មន្ត្រីជាន់ខ្ពស់ស.រ.អា.មួយរូបបានអះអាងថា ស.រ.អា.ចង់ពង្រឹងកិច្ចសហការជាមួយកម្ពុជាថែមទៀតលើវិស័យផ្សេងៗ ទាំងនយោបាយនិងសេដ្ឋកិច្ចដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបានជោគជ័យ បន្ទាប់ពីគូភាគីជម្លោះទាំងពីរក្នុងប្រទេសកម្ពុជាបានព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ ដែលអូសបន្លាយរយៈពេលមួយឆ្នាំ ក្រោយការបោះឆ្នោត។ នេះបើតាមការអះអាងរបស់លោក ស្កត់ ម៉ាស៊ែល (Scot Marciel) ឧបការីរងរដ្ឋមន្ត្រីការបរទេសស.រ.អា. ដែលបានថ្លែងប្រាប់វីអូអេក្នុងរាជធានីភ្នំពេញក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយវីអូអេក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកបានជួបជាមួយមន្ត្រីកម្ពុជា។
«យើងចង់មានទំនាក់ទំនងល្អជាមួយប្រជាជាតិកម្ពុជា ពលរដ្ឋកម្ពុជា កសាង ទំនាក់ទំនងជិតស្និទ្ធថែមទៀតជាមួយពលរដ្ឋកម្ពុជា ហើយសង្ឃឹមថា នឹងធ្វើការ ជាមួយគ្នា មិនត្រឹមតែកិច្ចការក្នុងប្រទេសកម្ពុជាទេ តែកិច្ចការក្នុងតំបន់ដែល ត្រូវដោះស្រាយនោះ ហើយនឹងការគាំទ្រកិច្ចប្រឹងប្រែងក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកកែទម្រង់ ធ្វើឲ្យប្រសើរឡើងផ្នែកសុខភាព និង លើកទឹកចិត្តលើបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច។ យើងមានផលប្រយោជន៍ឲ្យកម្ពុជា ទទួលបានជោគជ័យ ទាំងផ្នែកប្រជាធិបតេយ្យ ការរីកចម្រើន មានសុខភាពល្អ និងការសិក្សាល្អ។ ជាថ្មីទៀតរឿងនេះស្រេចតែលើពលរដ្ឋកម្ពុជាទេ តែយើងចង់ជួយគាំទ្ររឿងនេះ»។
លោកម៉ាស៊ែលបានថ្លែងដូច្នេះ ក្រោយពីលោកបានជួបជាមួយនឹងរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាគឺលោកអ៊ុច បូរិទ្ធ កាលពីថ្ងៃពុធម្សិលមិញ ក្នុងដំណើរបេសកកម្មជាផ្លូវការទៅកាន់ប្រទេសប្រទេសបីគឺ ថៃ វៀតណាម និង កម្ពុជាដែលលោកត្រួតពិនិត្យមើលស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយនោះ។
លោកក៏បានកត់សម្គាល់ឃើញពីការរីកចម្រើនផ្នែកនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឈានដល់កិច្ចព្រមព្រៀងគ្នា ហើយបានចូលរួមប្រជុំសភាផងដែរ តែលោកថា ស.រ.អា.ក៏ដូចជាពលរដ្ឋកម្ពុជាដែរ រំពឹងថា នឹងឃើញមានការកែទម្រង់ជាច្រើនកើតឡើង នាពេលខាងមុខ។
«ខ្ញុំគិតថា អ្វីដែលយើងចង់ឃើញបន្ត ដូចជាពលរដ្ឋកម្ពុជាដែរ ដែលពួកគេបាន បញ្ជាក់ច្បាស់ថា ពួកគេចង់ឃើញមានការកែទម្រង់ថែមទៀត មានការរីកចម្រើន ថែមទៀត លើបញ្ហាប្រឈមនានា ដែលកម្ពុជាជួបប្រទះ ហើយយើងមាន អារម្មណ៍ចង់បានដូចគ្នានេះដែរ។ យើងសង្ឃឹមថា រដ្ឋាភិបាលនិងសភាដែលបាន ចូលប្រជុំពេលនេះ អាចដំណើរការកំណែទម្រង់មួយចំនួន ដែលពលរដ្ឋកម្ពុជា បានទទូច។ ហើយយើងគិតថា នេះជាជំហ៊ានវិជ្ជមានមួយ»។
សេចក្តីថ្លែងការណ៍របស់លោកស្កត់ ម៉ាស៊ែលដូច្នេះកើតឡើងក្រោយពេលមួយ ថ្ងៃដែលសភាទាំងពីរគណបក្សបានចូលរួមប្រជុំដំបូងកាលពីថ្ងៃអង្គារ ក្រោយពេលដែលគណបក្សទាំងពីរអាចដោះស្រាយវិបត្តិនយោបាយបាន ហើយចូលរួមប្រជុំសភាដើម្បីអ្វីមួយដែលគេគិតថា ជាការធ្វើឲ្យរដ្ឋាភិបាលកម្ពុជាថ្មី មានភាពស្របច្បាប់ត្រឹមត្រូវនឹងបន្តប្រក្រតីភាពរបស់រដ្ឋាភិបាល។ ស.រ.អា.ធ្លាប់បានទទូចឲ្យភាគីទាំងពីរដោះស្រាយបញ្ហានយោបាយ ដោយសន្តិវិធី និងតាមច្បាប់ពាក់ព័ន្ធនឹងជម្លោះនៃការបោះឆ្នោតកន្លងមក។
ក្នុងពេលជួបជាមួយលោកអ៊ុច បូរិទ្ធនោះ លោកស្កត់ ម៉ាស៊ែលត្រូវក្រុមមន្ត្រីអះអាងថា បានពិភាក្សាបញ្ហាផ្សេងៗទៀត ទាំងបញ្ហាទ្វេភាគី និងបញ្ហាក្នុងតំបន់ផងដែរ។
សូមរង់ចាំស្តាប់កិច្ចសម្ភាសន៍ជាមួយវីអូអេដែលមានជាវីដេអូផងដែរ៕