កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរថៃបានចោទប្រកាន់លោកស្រីយ៉ីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្រ្តីពីផែនការទិញស្រូវអង្ករដ៏ធ្វេសប្រហែសក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោកស្រី។លោកស្រីយ៉ីងឡាក់មិនបានបង្ហាញខ្លួននៅឯសវនការកាត់ទោសក្នុងទីក្រុងបាងកកទេ ក៏ប៉ុន្តែមេធាវីរបស់លោកស្រីនិយាយថា លោកស្រីមិនត្រូវបានគេតម្រូវឲ្យបង្ហាញខ្លួនទេ ហើយលោកស្រីគ្មានបំណងរត់គេចពីព្រះរាជាណាចក្រដែរ។ ក្រុមអ្នកគាំទ្រលោកស្រីនិយាយថា ការចោទប្រកាន់ប្រឆាំងលោកស្រីជាមូលហេតុខាងនយោបាយ។
ការចោទប្រកាន់លោកស្រីនាយករដ្ឋមន្រ្តីជាប់ឆ្នោតថៃដែលធ្វើឡើងថ្មីៗនេះបានត្រូវគេរំពឹងទុកជាយូរយារណាស់មកហើយ។
បន្ទាប់ពីបានប្រគល់ឯកសាររាប់សិបប្រអប់ទៅឲ្យតុលាការកំពូល ការិយាល័យអគ្គមេធាវីបានប្រកាសថា លោកស្រីយ៉ីងឡាក់ ស៊ីណាវ៉ាត្រា បានត្រូវរងការចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងតួនាទីរបស់ខ្លួន។ ប្រសិនបើកាត់ឲ្យជាប់ទោសពីការធ្វេសប្រហែសនិងការខកខានមិនបានរារាំងអំពើពុករលួយ លោកស្រីត្រូវជាប់ពន្ធនាគាររយៈពេលមួយទសវត្សរ៍។ រដ្ឋាភិបាលដែលឥឡូវនេះស្ថិតនៅក្រោមការត្រួតត្រារបស់ក្រុមយោធាក៏កំពុងពិចារណាពីការប្តឹងខាងរដ្ឋប្បវេណីប្រឆាំងលោកស្រីអតីតនាយករដ្ឋមន្រ្តីដើម្បីស្វះស្វែងរកប្រាក់សំណងចំពោះការខូចខាតចំនួន១៨ពាន់លានដុល្លារ។
ការចោទប្រកាន់នេះកើតចេញពីផែនការធ្វេសប្រហែសរបស់រដ្ឋាភិបាលដែលក្នុងនោះគេបានសន្យាដល់កសិករដាំស្រូវថា កសិផលនឹងត្រូវទិញខ្ពស់ជាងតម្លៃទីផ្សារ។ ការជួយឧបត្ថម្ភនេះបានធ្វើឲ្យមានការស្តុកទុកស្រូវអង្ករដ៏ច្រើន។ ស្រូវអង្ករខ្លះបានខូចនៅក្នុងឃ្លាំងហើយបាននាំឲ្យមានការចោទប្រកាន់ថា មានការខ្ជះខ្ជាយប្រាក់រាប់ពាន់លានដុល្លារ។ ក៏ប៉ុន្តែអតីតនាយករដ្ឋមន្រ្តីបានបញ្ជាក់ម្តងហើយម្តងទៀតថា លោកស្រីមិនបានធ្វើអ្វីខុសទេ។
លោក Surasak Threerattrakul អគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតរបស់ការិយាល័យព្រះរាជអាជ្ញានិយាយថា តុលាការកំពូលនឹងសម្រេចនៅថ្ងៃទី១៩ ខែមិនាខាងមុខនេះថាតើនឹងបន្តរឿងក្តីនេះឬក៏អត់។
លោក Pichit Cheunban មេធាវីរបស់លោកស្រីយ៉ីងឡាក់និយាយថា កូនក្តីរបស់លោកនឹងតវ៉ាការចោទប្រកាន់រឿងក្តីព្រហ្មទណ្ឌនេះ។
មេធាវីនិយាយថា «លោកស្រីយ៉ីងឡាក់បានបញ្ជាក់ឡើងវិញហើយថា នៅពេលដែលលោកស្រីទទួលបានឯកសារចម្លងលម្អិតពីការចោទប្រកាន់នោះហើយសវនការលើកទី១នឹងត្រូវកំណត់ លោកស្រីនឹងមានវត្តមាននៅតុលាការដើម្បីដំណើរការរឿងក្តីនេះ។
កាលពីខែមុន ក្រុមមេដឹកនាំយោធាបានបដិសេធមិនផ្តល់ការអនុញ្ញាតិឲ្យលោកស្រីអតីតនាយករដ្ឋមន្រ្តីធ្វើដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីធ្វើឲ្យប្រាកដថា លោកស្រីស្ថិតនៅក្នុងប្រទេសថៃដើម្បីប្រឈមការចោទប្រកាន់។
លោកស្រីយ៉ីងឡាក់បានត្រូវគេបង្ខំឲ្យចុះពីតំណែងបន្ទាប់ពីតុលាការបានចោទប្រកាន់លោកស្រីពីការប្រើអំណាចហួសកាលពីខែឧសភាឆ្នាំទៅ ភ្លាមៗមុនពេលក្រុមយោធាបានដណ្តើមការត្រួតត្រារដ្ឋាភិបាល។
ក្រុមមេដឹកនាំយោធាមិនបានលាក់បាំងពីគោលបំណងនៃការកំចាត់ឥទ្ធិពលខាងនយោបាយរបស់គ្រួសារស៊ីណាវ៉ាត្រាឡើយ៕