បន្ទាប់ពីតុលាការកាត់ទោសលោក នី ចរិយា ឲ្យជាប់ពន្ធនាគាររយៈពេល៦ខែពីបទបរិហារកេរ្តិ៍ក្នុងពេលដែលលោកបំពេញការងារជាមន្រ្តីការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលជាង៣០ បានប្រតិកម្មមិនពេញចិត្តលើការសម្រេច ហើយថា ការសម្រេចនេះ ធ្វើឡើងក្នុងបរិបទមានការបង្រ្កាបកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលទៅលើអ្នកធ្វើការដោយឯករាជ្យ។
អង្គការសង្គមស៊ីវិលជាង៣០ ដែលធ្វើការពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្ស មិនពេញចិត្តនឹងការកាត់ទោសលើអតីតប្រធានផ្នែកសិទ្ធិមនុស្សសមាគមអាដហុក និងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ហើយថា ការសម្រេចនេះជាការប្រើប្រាស់តុលាការជាឧបករណ៍ពីសំណាក់រដ្ឋាភិបាល ដើម្បីរឹតត្បិតលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមុនការបោះឆ្នោត។
កាលពីថ្ងៃព្រហស្បតិ៍ លោក នី ចរិយា ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់៦លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈបទបរិហារបង្កាច់កេរ្តិ៍ និងដាក់សម្ពាធដល់តុលាការដែលប្តឹងដោយមន្ត្រីនៃសាលាដំបូងខេត្តសៀមរាបពីររូប ក្រោយពេលលោក នី ចរិយា ធ្វើសន្និសីទមួយចោទថា មន្ត្រីតុលាការខេត្តសៀមរាបចាប់ខ្លួនពលរដ្ឋអ្នកមានទំនាស់ដីធ្លីដោយអយុត្តិធម៌ ទាក់ទងនឹងជម្លោះដីធ្លីនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប កាលពីឆ្នាំ២០១៤។
ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការ និងសមាគមចំនួន៣៥ ចេញនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លើកឡើងថា ការអធិប្បាយរបស់លោក នី ចរិយា កាលពីលោកនៅជាប្រធានផ្នែកសិទ្ធិមនុស្ស និងឃ្លាំមើលរបស់សមាគមអាដហុក គឺស្ថិតក្នុងក្របខណ្ឌនៃការការពារសិទ្ធិមនុស្សនៅក្នុងច្បាប់អន្តរជាតិ ដែលទាមទារឲ្យមានការអធ្យាស្រ័យខ្ពស់ចំពោះសុន្ទរកថាបែបនយោបាយ បើទោះជាការលើកឡើងបែបនេះប៉ះពាល់ដល់មន្ត្រីឬស្ថាប័នសាធារណៈក្តី។
អង្គការទាំងនោះចាត់ទុកថា ការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងបរិបទដែលមានការបង្ក្រាបខ្លាំងឡើងទៅលើសំឡេងឯករាជ្យពីសំណាក់រដ្ឋាភិបាល និងថា តុលាការគឺជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការរឹតត្បិតទៅលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មុនការបោះឆ្នោតខាងមុខ និងបានបង្ហាញពីការរំខានចំពោះសកម្មភាពស្របច្បាប់របស់អ្នកការពារសិទ្ធិមនុស្សតាមរយៈការដាក់ទោសទណ្ឌ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ការប្រើប្រាស់បទបរិហារកេរ្តិ៍ និងបទបញ្ញត្តិផ្សេងៗនៃក្រមព្រហ្មទណ្ឌកាន់តែច្រើនឡើងរបស់រដ្ឋាភិបាល ដើម្បីផ្តន្ទាទោសព្រហ្មទណ្ឌលើអ្នកនិយាយរិះគន់ទៅលើអាជ្ញាធរ មិនស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានខាងការបញ្ចេញមតិ។
អង្គការដែលចូលរួមចេញសេចក្តីថ្លែងការណ៍នោះមានដូចជា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការសមធម៌កម្ពុជា ក្រុមការងារពិសេសសិទ្ធិលំនៅឋាន ព្រមទាំងអង្គការសមាគមមួយចំនួនទៀត។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍នេះ លើកឡើងថា អង្គការសង្គមស៊ីវិលទាំងជាង៣០ ចាត់ទុកថាការសម្រេចរបស់សាលាដំបូងគឺមិនត្រឹមត្រូវ មានកំហុសឆ្គង និងអយុត្តិធម៌ ដូច្នេះសង្គមស៊ីវិលជំរុញឲ្យសាលាឧទ្ធរណ៍កែប្រែឲ្យបានត្រឹមត្រូវលើករណីនេះ ដើម្បីធានានូវការផ្តល់យុត្តិធម៌ពិតប្រាកដជូនលោក នី ចរិយា និងអំពាវនាវដល់រដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ស្ថាប័នរដ្ឋនានាដើម្បីវាយប្រហារលើសង្គមស៊ីវិល និងសំឡេងឯករាជ្យផ្សេងៗទៀត។
លោកស្រីបញ្ជាក់ប្រាប់ VOA ថា៖
«យើងនៅតែបន្តឃ្លាំមើលលើករណីនេះ ហើយជួយជ្រោមជ្រែងក្នុងការផ្តល់នូវមេធាវីការពារក្តីរបស់គាត់ យើងនឹងអាចធ្វើការវិភាគច្បាប់លើករណីរបស់គាត់បន្តបន្ទាប់ ហើយដែលយើងចង់ផ្តោតសំខាន់លើសេរីភាព សិទ្ធិរបស់ពលរដ្ឋគ្រប់រូបក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ហើយគោលការណ៍សំខាន់របស់សិទ្ធិក្នុងការទទួលបានការកាត់ក្តីដោយយុត្តិធម៌ គឺការទទួលបានការកាត់ក្តីដោយតុលាការមួយដែលមិនលម្អៀង ហើយនិងធានានូវឯករាជ្យភាពសម្រាប់បុគ្គលគ្រប់រូប»។
ឆ្លើយតបតាមសារអេឡិចត្រូនិកតេលេក្រាម អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ច្រានចោលការលើកឡើងនេះ ហើយថា តុលាការបំពេញការងារតាមច្បាប់។
លោកបញ្ជាក់ក្នុងសម្តីដើមប្រាប់ VOA ថា៖
«សាលក្រមជាសេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះដែលមានសំអាងហេតុ និងសំអាងច្បាប់យ៉ាងច្បាស់លាស់ និងត្រឹមត្រូវ បន្ទាប់ពីសវនាការដែលធ្វើការពិភាក្សាដេញដោល និងពិនិត្យភស្តុតាងត្រឹមត្រូវនៅចំពោះមុខជនជាប់ចោទ និងមេធាវីការពារជនជាប់ចោទ»។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន និង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី ប៉ុន្តែមិនមានអ្នកទទួល។
បច្ចុប្បន្ន អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា កំពុងជាប់បណ្តឹងមួយទៀតនៅតុលាការ ពាក់ព័ន្ធនឹងការចោទថា លោកបានសូកប៉ាន់សាក្សីមិនឲ្យនិយាយរឿងពិតប្រាប់តុលាការ ករណី លោក កឹម សុខា មានសេ្នហាលួចលាក់ជាមួយនារីធ្វើការនៅហាងកាត់សក់មួយកន្លែង ដែលត្រូវបានគេស្គាល់ថាឈ្មោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ មន្ត្រីសមាគមអាដហុកបួនរូបផ្សេងទៀតរួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ក៏កំពុងជាប់ឃុំពាក់ព័ន្ធសំណុំរឿងនេះ៕