សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃចន្ទនេះ បានសម្រេចផ្ដន្ទាទោសសកម្មជនការពារសិទ្ធិដីធ្លីចំនួនបួននាក់មកពីសហគមន៍បឹងកក់ ឲ្យជាប់ក្នុងពន្ធនាគាររយៈពេល ៦ខែ ក្រោមបទចោទថាបាន «ជេរប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលបានប្រព្រឹត្តកាលពីឆ្នាំ ២០១១ គឺនៅពេលមានការតវ៉ាប្រឆាំងការវាយបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ដ៏ចម្រូងចម្រាសនោះ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនដីធ្លីក្នុងតំបន់បឹងកក់។
អ្នកដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោស រួមមាន អ្នកស្រី ទេព វន្នី ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ។
ការផ្ដន្ទាទោសនេះ កើតមានឡើង ក្រោយពីការស្រែកតវ៉ាប្រឆាំងការកាត់ក្តីនៅមុខសាលាដំបូងរាជធានីភ្នំពេញរបស់ប្រជាពលរដ្ឋជាង៣០នាក់ និងការធ្វើពិធីសាសនានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្កោលទោសដល់អ្នកប្រព្រឹត្តអំពើទុច្ចរិត រឹតត្បិតសិទ្ធិសេរីភាពក្នុងការតស៊ូមតិដោយអហិង្សា។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ថ្លែងថា តាមការសង្កេតលើការសួរដេញដោលរបស់តុលាការក្រុងនាព្រឹកថ្ងៃច័ន្ទនេះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ហាក់មើលមិនឃើញភស្តុតាងជាដុំកំភួនណាមួយសម្រាប់ការគាំទ្រការចោទប្រកាន់នោះទ។
លោកប្រាប់ VOA បន្តទៀតថា ការដាក់ទោសនេះ ជាការបន្ថែមនៃទម្ងន់រឹតត្បិតសិទ្ធិសេរីភាពតស៊ូមតិរបស់ប្រជាពលរដ្ឋខ្មែរ។
«ខ្ញុំគិតថានេះជាស្ថានភាពមួយដែលបន្ថែមទម្ងន់ ឬក៏ជាការគំរាមកំហែង បន្ថែមទៀតទៅលើសហគមន៍បឹងកក់ គឺមិនចង់ឲ្យមានការតវ៉ា ឬក៏ការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅបន្តទៀត ជាពិសេសគឺ យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅក្នុងការទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សបួននាក់ អគ្គលេខាធិការរងគ.ជ.ប ម្នាក់ ហើយនិងការទាមទាររកយុត្តិធម៌ សម្រាប់លោកបណ្ឌិត កែម ឡី នោះបាទ»។
ក្រុមប្រជាពលរដ្ឋដែលមកស្រែកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញនោះ គឺមកពីសហគមន៍នានាដែលរងគ្រោះដោយការរំលោភបំពានដីធ្លី ដែលបានកើតជាជម្លោះជាប់គាំងពុំមានដំណោះស្រាយ។
អ្នកស្រី បូវ សោភា សកម្មជនបឹងកក់ដែលធ្លាប់ជាប់ពន្ធនាគារចំនួនពីរដងក្នុងការតវ៉ាការពារសិទ្ធិមនុស្ស ប្រាប់ VOA នៅខណៈពេលតុលាការកំពុងកាត់ទោសអ្នកជាប់ចោទទាំងបួននាក់នោះថា សកម្មជនអ្នកការពារសិទ្ធិដីធ្លីកំពុងរងភាពអយុត្តិធម៌ តាមរយៈការប្រើផ្លូវច្បាប់ពីរដ្ឋាភិបាល ដែលអ្នកស្រីយល់ថា ជាការធ្វើបាបបានតែជាមួយអ្នកទន់ខ្សោយប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា ប្រជារាស្ត្រខ្មែរសព្វថ្ងៃនេះ កំពុងរងការរំលោភសិទ្ធិដីធ្លីនេះច្រើន មិនមែនមានតែក្រុមប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់ និងសហគមន៍នានាក្នុងរាជធានីភ្នំពេញនោះទេ។
អ្នកស្រីប្រាប់ VOAបន្ថែមទៀតថា ប្រសិនបើរដ្ឋាភិបាលចង់ដឹងថា សង្គមខ្មែរពិតជានៅមានជំងឺដីធ្លីមែននោះ រដ្ឋាភិបាល គួរមានសេចក្ដីក្លាហាន បើកឲ្យមានវេទិកាសាធារណៈ ដើម្បីនិយាយអំពីរឿងនេះ ជាជាងប្រើប្រព័ន្ធតុលាការមកវាយប្រហារប្រជាពលរដ្ឋស្លូតត្រង់។
«សាកឥឡូវហ្នឹងចង់ឲ្យដឹងថាប្រជាពលរដ្ឋទាំងអស់ហ្នឹង គាត់រងគ្រោះអត់ គាត់ហ៊ាននិយាយអត់ បើកវេទិកាសាធារណៈធំមួយមើល អាហ្នឹងថាកុំឲ្យនិយាយថា លាបពណ៌ កុំឲ្យថាមនុស្សតែមួយក្ដាប់តូច ចេះតែដើរស្រែកថា ខ្លួនឯង រងនូវភាពអយុត្តិធម៌សង្គម គេកំពុងតែវិវត្តន៍ទៅរលូន»។
លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ ក្រុមអ្នកសារព័ត៌មានតាមរយៈសារអេឡិចត្រូនិកតេឡេក្រាម (Telegram)ថា តុលាការ បានកាត់ទោសអ្នកទាំងបួនដោយផ្អែកតាមមាត្រា ៥០២ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅមុខសាលា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១។
លោកបដិសេធមិនថ្លែងលម្អិតអំពីការកាត់ទោស ដែលរងការរិះគន់ថា ជាការគាបសង្កត់ និងបំបិទសំឡេងអ្នកការពារសិទ្ធិដីធ្លី។
ក្រោយការកាត់ទោសនាព្រឹកនេះ អ្នកស្រីទេព វន្នី អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី ត្រូវបានកម្លាំងមានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារ។ ដោយឡែកអ្នកស្រី ហេង មុំ មិនបានទៅបង្ហាញមុខនៅក្នុងអង្គសវនាការជំនុំជម្រះនោះទេ។
នៅមុនការកាត់ទោស ធ្វើឡើងនៅថ្ងៃចន្ទដដែលនេះ សហគមន៍អន្តរជាតិនានា រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសំដែងក្ដីបារម្ភ ចំពោះការធ្វើទុក្ខបុកម្នេញ មកលើក្រុមជំទាស់ និងក្រុមអ្នកការពារសិទ្ធិមនុស្ស និងដីធ្លី តាមចំណាត់ការរបស់តុលាការនេះ។
ពួកគេថា ការណ៍នេះ កំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ចុះខ្សោយទៅៗ ហើយពួកគេបានស្នើឲ្យមានការបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារនេះផងដែរ៕