មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៣២ នាក់ បានរងរបួសកាលពីថ្ងៃពុធម្សិលមិញ នៅពេលដែលគ្រាប់បែកពីរគ្រាប់បានផ្ទុះក្នុងអំឡុងពេលប្រកួតកីឡាប្រដាល់កម្សាន្តមួយនៅក្នុងខេត្ត Leyte ស្ថិតនៅភាគកណ្ដាលប្រទេសហ្វីលីពីន។
មន្ត្រីប៉ូលិសខេត្តបាននិយាយថា អ្នករងរបួសចំនួន ១៦ នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗ។ ចំណែកឯអ្នករងរបួសផ្សេងទៀត ត្រូវបានព្យាបាល និងបានជាសះស្បើយហើយ។ ក្នុងចំណោមអ្នករងរបួសទាំងអស់ យ៉ាងហោចណាស់មានកុមារចំនួន ១០ នាក់ ដែលមានអាយុចន្លោះ ៧ និង ១៥ ឆ្នាំ។
ប៉ូលិសកំពុងព្យាយាមកំណត់អត្តសញ្ញាណអ្នកបោកគ្រាប់បែកនោះ ហើយមិនទាន់មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
ពួកឧទ្ទាមកុម្មុយនិស្តបានបង្កើតវត្តមានរបស់ពួកគេនៅក្នុងខេត្ត Leyte ដែលជាខេត្តមានចម្ងាយប្រមាណ ៦១០ គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍រដ្ឋធានីម៉ានីល ប៉ុន្តែមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថាពួកគេ ឬក្រុមសកម្មប្រយុទ្ធណាផ្សេងទៀតពាក់ព័ន្ធនៅក្នុងករណីផ្ទុះគ្រាប់បែកនេះទេ។
លោកប្រធានាធិបតី Rodrigo Duterte បានព្រមានអំពីការជ្រៀតចូលរបស់ពួកសកម្មប្រយុទ្ធជ្រុលនិយមក្រុមរដ្ឋឥស្លាមក្នុងប្រទេសហ្វីលីពីន ប្រសិនបើយុទ្ធនាការបណ្ដេញពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទទួលបានជោគជ័យ។
លោក Duterte បន្ថែមថា តំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន ងាយនឹងទទួលរងឥទ្ធិពលពីពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម ដោយសារតែតំបន់នោះកាត់ផ្ដាច់ពីតំបន់ផ្សេងៗដោយសារច្រកសមុទ្រតូចមួយ៕