកគាំទ្រឲ្យមានការធ្វើសមយុទ្ធ Cobra Gold តទៅទៀតបាននិយាយថា ប្រសិនបើពួកយោធាស.រ.អា.ជ្រើសរើសមិនធ្វើការទាក់ទងជាមួយប្រទេសថៃ ក្រុមប្រឹក្សាយោធាថៃអាចស្វះស្វែងឲ្យមានចំណងទាក់ទងជិតស្និទ្ធជាងមុនជាមួយប្រទេសចិន៕
ប្រែសម្រួលដោយ ឈឹម សុមេធ