ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​បាន​តំណែង​ប្រធាន​គណៈកម្មការ​ពីរ​នៅ​ព្រឹទ្ធសភា


សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ពិនិត្យ​ឯកសារ​ច្បាប់​ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​តុលា​ឆ្នាំ​២០០៤។
សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ពិនិត្យ​ឯកសារ​ច្បាប់​ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​តុលា​ឆ្នាំ​២០០៤។

ក្រោយ​ពី​សមាជិករដ្ឋសភា​បាន​បោះ​ឆ្នោត​តែង​តាំង​អនុប្រធាន​ទី​១​នៃ​សភា​ជាតិ ​និង​គណៈកម្មការ​ជំនាញ​ចំនួន​៥​មក​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​មក​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះ​ឆ្នោត​ប្រគល់​តួនាទី​ប្រធាន​ និង​អនុប្រធាន​គណៈកម្មការ​ចំនួន​២​បន្ថែម​ទៀត​ដល់​គណបក្ស​សម​ រង្ស៊ី​ ដោយ​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​កាល​ពី​ខែ​សីហា។​

យោង​តាម​លទ្ធផលបោះ​ឆ្នោត​បាន​បង្ហាញ​ថា​ លោក​គង់ គាំ​ ប្រធាន​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​បោះ​ឆ្នោត​តែង​តាំង​ជា​ប្រធាន​គណៈ​កម្មការ​ទី​១​គឺ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត​ និង​ទំនាក់​ទំនង​រដ្ឋ​សភា​ព្រឹទ្ធសភា​ដោយ​ប្តូរពី​គណបក្ស​សម រង្ស៊ី​មក​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ហុង សុខហួរ​ត្រូវ​បាន​បោះ​ឆ្នោត​តែង​តាំង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​ដែល​ទើប​នឹង​បង្កើត​ថ្មី​គឺ​គណៈកម្មការ​អង្កេត​ បោស​សម្អាត​ និង​ប្រឆាំង​អំពើ​ពុក​រលួយ។

សមាជិក​ព្រឹទ្ធសភា​ក៏​បាន​បោះ​ឆ្នោត​តែង​តាំង​លោក​យូ ស៊ាងហេង​ ជា​អនុ​ប្រធាន​គណៈកម្មការ​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជន​បទ​ បរិស្ថាន​ និង​ ធនធាន​ទឹក​ និង​លោក​ ទា វណ្ណុល​ ជា​អនុប្រធាន​គណៈ​កម្មការ​អប់រំ ​យុវជន​កីឡា​ ធម្មការ​ កិច្ចការ​សាសនា​ វប្បធម៌ ​និង​ទេសចរណ៍​ ព្រម​ទាំង​សមាជិក​គណៈ​កម្មការ​ទាំង​១០​របស់​ស្ថាប័ន​ព្រឹទ្ធ​សភា។​

យោង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​សង្គ្រោះជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ខែសីហា​បាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​ផ្តល់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ និង​អនុ​ប្រធាន​គណៈ​កម្មការ​ជំនាញ​របស់​ព្រឹទ្ធ​សភា​ដល់​គណបក្ស​សង្គ្រោះជាតិ។ ​ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​ទទួល​តំណែង​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​សភា​រួច​មក។​

លោក​គង់ គាំ​ ប្រធាន​គណបក្ស​សម រង្ស៊ី​ ដែល​ទើប​និង​ជាប់​ឆ្នោត​ជាប្រធាន​គណៈ​កម្មការ​ទី​១​របស់​ព្រឹទ្ធ​សភាក្នុងនាម​គណបក្សសង្គ្រោះជាតិ​ មាន​ប្រសាសន៍ថា ​លទ្ធផលការ​បោះឆ្នោត​នេះ​បាន​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នៃ​គណបក្ស​ទាំង​ពីរ​កាល​ពី​ខែ​សីហា។​

លោក​បាន​បញ្ជាក់​ថា ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គណបក្ស​ប្រឆាំង​មាន​តួនាទី​កាន់​កាប់​មុខ​តំណែង​ខ្លះ​ក្នុង​គណៈកម្មការ​ជំនាញ​របស់​ស្ថាប័ន​ព្រឹទ្ធសភា​ ហើយ​លោក​តាំង​ចិត្តថា ​នឹង​ធ្វើ​កិច្ចការ​នៅ​ក្នុង​ព្រឹទ្ធសភា​តាម​របៀប​ពហុបក្ស។

លោក​និយាយ​ថា៖ ​«យើង​ក៏មាន​ការ​រីករាយ ​និង​ក៏​ទទួល​លទ្ធផលបោះ​ឆ្នោត​នេះ​ហើយ​ក៏មាន​ការ​តាំង​ចិត្ត​ថា ​នឹង​ធ្វើ​ការ​ងារ​នៅ​ក្នុង​ព្រឹទ្ធ​សភា​ របៀប​ជា​ពហុបក្ស​ជារបៀប​ក្រុម​សំឡេងភាគ​តិច​ដើម្បី​ឲ្យមាន​ការ​ជជែក​ពិភាក្សា​គ្នា​ឲ្យប្រសិទ្ធភាព​ ប្រសើរ​ឡើង​ជាង​កន្លង​ទៅ​នេះ»។​

ការ​បោះ​ឆ្នោត​តែង​តាំង​ប្រធាន ​និង​អនុប្រធាន​ ព្រមទាំង​សមាជិក​គណៈ​កម្មការ​មួយ​ចំនួន​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​ ក្រោយ​ពី​សមាជិក​សភា​ជាប់​ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះ​ឆ្នោត​តែង​តាំង​លោក​កឹម សុខា ​ជាអនុប្រធាន​ទី​១​រដ្ឋ​សភា​និង​ប្រធាន​ អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​១០​របស់​រដ្ឋ​សភា។​

លោក​កែម ឡី​ អ្នក​វិភាគ​ឯក​រាជ្យ​ បាន​បញ្ជាក់​ថា​ បើទោះ​បី​ជាគណបក្ស​សង្គ្រោះ​ជាតិ​មាន​តួនាទី​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ទាំង​ពីរ​នេះ​ក៏​ដោយ ​ក៏​គណបក្ស​នេះ​នៅ​តែ​មិន​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​តតាំង​ជាមួយ​គណបក្ស​គ្រប់​គ្រង​អំណាច​បាន​ទេ។​

លោក​មាន​ប្រសាសន៍ថា​ ដរាប​ណា​មាន​ការ​កែប្រែ​ការ​បោះ​ឆ្នោត​ពី​សំឡេង៥០%​បូក​១​ មក​២ភាគ​៣​វិញ​ ​ទើប​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សង្ឃឹម​ថា​ នឹង​អាច​តតាំង​ក្នុង​ស្ថាប័ន​កំពូល​ទាំង​ពីរ​នេះ​បាន​ ​ពីព្រោះ​ថា​ គន្លឹះ​នៅ​ក្នុង​គណៈ​កម្មការ​អចិន្ត្រៃយ៍​នីមួយៗ​ដែល​ជា​អ្នក​សម្រេច៕

XS
SM
MD
LG