មន្រ្តីក្រសួងសុខាភិបាលនិងក្រសួងយុត្តិធម៌បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋចែករំលែកព័ត៌មាន «ក្លែងក្លាយ» ដែលនិយាយថា មានករណីស្លាប់ ដោយសារចាក់វ៉ាក់សាំងរបស់ចិន ហើយថា ការចែករំលែកព័ត៌មាននេះ នឹងប្រឈមទោសជាប់ពន្ធនាគារ។
ការព្រមាននេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយមានការបង្ហោះរូបភាព និងសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុកនៅសប្តាហ៍នេះ ថាមានស្រ្តីម្នាក់ស្លាប់ ដោយសារការចាក់វ៉ាក់សាំងរបស់ចិនក្នុងប្រទេសកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃសុក្រ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា មិនមានករណីមនុស្សស្លាប់ ដោយសារចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជានោះទេ រហូតមកដល់ពេលនេះ។ លោកស្រីអំពាវនាវឲ្យសមត្ថកិច្ចចាប់ខ្លួនអ្នកបង្កើតនិងចែករំលែកព័ត៌មានទាំងនោះ។
លោកស្រីមានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាលនៅតែអំពាវនាវហើយអំពាវនាវទៀត សូម្បីបងប្អូនប្រជាពលរដ្ឋកុំចាញ់បោក ហើយកុំជឿទៅលើព័ត៌មានប្រឌិត។ ហើយជាពិសេស សូមកុំចែកចាយនូវព័ត៌មានដែលយើងមើលទៅថាព័ត៌មានហ្នឹង វាប្រឌិតហើយ»។
លោកស្រីបន្តថា វ៉ាក់សាំងរបស់ចិនជាវ៉ាក់សាំងដែលទុកចិត្តបាន គឺរហូតដល់ ៨០% ហើយលោកស្រីការពារថា ប្រទេសចិន «មិនមែនយកមកធ្វើការលេងសើចលើជីវិតមនុស្ស»ទេ។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា បង្កើតព័ត៌មានមិនពិត និងការចែករំលែកបន្តដែលទាក់ទងនឹងការស្លាប់ដោយសារចាក់វ៉ាក់សាំងនេះ នឹងត្រូវជាប់ពីបទ «ញុះញង់» នៃក្រមព្រហ្មទណ្ឌត្រង់មាត្រា ៤៩៤ ដែលអាចជាប់ពន្ធនាគារពី ៦ ខែទៅ ២ ឆ្នាំ។
មាត្រាចែងពីបទញុះញង់នេះ ត្រូវបានក្រុមសង្គមស៊ីវិលរិះគន់ថាប្រើប្រាស់ ដើម្បីបំបិទសំឡេងប្រឆាំងក្នុងប្រទេសកម្ពុជា។
លោកបន្តថា អ្នកបង្កើតព័ត៌មានក្លែងក្លាយមានគោលបំណងច្បាស់លាស់ ដើម្បីធ្វើឲ្យពលរដ្ឋ «បាត់ទំនុកចិត្ត» ហើយជា «អំពើដែលនាំឲ្យមានភាពវឹកវរក្នុងសង្គម»។
លោកមានប្រសាសន៍ថា៖ «កន្លែងនេះ សូមឲ្យប្រជាពលរដ្ឋយើងទូទាំងប្រទេស សូមយកចិត្តទុកដាក់ឡើងវិញ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌណាមួយ ដែលកើតឡើងដោយការធ្វេសប្រហែសរបស់យើង»។
បើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំងរបស់ចិនរហូតមកដល់ពេលនេះ មានជាង ៣.៨០០ នាក់ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១៕