រដ្ឋមន្រ្តីការបរទេសជប៉ុនកាលពីថ្ងៃចន្ទបានជំរុញឲ្យកម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតសាកលនាពេលខាងមុខតាមបែបប្រជាធិបតេយ្យនិងពហុបក្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បានថ្លែងបែបនេះទៅកាន់លោកហ៊ុន ម៉ាណែត កូនច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាថ្នាក់ដឹកនាំបន្តវេនគណបក្សប្រជាជនកម្ពុជានាពេលខាងមុខដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ក្នុងប្រទេសជប៉ុននេះកើតឡើងបន្ទាប់ពីឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក Masahiro Mikami ជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្រុងតាខ្មៅកាលពីថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០២១កន្លងទៅ។
នៅក្នុងជំនួបនោះរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Hayashi Yoshimasa និងលោក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានពិភាក្សាគ្នាអំពី«ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ»ដែលធ្វើឲ្យប្រទេសកម្ពុជានិងជប៉ុន មានទំនាក់ទំនងរឹងមាំនិងអាចសហការយ៉ាងជិតស្និទ្ធចំពោះបញ្ហាសហគមន៍អន្តរជាតិនិងការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាចំពោះបញ្ហាក្នុងតំបន់ដែលរួមមានស្ថានការណ៍មីយ៉ាន់ម៉ាបញ្ហាសមុទ្រចិនខាងត្បូងប្រទេសកូរ៉េខាងជើងនិងបញ្ហាចាប់ជំរិតជាដើម។ នេះបើតាមការចេញផ្សាយព័ត៌មានលើគេហទំព័ររបស់ក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី១៤ ខែកុម្ភៈនេះ។
មិនតែប៉ុណ្ណោះក្នុងជំនួបនោះក៏មានការពិភាក្សាគ្នាអំពីការរៀបចំការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះផងដែរ ដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashiបានឲ្យដឹងថាជប៉ុនចង់ផ្តល់ការគាំទ្រតាមដែលអាចធ្វើទៅបានដើម្បីឲ្យការបោះឆ្នោតក្នុងប្រទេសកម្ពុជាប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យនិងភាពចម្រុះនៃការចូលរួមរបស់គណបក្ស។
លោក Hayashi បញ្ជាក់ថា៖«ប្រទេសជប៉ុនចង់ផ្តល់ការគាំទ្រច្រើនតាមតែអាចធ្វើទៅបានដើម្បីឱ្យការបោះឆ្នោតឃុំសង្កាត់ក្នុងប្រទេសកម្ពុជានាខែមិថុនាឆ្នាំ[២០២២]នេះនិងការបោះឆ្នោតសកលនៅឆ្នាំក្រោយប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យនិងភាពចម្រុះ»។
បើតាមលោក Hayashiថាជប៉ុននឹងផ្តល់ជំនួយថ្មីទាក់ទងនឹងជំងឺកូវីដ១៩ឲ្យប្រទេសកម្ពុជាដូចជាការផ្តល់វ៉ាក់សាំងជាដើម។
ភាគីទាំងពីរក៏បានឯកភាពសហការពង្រឹងទំនាក់ទំនង ឆ្ពោះទៅខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី៥០នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជប៉ុន-អាស៊ាន នៅឆ្នាំក្រោយ។
ទាក់ទងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់សារអ្វីនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឡើយ។ លោកគ្រាន់តែបង្ហោះរូបភាពនិងសារលើគណនីហ្វេសប៊ុករបស់លោកបញ្ជាក់អំពីជំនួបនោះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)លោកហង្ស ពុទ្ធា ប្រាប់វីអូអេថាការគាំទ្ររបស់ប្រទេសជប៉ុនសម្រាប់ការបោះឆ្នោតនៅកម្ពុជាគឺជប៉ុនចង់លើកស្ទួយដំណើរការបោះឆ្នោតឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានជប៉ុនជួយលើកស្ទួយបន្ថែមទៀតដើម្បីឲ្យវិស័យបោះឆ្នោតកាន់តែមានភាពរីកចម្រើន។ បច្ចុប្បន្ននៅក្នុងស្ថាប័នគ.ជ.ប.ជប៉ុនបានផ្តល់រួចហើយនូវអ្នកជំនាញខាងអប់រំបណ្តុះបណ្តាល។អ៊ីចឹងជប៉ុនមើលឃើញច្បាស់ថា សេរីពហុបក្សចម្រុះគឺកំពុងតែប្រព្រឹត្តទៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា»។
លោកសុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាប្រាប់វីអូអេថាជំហររដ្ឋាភិបាលជប៉ុនតែងតែគាំទ្រដល់ដំណើរការបោះឆ្នោតនិងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលនេះជាគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលជប៉ុន។ ប៉ុន្តែលោកថ្លែងការពារការរៀបចំការបោះឆ្នោតថារដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានរៀបចំបរិយាកាសនិងដំណើរនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ទៅតាមឆន្ទៈរបស់ប្រជាជន។
លោកថ្លែងថា៖«ទោះបីជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅតែរៀបចំឲ្យដំណើរការបោះឆ្នោតនិងបរិយាកាសមួយដែលប្រកបដោយយុត្តិធម៌ត្រឹមត្រូវនិងសេរីដើម្បីទុកលទ្ធភាពជូនប្រជាជនដើម្បីសម្រេចតាមឆន្ទៈរបស់ប្រជាជននៅទូទាំងប្រទេសនាថ្ងៃ៥ ខែមិថុនាឆ្នាំ២០២២ខាងមុខនេះគឺនៅសល់តែ៥ខែទៀតទេ»។
លោកកន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលការបោះឆ្នោតប្រាប់វីអូអេថារដ្ឋាភិបាលជប៉ុនតែងតែផ្តល់ជំនួយតាមរយៈបច្ចេកទេសនិងធនធានថវិកាដល់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជាដោយមិនសំដៅលើបុគ្គលឬក្រុមណាមួយនោះទេ ដូចជាការបោះឆ្នោតឆ្នាំ២០១៧ដែលជួយទៅស្ថាប័នគ.ជ.ប.ទាំងសម្ភារៈបោះឆ្នោតនិងថវិកាជាដើម។
លោកកន សាវាង្សបញ្ជាក់ថា មកដល់ពេលនេះសង្គមស៊ីវិលមិនទាន់ឃើញមានសញ្ញាណាមួយឆ្លើយតបទៅនឹងលក្ខខណ្ឌអប្បបរមា៦ចំណុចដែលសង្គមស៊ីវិលស្នើសុំឲ្យស្តារស្ថានភាពគោលការណ៍លទ្ធិប្រជាធិបតេយ្យមុនការបោះឆ្នោតនោះឡើយ។
បើតាមលោកកន សាវាង្ស ចំណុចទាំងនោះរួមមានបរិយាកាសនយោបាយសិទ្ធិនយោបាយ ឆន្ទៈប្រជាពលរដ្ឋអព្យាក្រឹតភាពមន្រ្តីរាជការនិងសមាសភាពថ្នាក់ដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.។ លោកបញ្ជាក់ថាចំណុចទាំងអស់នេះមិនឃើញមានការវិវឌ្ឍឲ្យមានស្ថានភាពល្អប្រសើរនោះទេ។ទាំងអស់នេះជាគោលការណ៍ក្នុងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា។
ទាក់ទងគណបក្សនយោបាយចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោតលោក កន សាវាង្សថា មិនមានគណបក្សនយោបាយណាមួយដែលអាចដើរតួជំនួសគណបក្សសង្គ្រោះជាតិនោះទេទោះមានគណបក្សដែលកើតចេញពីគណបក្សសង្រ្គោះជាតិក៏ដោយ។
លោកមាស នី អ្នកវិភាគនយោបាយនៅកម្ពុជាប្រាប់វីអូអេថា ខាងបស្ចិមប្រទេសនិងប្រទេសជប៉ុនតែងតែនិយាយពីការបោះឆ្នោតពហុបក្សដោយសេរី និងយុត្តិធម៌ដែលរាប់ចាប់តាំងពីដំណើរការរបស់គណបក្សរហូតដល់លទ្ធផលនៃការបោះឆ្នោតដោយគ្មានការគំរាមកំហែង ការរារាំង ឬគាបសង្កត់នោះទេប៉ុន្តែកម្ពុជាគិតត្រឹមតែមានមនុស្សច្រើនទៅបោះឆ្នោតនិងគ្មានអំពើហិង្សាតែប៉ុណ្ណោះ។
លោកយល់ថារដ្ឋាភិបាលនិងស្ថាប័នគ.ជ.ប.ត្រូវតែស្គាល់តួនាទីនិងការអនុវត្តរបស់ខ្លួនដោយត្រូវដោះស្រាយនិងជួយសម្រួលនីតិវិធីមួយចំនួនសម្រាប់គណបក្សនយោបាយទាំងអស់ចាប់តាំងពីដំណើរការដំបូងរហូតដល់លទ្ធផលនៃការបោះឆ្នោតដោយគ្មានការគំរាមកំហែងការរារាំង ការវាយបំផ្លាញស្លាកគណបក្សការប្រើប្រាស់អំពើហិង្សានិងត្រូវស្វែងរកជនបង្កមកដាក់ទោសជាដើម។
លោកថ្លែងថា៖«វាមិនមែនមានតែថ្ងៃបោះឆ្នោតមួយមិនមានហិង្សាហើយមនុស្សទៅបោះឆ្នោតច្រើនយើងប្រកាសថាអាហ្នឹងសេរីនិងយុត្តិធម៌។វាមិនពិតទេ...ជាការបន្លំភ្នែកទេ។សំខាន់ដំណើរការទូទៅចាប់តាំងពីដំណើរការជាប្រក្រតីស្របទៅតាមច្បាប់របស់គណបក្សនយោបាយដែលមិនមានការគំរាមកំហែង។ ហើយរដ្ឋាភិបាលមានតួនាទីក្នុងការសម្របសម្រួលធ្វើយ៉ាងណាឲ្យដំណើរការអនុវត្តដំណើរការរបស់គណបក្សទាំងអស់តាំងពីការកកើតរហូតដល់ផ្សព្វផ្សាយធ្វើយុទ្ធនាការអីហ្នឹងត្រូវតែធ្វើឡើងដោយសេរី[ក្នុងការ]ចូលរួមក្នុងការបោះឆ្នោត»។
លោកបានកត់សម្គាល់ថា គណបក្សតូចៗ នៅតែមានការព្រួយបារម្ភនិងគណបក្សមួយចំនួននៅតែបន្តរិះគន់អំពីឯករាជ្យភាពរបស់គ.ជ.ប.ដែលត្រូវបានគេមើលឃើញថាគ្រាន់តែជាយន្តការមួយរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។ ហើយលោកថា ប្រសិនបើគ.ជ.ប.មិនព្យាយាមដោះស្រាយបញ្ហាដែលគណបក្សទាំងអស់ប្រឈមនោះទេនោះគ.ជ.ប.នៅតែទទួលរងការរិះគន់។
ដោយឡែកអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងជាស្ថាបនិកមួយរូបនៃគណបក្ស«កែទម្រង់កម្ពុជា»លោកអ៊ូ ច័ន្ទរ័ត្នបញ្ជាក់ប្រាប់វីអូអេថាមានកត្តាច្រើនណាស់ដែលធ្វើឲ្យការបោះឆ្នោតមានភាពសេរី យុត្តិធម៌និងត្រឹមត្រូវដែលតម្រូវឲ្យស្ថាប័នគ.ជ.ប.ឯករាជ្យការផ្តល់សិទ្ធិនិងសកម្មភាពនយោបាយស្មើគ្នាចំពោះគណបក្សទាំងអស់ដូចជាការលើកស្លាកគណបក្សជាដើមដែលកន្លែងខ្លះមានការរឹតត្បិតឬប្រើកម្លាំងអាជ្ញាធរមករារាំងក៏មាន។
លោកថ្លែងថា៖«[ទី១]យើងគ្រាន់លើករឿងគ.ជ.ប.មួយ។ សំណួរថា តើស្ថាប័នគ.ជ.ប.នេះឯករាជ្យហើយឬនៅ?បើសិនជាស្ថាប័ននេះនៅតែយកមន្ត្រីដែលមាននិន្នាការគណបក្ស...។ ទី២ដូចជាបណ្តាញសារព័ត៌មានមិនមានសមភាពចំពោះគណបក្សក្រៅរដ្ឋាភិបាល។ យើងឃើញ[ថា]ពិបាកហើយ។ ទី៣យើងឃើញសកម្មភាពគណបក្សនយោបាយក្នុងមូលដ្ឋានក្តីហ្នឹងយើងឃើញមិនស្មើភាពត្រង់ថាគណបក្សកាន់អំណាចដល់មូលដ្ឋានហើយប្រើប្រាស់ក្នុងនាមជាអាជ្ញាធរហ្នឹងអាចមានលទ្ធភាពក្នុងការរឹតត្បិតដូចជារឿងលើស្លាកក្តីអត់ស្មើគ្នាទេ» ។
លោកបានកត់សម្គាល់ថាទោះបីជាការបោះឆ្នោតមិនទាន់មានភាពត្រឹមត្រូវសេរី និងយុត្តិធម៌ តែលោកមានជំនឿថាសង្គមកម្ពុជានៅតែអាចដើរទៅមុខ ប្រសិនបើដំណើរការនៃការបោះឆ្នោតនេះប្រព្រឹត្តទៅជាធម្មតាហើយប្រជាពលរដ្ឋយល់ដឹងពីសិទ្ធិសេរីភាពរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតនិងមានចំណេះដឹងច្រើនអំពីប្រជាធិបតេយ្យនេះ៕