មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញរបាយការណ៍ស្ទង់មតិលើស្រ្តីមានវិវាទដីធ្លីចំនួន៦១២នាក់ ក្នុង១២រាជធានីខេត្ត ដោយរកឃើញថា ស្ត្រីជាង៩៨% រងផលប៉ះពាល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ក្នុងនោះស្រ្តីជាង៤៦%ធ្លាប់គិតពីការធ្វើអត្តឃាត និងជាង១៨%ធ្លាប់ប៉ងសម្លាប់ខ្លួន។ ម្យ៉ាងទៀតស្ថានភាពគ្រួសាររបស់ពួកគេភាគច្រើនត្រូវប្រឈមនឹងបញ្ហាដោយសារជម្លោះដីធ្លី។
របាយការណ៍ស្តីពី «ស្រ្តីក្នុងជម្លោះដីធ្លី» របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បង្ហាញថា ស្រ្តីតែងត្រូវបានជំរុញឲ្យធ្វើសកម្មភាពការពារដីធ្លីរបស់ពួកគេ ជាហេតុធ្វើឲ្យពួកគេបាត់បង់ពេលវេលាក្នុងការថែរក្សាគ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ការរកចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ការបាត់បង់ទាំងនេះបណ្តាលឲ្យស្រ្តីត្រូវប្រឈមនឹងទំនាស់ផ្ទៃក្នុងគ្រួសារ រហូតដល់មានការកើនឡើងនូវការប្រើហិង្សាក្នុងគ្រួសារ។
របាយការណ៍ដែលបានស្ទង់មតិលើស្រ្តីរងគ្រោះដោយបញ្ហាដីធ្លីចំនួន៦១២នាក់ ក្នុង១២រាជធានីខេត្តនេះបន្ថែមថា ជម្លោះដីធ្លីអូសបន្លាយបានបង្កឲ្យស្ត្រី៤០,១% ប្រើហិង្សាទៅលើកូន៤៣,៩% បង្ខំឲ្យកូនបោះបង់ការសិក្សា និង៣៦ភាគរយទៀត បង្គាប់ឲ្យកូនទៅធ្វើការងារពាក់ព័ន្ធនឹងពលកម្មកុមារជាច្រើនករណី។
របាយការណ៍កម្រាស់៣១ទំព័រនេះក៏បានរកឃើញថា ស្រ្តីដែលធ្លាប់មានវិវាទដីធ្លីស្ទើរតែទាំងអស់តែងទទួលរងនូវការគំរាមកំហែង ការយាយី ការឃាត់ខ្លួន និងការប្រើហិង្សាពីសំណាក់អាជ្ញាធរ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច រួមទាំងកម្លាំងសន្តិសុខឯកជន និងបុគ្គលិកក្រុមហ៊ុនជាដើម។
មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វ៉ាន់ សូផាត ថ្លែងប្រាប់ VOA ថា ស្ត្រីមានតួនាទីដ៏សំខាន់ជាអ្នកមើលថែគ្រួសារ ហើយស្រ្តីក៏ជាអ្នកសកម្មជាងគេក្នុងការចេញមុខតវ៉ាជម្លោះដីធ្លី។ ដោយសារការចេញមុខសកម្មក្នុងជម្លោះដីធ្លីធ្វើឲ្យស្រ្តីគ្មានពេលគិតគូរពីគ្រួសារ ជាហេតុបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ វិបត្តិផ្លូវចិត្ត និងពលកម្មកុមារកាន់តែខ្លាំងឡើងនៅកម្ពុជា។ លោកបន្ថែមថា បញ្ហាទាំងនេះនឹងកាន់តែធ្ងន់ធ្ងរប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់រកដំណោះស្រាយឲ្យបានទាន់ពេល។
លោក វ៉ាន់ សូផាត បញ្ជាក់ថា៖
«រដ្ឋាភិបាលត្រូវចាត់វិធានការវិធីសាស្រ្តយ៉ាងម៉េចយើងធ្វើការជាមួយក្រុមហ៊ុន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដើម្បីផ្តោតអារម្មណ៍ទៅលើរឿងនេះ បើមិនអញ្ចឹងទេ គឺថាអនាគតរបស់កុមារដែលរងផលប៉ះពាល់ដោយសារដីធ្លីនេះនឹងអត់មានអនាគតល្អទេ។ ហើយគឺទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់ស្រ្តី រាជរដ្ឋាភិបាលគួរគិតគូរពីរឿងហ្នឹង ហើយជាពិសេសគឺមានការផ្សព្វផ្សាយឲ្យបានដឹងពីបញ្ហាផ្លូវចិត្តហើយមានការប្រឹក្សាយោបល់ខាងបញ្ហាផ្លូវចិត្តហ្នឹង និងបង្កើតឲ្យមានការព្យាបាលសុខភាពផ្លូវចិត្តហ្នឹងនៅតាមបណ្តាខេត្តឲ្យបានទូលំទូលាយ និងទូទាំងប្រទេស»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ប្រាប់ VOA ថា វិវាទដីធ្លីកំពុងថយចុះជាបន្តបន្ទាប់ ដោយសារក្រសួងបាននិងកំពុងដោះស្រាយទៅតាមយន្តការច្បាប់។
លោក សេង ឡូត បញ្ជាក់ថា៖
«ពីឆ្នាំ២០០៣មកដល់បច្ចុប្បន្ននេះ យើងមានប្រហាក់ប្រហែល៧.៥០០ករណីទេ ដែលកើតមានវិវាទ ហើយក្នុង៧.៥០០ករណីវិវាទដែលកើតឡើងហ្នឹង ការដោះស្រាយតាមយន្តការសុរិយោដី ដោយក្រុមការងារចល័ត រួមទាំងក្រុមការងារដែលក្រសួងបានបង្កើតដើម្បីជួយនិងពង្រឹងការដោះស្រាយហ្នឹង បច្ចុប្បន្នឃើញថា នៅសល់វិវាទដែលត្រូវបន្តដោះស្រាយហ្នឹងមានចំនួនប្រមាណក្រោម៨០០ករណី បើយើងគិតជាភាគរយឃើញថា សល់ប្រហាក់ប្រហែល១០ភាគរយប៉ុណ្ណោះ ដែលត្រូវបន្តដោះស្រាយ»។
លោក សេង ឡូត បន្ថែមប្រាប់ VOA ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមិនបានឆ្លងកាត់ការទំនាក់ទំនងមកក្រសួងនោះទេ ដូច្នេះលោកថា របាយការណ៍នេះគួរតែត្រូវបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយជាងនេះ៖
«ខ្ញុំមិនដឹងថា អ្នកធ្វើរបាយការណ៍ហ្នឹងគាត់មានមូលដ្ឋានទិន្នន័យមកពីណាខ្លះ ហើយការប្រមូលទិន្នន័យមកមិនដឹងថាទិន្នន័យហ្នឹងជាទិន្នន័យដែលសុក្រឹត ដែលត្រឹមត្រូវ ប្រមូលពីអង្គភាពដែលធ្វើកិច្ចការហ្នឹងផ្ទាល់ ដែលគួរឲ្យជឿជាក់បាន ឬយ៉ាងណា ចឹងខ្ញុំមិនហ៊ានសន្និដ្ឋានទេ គ្រាន់តែក្រសួងមិនបានឃើញនូវអ្វីដែលជាទិដ្ឋភាពដែលបង្ហាញរហូតដល់ធ្វើអត្តឃាតអីហ្នឹងទេ ដូចជាមិនដែលមានទេ»។
ប្រធានគណៈកម្មការកិច្ចការនារីនៃរដ្ឋសភា លោកស្រី កែ សុវណ្ណារតន៍ លើកឡើងថា លោកស្រីយល់ស្របចំពោះរបាយការណ៍ដែលបានរកឃើញនេះ ដោយសារស្រ្តីតែងប្រឈមខ្លាំងក្នុងវិវាទដីធ្លី។ លោកស្រីបន្ថែមថា គណៈកម្មការនឹងជំរុញឲ្យមានការដោះស្រាយលើបញ្ហានេះ ប៉ុន្តែលោកស្រីថា ការសម្រេចស្ថិតលើរដ្ឋាភិបាល។
លោកស្រីបញ្ជាក់ប្រាប់ VOA ថា៖
«រដ្ឋាភិបាលជាអ្នកគ្រប់គ្រងថវិកា ជាអ្នកស្នើសុំថវិកាពីប្រទេសផ្តល់ជំនួយ ត្រូវផ្តោតអារម្មណ៍លើករណីណាដែលជាករណីចាំបាច់ ហើយករណីចាំបាច់ហ្នឹងធម្មតាពលរដ្ឋត្រូវស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ត្រូវតែមានជម្រក ត្រូវតែមានការងារធ្វើ ហើយបើគាត់អត់មានជម្រក រដ្ឋាភិបាលត្រូវតែមានសមត្ថកិច្ចក្នុងការចាត់ចែងលើរឿងហ្នឹង»។
កន្លងមកមានស្រ្តីមួយចំនួនដែលជាសកម្មជនដីធ្លី ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារដោយសារការតវ៉ាបញ្ហាដីធ្លីរបស់ពួកគេ។ ក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានបញ្ជាក់ថា ៣ភាគ៤ នៃស្ត្រីមានវិវាទដីធ្លីដែលបានស្ទង់មតិទាំងនោះមានអារម្មណ៍ថា ការកាន់កាប់ដីធ្លីគ្មានសុវត្ថិភាព ក្នុងនោះ១ភាគ៤ត្រូវបានបណ្តេញចេញដោយបង្ខំ ដែលអង្គការនោះថា ជាការបង្ហាញនូវការបណ្តេញចេញដ៏រាលដាល និងជាប្រព័ន្ធនៅកម្ពុជា៕