ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ញត្តិ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ពីរ​អាណត្តិ​នឹង​ដាក់​ឲ្យ​សភា


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​​កិច្ចប្រជុំ​សភា​ជាតិ​មួយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​​កិច្ចប្រជុំ​សភា​ជាតិ​មួយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣។

ក្រុម​យុវជន​ ប្រជាពលរដ្ឋ​ អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​ជំនាញ​ឯក​រាជ្យ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រោង​នឹង​ដាក់​ញត្តិ​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​អំពាវ​នាវ​ឲ្យគណបក្ស​នយោបាយ​ដែល​មាន​អាសនៈក្នុង​រដ្ឋ​សភា​អាណត្តិ​ទី​៥​នេះ​ធ្វើ​ការ​កំណត់​អាណត្តិនាយករដ្ឋមន្ត្រី​ចំនួន​២​អាណត្តិ​ ឬ​មួយ​មាន​រយៈ​ពេល​១០​ឆ្នាំ។​

នៅ​ក្នុង​ញត្តិ​ ដែល​បាន​ចែក​ជូន​ក្រុម​អ្នក​សារ​ព័ត៌មាន ​បាន​បញ្ជាក់​ថា​ ការ​កំណត់​អាណត្តិនាយក​រដ្ឋមន្ត្រី​វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​ផ្លាស់​ប្តូរ​អំណាច​ដោយ​សន្តិវិធី​ និង​មាន​ផែនការ​ច្បាស់​លាស់។​

ការ​កំណត់​អាណត្តិ​នេះ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ និង​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ ព្រម​ទាំង​ផ្តល់​ឱកាស​ដល់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ បុរស​ឬ​ស្រ្តី​ដែល​មាន​សមត្ថភាព​ និង​គំនិត​ផ្តួច​ផ្តើម​ថ្មី​ និង​មាន​លក្ខណៈគ្រប់​គ្រាន់​ចូល​រួម​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល។ ​នេះ​បើ​តាម​ខ្លឹម​សារ​ញត្តិ​របស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

លោក​ គល់ បញ្ញា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត​ឈ្មោះ​ខុមហ្រែល ​ដែល​ស្ថិត​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​បាន​ផ្តួច​ផ្តើម​ឲ្យមាន​ការ​កំណត់​អាណត្តិនាយក​រដ្ឋ​មន្ត្រី នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ធ្វើ​សន្និសីទកា​សែតរួម​គ្នា​ជាមួយ​លោក​ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋ​មន្ត្រី​ក្នុងទសវត្ស​៨០​និង​ជា​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ។​

លោក ​គល់ បញ្ញា​មាន​ប្រសាសន៍​ថា ​លោក​បាន​ចលនា​ឲ្យមាន​ការ​គាំទ្រ​ពី​អតីត​នាយករដ្ឋមន្ត្រី​ចំនួន​បី​នាក់​គឺ​លោក​ប៉ែន សុវណ្ណ​ ព្រះ​អង្គ​ម្ចាស់ ​នរោត្តម​ រណឫទ្ធិ និង​លោក​ អ៊ឹង ហួត​ អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨។​

លោក​បាន​បន្ត​ថា​ ក្នុង​ចំណោម​អតីត​នាយករដ្ឋមន្ត្រី​ចំនួន​បី​នាក់​ មាន​ម្នាក់​បាន​គាំទ្រ​ឲ្យកំណត់​អាណត្តិនាយក​រដ្ឋមន្ត្រី​ ចំណែក​អតីត​នាយក​រដ្ឋមន្ត្រី​ពីរ​ផ្សេង​ទៀត​បាន​គាំទ្រ​តាម​រយៈ​ការ​សំដែង​មតិ​តាម​សារព័ត៌មាន​ ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនមិន​បាន​ឆ្លើយ​តប​ទេ។​

លោក​និយាយ​ថា៖​ «ឥឡូវ​មួយ​ជាក់​ស្តែងយើង​បាន​មក​ជួប​លោក​បាន​និយាយ​ជាក់​ស្តែង​ថា​ លោក​គាំទ្រ។ ​ពីរ​ទៀត​លោក​បាន​និយាយ​ក្នុង​សារព័ត៌មាន​នៅ​ក្នុង​កម្មវិធី​នយោបាយ​ថា​ ​លោក​គាំទ្រ​រឿង​ហ្នឹង​ដែរ។​ ប៉ុន្តែ​យើង​មិន​ទាន់​បាន​ជួប​ឲ្យបាន​ទល់​មុខ​ឲ្យបាន​សម្តី​ជាក់​ស្តែងទេ។ ​អញ្ចឹង​យើង​គិត​ថា​ នៅ​តែ​មួយ​ទៀត​គឺ​សម្តេច​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​នេះ​គាំទ្រ​ទៀត។​ ខ្ញុំ​គិត​ថា​ រឿង​ហ្នឹង​ប្រហែល​ជា​រុញ​ច្រាន​ឲ្យអ្នក​តំណាង​រាស្ត្រ​ទាំង​១២៣​នាក់​ហ្នឹង​ពិចារណា​រឿង​ហ្នឹង​ហើយ។រឿង​ការ​ដាក់​ស្នើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ»។​

លោក​ប៉ែន សុវណ្ណ​ អតីត​នាយករដ្ឋមន្ត្រី​និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ឲ្យកំណត់​អាណត្តិនាយក​រដ្ឋ​មន្ត្រី​ដើម្បី​ចៀសវាង​ការ​ដឹកនាំ​ទៅ​រក​របប​ផ្តាច់ការ ​និង​បក្ខ​ពួក​និយម។​

លោក​និយាយ​ថា៖​ «នេះ​ខ្ញុំ​យល់​ព្រម​ អញ្ចឹង​ហើយ​ ពី​ព្រោះ​មួយ​អាណត្តិគឺ​ល្អ​ពីរ​អាណត្តិក៏​ច្រើន​ពេក​ដែរ។​ ប៉ុន្តែ​បើ​នាយក​រដ្ឋមន្ត្រី​ច្រើន​អាណត្តិ វា​បច្ច័យ​អាក្រក់​ច្រើន​ណាស់​ ផ្តាច់​ការ​ បក្ខពួក​និយម​ បុណ្យ​ស័ក្កិ​និយម​ ហើយ​ធ្វើ​ឲ្យសង្គម​ជាតិ​យើង​អត់​វិវឌ្ឍ​បាន​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​កាន់​កាប់​មុខ​តំណែងអស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​មក​ហើយ​ ​ដែល​ធ្វើ​ឲ្យលោក​ជាប់​ឈ្មោះ​ជា​អ្នក​កាប់​កាប់​មុខ​តំណែងយូរ​ជាង​គេ​នៅក្នុង​បណ្តា​ប្រទេសអាស៊ាន​ទាំង​១០។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​ មិន​បាន​គាំទ្រ​ឲ្យកំណត់​អាណត្តិនាយក​រដ្ឋមន្ត្រី​ចំនួន​២​អាណត្តិទេ។​

លោក​យល់​ថា​ ការ​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ គណបក្ស​នយោបាយ​នីមួយៗ​ជា​អ្នក​ជ្រើស​តាំង​ដើម្បី​ឲ្យឈរ​ឈ្មោះ​ប្រកួត​ប្រជែង​សម្រាប់​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG