លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីនៃប្រទេសហ្វីលីពីនដែលរងការរិះគន់ពីការរំលោភសិទ្ធិមនុស្សដោយស្ថាប័នសិទ្ធិមនុស្សធំៗ ដោយសារភាពល្បីល្បាញនៃការបង្ក្រាបគ្រឿងញៀនក្នុងការសម្លាប់មនុស្សពាក់ព័ន្ធនឹងគ្រឿងញៀន នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ។
ដំណើរទស្សនកិច្ចនេះត្រូវបានអ្នកឃ្លាំមើលនយោបាយយល់ថា ជាការទាក់ទាញកម្ពុជា ឲ្យធ្វើជាអ្នកសម្របសម្រួលរវាងហ្វីលីពីន និងចិន។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញកាលពីថ្ងៃទី៦ ខែធ្នូ លោក Rodrigo Duterte នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៣-១៤ ខែធ្នូ ទៅតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។
សេចក្ដីប្រកាសព័ត៌មាននោះបន្ថែមថា លោក Duterte នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង បន្ទាប់មកនឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងដំណើរទស្សនកិច្ចនោះ លោក Duterte និងលោក ហ៊ុន សែន នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុស្សរណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី នារសៀលថ្ងៃច័ន្ទនេះបដិសេធមិនធ្វើការអធិប្បាយលម្អិតពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីន ដោយគ្រាន់តែបញ្ជាក់ថា ទស្សនកិច្ចនេះជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
«ជារួមអនុស្សរណៈហ្នឹង គេនិយាយអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នេះជាបញ្ហាមួយដែលសំខាន់នៅក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ បញ្ហាកីឡា និយាយពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើផ្នែកកីឡា ហើយបើព័ត៌មានលម្អិតគឺ អាចមានអ្នកជម្រាបជូននៅក្រោយពេលពិធីចុះហត្ថលេខា»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា ដំណើរទស្សនកិច្ចរបស់លោក Duterte មកកាន់កម្ពុជាដោយសារកម្ពុជាជាប្រទេសដែលអាចសម្របសម្រួលរវាងប្រទេសហ្វីលីពីន និងចិន ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនភាគខាងត្បូង។
«ប្រធានបទដែលធំបំផុតគឺទាក់ទងហ្នឹងចិន ព្រោះអីចិនមានជម្លោះជាមួយហ្នឹងហ្វីលីពីន។ លោក Duterte ហ្នឹងហាក់ដូចជាដូរយុទ្ធសាស្ត្រចាស់ ដែលយុទ្ធសាស្ត្ររឹងមាំរបស់ហ្វីលីពីនដែលមិនសហការជាមួយចិន ហើយយកសម្ព័ន្ធភាពជាមួយហ្នឹងសហរដ្ឋអាមេរិកជាគោលហ្នឹង ហាក់ដូចជាដូរ។ ហើយបើដូរមែន ខ្ញុំមើលទៅវាមានការពាក់ព័ន្ធនឹងកម្ពុជាដែរ ដោយសារកម្ពុជាមានភាពជិតស្និទ្ធជាមួយចិន ហើយហ្វីលីពីនអាចតាមរយៈកម្ពុជាអាចមានទំនាក់ទំនងជាងមុនជាមួយប្រទេសចិន»។
លោក អ៊ូ វីរៈ និយាយបន្ថែមលើការចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនថា អាចនឹងជាការរឹតត្បិតសេរីភាព ស្របពេលដែលគណបក្សប្រឆាំងនៅកម្ពុជាតែងតែរៀបចំការប្រជុំរបស់មន្ត្រីធំៗរបស់បក្សនៅទីនោះ បន្ទាប់ពីការជួបជុំនៅក្នុងប្រទេសត្រូវបានរឹតបន្តឹង។
លោក Duterte វ័យ៧១ឆ្នាំ ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីចុងខែមិថុនានេះ បានសន្យា និងស្បថថានឹងកម្ចាត់អំពើពុករលួយនិងឧក្រិដ្ឋកម្មផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន។
ក្នុងអំឡុងពេលនៃការកាន់តំណែងជិត៦ខែរបស់លោក អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានរិះគន់ពីការរំលោភសិទ្ធិមនុស្ស ដោយសារមនុស្សប្រមាណជា៦ពាន់នាក់បានស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីរូបនេះ។
នៅព្រឹកថ្ងៃច័ន្ទនេះដែរ ជនជាតិហ្វីលីពីន៥នាក់ បានតវ៉ាដោយបិទមុខមិនបង្ហាញអត្តសញ្ញាណនៅខាងមុខព្រះបរមរាជវាំង ដើម្បីផ្ញើសារប្រឆាំងនឹងយុទ្ធនាការគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាស្អែកនេះ។
បន្ទាប់ពីពួកគេតវ៉ាតែប៉ុន្មាននាទី ដោយមានការលើកបដាឲ្យលោក Duterte បញ្ឈប់ការសម្លាប់មនុស្សដោយសារការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន និងទាមទារឲ្យលោកគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋជាដើមនោះ ពួកគេក៏បានចាកចេញពីមុខព្រះបរមរាជវាំងភ្លាមៗ។
សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកតវ៉ាជនជាតិហ្វីលីពីនចំនួនប្រមាណជា៥នាក់នេះ បានសរសេរជាភាសាអង់គ្លេសដែលមានន័យយ៉ាងដូច្នេះថា៖
«ចាប់តាំងពីពេលលោក Duterte ចូលកាន់តំណែង មនុស្សជាង៦ពាន់នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ មនុស្សដែលស្លាប់ភាគច្រើនជាប្រជាជនក្រីក្រដែលជាប់សង្ស័យថាជាអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកលក់គ្រឿងញៀន។ ពួកគេភាគច្រើនបានស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យអាជ្ញាធរ ហើយពួកគេត្រឹមទទួលបានការចាប់ខ្លួន និងសម្លាប់ក្នុងការបាញ់ប្រហារតដៃជាមួយប៉ូលិស។ ពួកគេមួយចំនួនត្រូវបានគេរកឃើញថាជាមនុស្សត្រឹមត្រូវ»។
សេចក្ដីថ្លែងការណ៍របស់ពួកគេដដែលនោះ បានអំពាវនាវដល់រដ្ឋាភិបាលហ្វីលីពីនថា៖
«សកម្មភាពឆ្កួតឡប់នេះត្រូវបញ្ចប់។ ការញៀនថ្នាំមិនមែនជាបទឧក្រិដ្ឋឡើយ។ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ មិនមែនជាដំណោះស្រាយចំពោះបញ្ហាគ្រឿងញៀនដែលចាក់ឫសយូរអង្វែងដោយសារបញ្ហាក្រីក្រ និងការអស់សង្ឃឹមឡើយ។ ត្រូវប្រកាសសង្គ្រាមប្រឆាំងភាពក្រីក្រ មិនមែនអ្នកក្រនោះទេ! គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ! ប្រឆាំងទោសប្រហារជីវិត និងការកាត់ទោសកុមារពាក់ព័ន្ធនឹងបទឧក្រិដ្ឋ»៕