ក្រសួងសុខាភិបាលបានបញ្ជាក់ពីវត្តមានវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី ក្នុងចង្កោមផ្ទុះឆ្លងវីរុសរាតត្បាតនេះក្នុងសហគមន៍លើកទី ៣ ជាកំណត់ត្រាធំបំផុតរបស់កម្ពុជា។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានផងដែរថា ចង្កោមនៃការផ្ទុះឆ្លងថ្មី ដែលរដ្ឋហៅថាជាព្រឹត្តិការណ៍សហគមន៍ «២០កុម្ភៈ» នេះ អាចរាលដាលជាការផ្ទុះឆ្លងទ្រង់ទ្រាយធំ។
រាប់ចាប់តាំងពីការផ្ទុះការឆ្លងសហគមន៍កាលពីថ្ងៃសៅរ៍មក កម្ពុជាមានករណីវិជ្ជមានរកឃើញអ្នកឆ្លងជិត ១០០ នាក់ក្នុងសហគមន៍ នារយៈពេល ៤ ថ្ងៃចុងក្រោយ។
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីព្រឹកថ្ងៃអង្គារថា អាជ្ញាធរបានរកឃើញ ២៣ ករណីវិជ្ជមានថ្មី ក្នុងការផ្ទុះឆ្លងក្នុងសហគមន៍លើកទី ៣ នេះ ដែលនាំឱ្យករណីឆ្លងថ្មីសរុបចុងក្រោយឡើងដល់ ៩៩ ករណី។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃអង្គារ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងចំណោមករណីវិជ្ជមានថ្មីដែលត្រូវបានរកឃើញ មាន ៣ ករណីវីរុសកូរ៉ូណាវ៉ារ្យ៉ង់ (Variant) ថ្មី ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស ជាប្រភេទវីរុសបម្លែងខ្លួន ដែលមន្ត្រីសុខាភិបាលកម្ពុជាបារម្ភអំពីលទ្ធភាពឆ្លងរហ័ស។
លោកស្រីអ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា៖ «ប៉ុន្តែយើងបានដាក់ការសង្ស័យរួចមកហើយ ដោយសារតែស្ថានភាពនៃការឆ្លង វាខុសពីព្រឹត្តិការណ៍ ៣ វិច្ឆិកា វាខុសពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយឥឡូវនេះការឆ្លងនេះ វាលឿន»។
លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា វីរុសកូវីដ១៩ បម្លែងខ្លួនថ្មីនេះ ងាយឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ហើយក៏លំបាកព្យាបាលផងដែរ។ តែលោកស្រីមិនទាន់អាចបញ្ជាក់បានទេថា វីរុសបម្លែងខ្លួនថ្មីនេះជាដើមហេតុនៃការផ្ទុះឆ្លង ឬយ៉ាងណា។
«ខ្ញុំអត់ទាន់និយាយថាជាមូលហេតុនៃការផ្ទុះទេណា។ អត់ទាន់និយាយទេ ព្រោះក្រុមការងារកំពុងសិក្សា»។
មន្ត្រីសុខាភិបាលរូបនោះបានថ្លែងបង្ហាញក្តីព្រួយបារម្ភថា «ស្ថានភាពមិនល្អសម្រាប់យើង» ហើយ«ការឆ្លងក្នុងទ្រង់ទ្រាយដ៏លំបាក»។
ក្រសួងអប់រំបានសម្រេចបិទសាលារៀននៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេលពីរសប្ដាហ៍ ជាអ្វីដែលខ្លួនហៅថាជាវិធានការទប់ស្កាត់ការរាតត្បាតក្នុងកំណត់ត្រាធំបំផុតលើកនេះ។
សារមន្ទីរ រោងភាពយន្ត រោងល្ខោន នៅភ្នំពេញ និងខេត្តកណ្ដាល ក៏ត្រូវបិទទ្វារពីរសប្ដាហ៍ដូចគ្នា ស្របតាមបញ្ជារបស់ក្រសួងវប្បធម៌។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងប្រចាំប្រទេសកម្ពុជារបស់អង្គការសុខភាពពិភពលោកសម្ដែងក្ដីព្រួយបារម្ភនិងព្រមានថា ស្ថានភាពនៃចង្កោមឆ្លងលើកនេះអាចនឹងជួប «ស្ថានភាពអាក្រក់បំផុត» ដែលរដ្ឋអំណាចនិងប្រជាជនកម្ពុជាត្រូវតែចៀសវាងឱ្យខានតែបាន។
ក្នុងសន្និសីទដដែលនៅក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃអង្គារនោះ លោកស្រីវេជ្ជបណ្ឌិត Li Ailan បានលើកឡើងថា៖ «ខ្ញុំចង់បញ្ជាក់ច្បាស់នៅទីនេះថា យើងកំពុងជួបហានិភ័យនៃការផ្ទុះឆ្លងក្នុងទ្រង់ទ្រាយធំធេងជាងនេះ។ យើងត្រូវធ្វើការរួមគ្នាដើម្បីបញ្ចៀសនូវសេណារីយោអាក្រក់បំផុតនៃការចម្លងទ្រង់ទ្រាយធំជាងនេះ នៅក្នុងសហគមន៍»។
លោកស្រី Li Ailan ក៏បានបន្ថែមដែរថា ករណីវិជ្ជមាននៃការផ្ទុះឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ថ្មីនេះនឹងហក់ឡើងលើសពី ១០០ ករណី។
«វីរុសធ្វើដំណើរលឿនណាស់ ដែលយើងត្រូវតែរត់ទៅឱ្យបានមុនវា ហើយបើសិនជាវិធានការនានាត្រូវបានអនុវត្តព្រមៗគ្នាក្នុងពេលដ៏ខ្លី យើងអាចកាត់ផ្ដាច់ខ្សែចង្វាក់នៃការឆ្លងនេះបាន»។
បើតាមរដ្ឋាភិបាលកម្ពុជា ការផ្ទុះឆ្លងក្នុងកំណត់ត្រាធំបំផុតដែលខ្លួនបានជួបប្រទះនេះ ក្នុងចំណោម ៩៩ ករណី មានយ៉ាងតិច ៨១ ករណីជាជនជាតិចិន ដែលក្នុងនោះក៏មានផងដែរអ្នកដំណើរជនជាតិចិន សូកប៉ាន់សន្ដិសុខសណ្ឋាគារធ្វើចត្តាឡីស័ក ដើម្បីចេញដើរទៅក្រៅផងដែរ។
រដ្ឋាភិបាលប្រកាសថា ចង្កោមឆ្លងធំបំផុតនៃព្រឹត្តិការណ៍សហគមន៍លើកនេះ កើតឡើងក្នុងក្លឹបកម្សាន្តN8 ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការផ្ទុះឆ្លងក្នុងសហគមន៍នេះ កើតមានឡើង ស្របពេលកម្ពុជាកំពុងបន្តពង្រាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ដែលកម្ពុជាទើបទទួលបាន ៦០ ម៉ឺនដូសពីរដ្ឋាភិបាលចិន។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា វ៉ាក់សាំងទាំង Sinopharm ទាំងវ៉ាក់សាំងដទៃ មិនទាន់មានទិន្នន័យស្រាវជ្រាវវេជ្ជសាស្ត្រច្បាស់នៅឡើយថា វ៉ាក់សាំងទាំងនេះអាចទប់ទល់នឹងវីរុសកូវីដ១៩ បម្លែងថ្មីបានកម្រិតប្រសិទ្ធភាពប៉ុន្មានភាគរយ។
លោកស្រីបញ្ជាក់ថា៖ «វ៉ាក់សាំងនៅតែមានផលប្រយោជន៍សម្រាប់បុគ្គលក្នុងការបង្កើតកងការពារ សម្រាប់ទប់ស្កាត់នឹងការវាយលុក សម្រាប់ទប់ស្កាត់នូវភាពធ្ងន់ធ្ងរពីការវាយលុកដោយវីរុសកូវីដ១៩ មិនថាឥឡូវឬក៏បម្លែងទេ»។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា ការពង្រាយចាក់វ៉ាក់សាំង Sinopharm នៅកម្ពុជា ជាប្រការ «ជំរុញទឹកចិត្ត» ហើយថា ជំនួយវ៉ាក់សាំងដែលធានាដោយអង្គការសុខភាពពិភពលោកសម្រាប់កម្ពុជានឹងជាម៉ាកវ៉ាក់សាំង AstraZeneca ដែលនឹងមកដល់ក្នុង«ពេលឆាប់ៗ»ខាងមុខ៕