ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រងសម្ពាធ​ពី​តុលាការ​ក្រោយពី​ចូល​សភា


បាតុករម្នាក់​សរសេរពាក្យ​ថា ​«ដោះលែង»​នៅលើ​បាតដៃ​​របស់ខ្លួន​ ពេល​បាតុកម្ម​នៅមុខ​តុលាការ​ភ្នំពេញ ថ្ងៃទី​១៦ កក្កដា​២០១៤​។
បាតុករម្នាក់​សរសេរពាក្យ​ថា ​«ដោះលែង»​នៅលើ​បាតដៃ​​របស់ខ្លួន​ ពេល​បាតុកម្ម​នៅមុខ​តុលាការ​ភ្នំពេញ ថ្ងៃទី​១៦ កក្កដា​២០១៤​។

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​តិច​ចំនួន​៧​នាក់​ និងសកម្ម​ជន​មួយ​ចំនួន​ផ្សេង​ទៀត​ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ​នៅ​ឡើយ។​

មេធាវី​ការពារ​ក្តី​បាន​អះអាង​ថា ​តុលាការ​មិន​ទាន់​សម្រេច​ថា​ ​នឹង​បន្ត​និតិវិធី​របស់​ខ្លួន​យ៉ាង​ណា​នៅ​ឡើយ​ទេ។​

តុលាការ​មិន​ទាន់​ទម្លាក់​ចោល​រឿង​ក្តី​ក្តាំ​នេះ​ទេ បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​បញ្ចប់​វិបត្តិនយោបាយ ​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេលជាង​១​ឆ្នាំ​ក៏​ដោយ។​ ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​មើល​ឃើញ​ថា​ គណបក្ស​គ្រប់​គ្រង​អំណាច​បាន​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​ដាក់​សម្ពាធដល់​គណបក្ស​ជំទាស់។​

លោក​នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា​ ករណី​ចាប់​ឃុំខ្លួន​អ្នក​តំណាង​រាស្ត្រ​កន្លង​មក​និង​ការ​ចេញ​ដីការ​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាបន្ត​បន្ទាប់​គឺ​ជា​រឿង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដាក់​សម្ពាធដល់​គូ​ជម្លោះនយោបាយ​របស់​ខ្លួន​ទទួល​យក​លក្ខខណ្ឌ​ផ្សេងៗ។​

លោក​មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ព្រម​ចូល​រួម​ប្រជុំ​សភា ​និង​បាន​បោះ​ឆ្នោត​ជ្រើស​រើស​គណៈកម្មការ​ជំនាញ​ក្នុង​រដ្ឋ​សភា​ក៏​ដោយ ក៏​ផ្លូវ​ដើរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដាក់​សម្ពាធដល់​គណបក្ស​ប្រឆាំង​មិន​ចប់​ទេ។​

លោក​បាន​បញ្ជាក់​ថា​ តាម​រយៈ​នៃ​ការ​ចេញ​ដីការកោះ​ហៅ​សកម្មជន​ជាបន្ត​បន្ទាប់​នេះ​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ល្បែង​ដើម្បី​ជា​ការ​ដោះ​ដូរ​ផ្នែក​នយោបាយ។ ដោយ​សារតែ​នៅ​ពេល​ខាង​មុខ​គឺ​ដល់​ដំណាក់​កាល​នៃ​ការ​ជ្រើស​រើស​សមាស​ភាព​គ.ជ.ប.។​

ដូច្នេះ​គណបក្ស​គ្រប់​គ្រង​អំណាច​បាន​តម្កល់​រឿង​ក្តី​ក្តាំ​អ្នក​តំណាង​រាស្ត្រ ​និង​សកម្មជន​នៅ​ក្នុង​តុលាការ​ដើម្បី​ជា​គំនាប​មិន​ឲ្យគណបក្ស​សង្គ្រោះជាតិ​ទាមទារ​តាម​ការ​ដែល​ខ្លួន​ចង់​បាន។​

លោក​និយាយ​ថា៖​ «រឿង​ហៅ​ទៅ​តុលាការ​នេះ​អាច​ជា​លេស​ដើម្បី​ដាក់​សម្ពាធកុំឲ្យគណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ទាមទារ​អ្វី​ ច្រើន​ពេក​ តឹងរ៉ឹង​ពេក។​ ​ដូច​ជា​រឿង​ច្បាប់​បោះ​ឆ្នោត​ ឬ​ក៏​ច្បាប់​ស្តី​អំពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ដើម។​ អញ្ចឹងនៅ​ក្នុង​ក្រប​ខណ្ឌ​ហ្នឹង​ នេះ​បើ​តាម​ខ្ញុំ​យល់»។​

អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ រាប់​បញ្ចូល​ទាំង​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស ​ព្រម​ទាំង​សកម្មជន​គណបក្ស​មួយ​ចំនួន​ផ្សេង​ទៀត ​ត្រូវ​បាន​តុលាការ​បាន​ដាក់​ឲ្យស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ទី​១៥​ ខែ​កក្កដា ខណៈ​ពេល​ដែល​សកម្ម​ជន​គណបក្ស​មួយ​រូប​ផ្សេង​ទៀត​គឺ​លោក​មាជ​ សុវណ្ណារ៉ា​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ដីការកោះ​របស់​តុលាការ។​

លោក​ ឈាង​ វ៉ុន​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាត់​ទុក​ថា ​រឿង​នេះ​ជា​រឿង​ជាប់​ពាក់​ព័ន្ធ​និង​រឿង​តុលាការ​មិន​មែន​ជា​រឿង​នយោបាយ​ទេ។​

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​មាន​យោ​បល់​អ្វី​ទេ។​ អ្នក​ដែល​លើក​ហេតុ​ផល​ហ្នឹង​ ឲ្យគាត់​គិត​មើល​ឡើង​វិញ​ទៅ ​ព្រោះ​រឿង​នេះ​គួរ​តែ​សួរ​រឿង​តុលាការ។​ ​រឿង​នេះ​ពាក់​ព័ន្ធ​របស់​តុលាការ​ទាំង​អស់ ​អត់​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​ផង។​ អរគុណ​ហើយ!​ ខ្ញុំ​ខំប្រឹង​ស្តាប់​ទៅ​ក្រែង​លោ​មាន​ប្រយោជន៍ ​អត់​មាន​ប្រយោជន៍​អ្វី​ផង»។​

កាល​ពី​សប្តាហ៍​មុន​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប​ ត្រូវ​បាន​តុលាការ​ដោះ​លែងឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។​ ក៏​ប៉ុន្តែ​ទាំង​សំណុំ​រឿង​អ្នក​តំណាង​រាស្ត្រ​និង​សកម្មជន​គណបក្ស ​តុលាការ​មិន​ទាន់​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​នៅ​ឡើយ​ទេ។​

លោកចាន់ ចេន​ មេធាវី​ការពារក្តីអ្នក​តំណាង​រាស្រ្ត​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ​តុលាការ​មិន​ទាន់​ដឹង​ថា ​នឹង​សម្រេច​បែប​ណា​នៅ​ឡើយ។​

លោក​និយាយ​ថា៖​ «រហូត​មក​ដល់​ពេល​នេះ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដូចជា​មិន​ទាន់​មាន​ចេញ​សេចក្តី​សម្រេច​ណា​មួយ​ទាក់​ទង​រឿង​កូន​ក្តី​របស់​ខ្ញុំ​បាទ ​និង​អ្នក​ដទៃ​ទៀត​ដែល​មិន​មែនជា​កូន​ក្តី​ខ្ញុំ​នោះ​ទេ។​ ប៉ុន្តែ​គាត់​ជា​អ្នក​តំណាង​រាស្រ្ត​ ក៏​ដូច​ជា​សកម្ម​ជន​ដទៃ​ទៀត​ អត់​ទាន់​ឃើញ​សេចក្តី​សម្រេចណាមួយ​ថា ​យ៉ាង​ម៉េច​ទេ»។​

លោក​កែវ មុន្នី​ ចៅ​ក្រម​ស៊ើប​សួរ​សាលាដំបូង​ក្រុង​ភ្នំពេញ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​លោក​និយាយ​យ៉ាង​ខ្លី​ថា​ កំពុង​ជាប់​រវល់៕​

XS
SM
MD
LG