លោក រ៉ូឌីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីនដែលល្បីល្បាញខាងការបង្ក្រាបការជួញដូរគ្រឿងញៀន បានស្នើនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ឲ្យបន្តកិច្ចសហការលើការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកចំនួនពីរថ្ងៃនៅក្នុងប្រទេសកម្ពុជា។
លោក Duterte វ័យ៧១ឆ្នាំ បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីចុងខែមិថុនាកន្លងទៅនេះ។ នៅមុនលោកចូលកាន់កាប់តួនាទីជាប្រធានាធិបតី លោក Duterte បានសន្យានិងស្បថថា នឹងកម្ចាត់អំពើពុករលួយ និងឧក្រិដ្ឋកម្មផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន។
ការស្នើរបស់លោក Duterte ឲ្យភាគីកម្ពុជាបន្តកិច្ចសហការលើការប្រយុទ្ធប្រឆាំងគ្រឿងញៀនកើតមានឡើង នៅក្នុងជំនួបរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឡើងនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃពុធ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបដែលធ្វើឡើងអស់រយៈពេលជាងមួយម៉ោងថា ក្រៅពីសំណើនោះ លោក Duterte ក៏ស្វាគមន៍ការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការវិនិយោគក្នុងឧស្សាហកម្មផលិតស្រូវអង្ករក្នុងប្រទេសកម្ពុជា។
ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបន្តថា លោក Duterteក៏បានស្នើឲ្យ រដ្ឋាភិបាលកម្ពុជាបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែលរួមមានការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
«ឯកឧត្ដម Rodrigo ក៏បានលើកទឹកចិត្តឲ្យភាគីខាងក្រសួងប៉ូលិស សន្តិសុខ និងក្រសួងមហាផ្ទៃសហការគ្នាលើបញ្ហាសន្តិសុខលើបញ្ហាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន»។
លោក អ៊ាង សុផល្លែត បានឲ្យដឹងបន្តទៀតថា ភាគីកម្ពុជា និងហ្វីលីពីនមិនបានបញ្ជាក់លម្អិតអំពីផែនការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនរវាងប្រទេសទាំងពីរនោះឡើយ។ ក៏ប៉ុន្តែ លោកឲ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈចំនួនបួន ដែលគ្របដណ្ដប់លើបញ្ហាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋឆ្លងដែន កីឡា និងទេសចរណ៍។
លោកបញ្ជាក់បន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីស្នើឲ្យភាគីហ្វីលីពីនមកបោះទុនវិយោគលើឧស្សាហកម្មផលិតស្រូវអង្ករក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យលោកប្រធានាធិបតីហ្វីលីពីន ពិចារណាលើការបង្កើតការហោះហើរដោយផ្ទាល់ពីប្រទេសហ្វីលីពីនមកប្រទេសកម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរណ៍ហ្វីលីពីនមកទស្សនាកម្ពុជា។
ក្នុងអំឡុងពេលនៃការកាន់តំណែងជិត៦ខែរបស់លោក អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានរិះគន់ពីការរំលោភសិទ្ធិមនុស្ស ដោយសារមនុស្សប្រមាណជា៦ពាន់នាក់បានស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីរូបនេះ។
មុនមួយថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោក Duterte មកកាន់កម្ពុជា ជនជាតិហ្វីលីពីន៥នាក់បានចេញមកតវ៉ា ដោយបិទមុខមិនបង្ហាញអត្តសញ្ញាណនៅខាងមុខព្រះបរមរាជវាំង ដើម្បីផ្ញើសារប្រឆាំងនឹងយុទ្ធនាការគ្រឿងញៀនរបស់លោក។
បន្ទាប់ពីពួកគេតវ៉ាតែប៉ុន្មាននាទី ដោយមានការលើកបដាឲ្យលោក Duterte បញ្ឈប់ការសម្លាប់មនុស្សដោយសារការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន និងទាមទារឲ្យលោកគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋជាដើមនោះ ពួកគេក៏បានចាកចេញពីមុខព្រះបរមរាជវាំងភ្លាមៗ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម ប្រាប់ VOA នៅថ្ងៃពុធនេះថា ភាគីហ្វីលីពីន និងកម្ពុជាអាចនឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការបញ្ជូនក្រុមជួញដូរគ្រឿងញៀន ប្រសិនបើក្រុមជួញដូរទាំងនោះត្រូវបានរកឃើញថា មានប្រភពចេញពីប្រទេសហ្វីលីពីន។
លោកនិយាយថា ប្រទេសកម្ពុជា នឹងមិនចំណេញអ្វីពីការបញ្ជូនក្រុមជួញដូរគ្រឿងញៀន តែជាការរួមចំណែកក្នុងការជួយហ្វីលីពីន កម្ចាត់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។
«យើងអត់មានចំណេញអីទេ ព្រោះអានេះជាការបង្ក្រាបគ្រឿងញៀននៅស្រុកគេ ហើយគេតាមចាប់បណ្ដាញគ្រឿងញៀន ដែលវាគេចរួចគេចខ្លួន ឬក៏មកបង្កប់រកស៊ីនៅស្រុកយើងបាទ។ អញ្ចឹងយើងអត់មានចំណេញអីទេ។ យើងគ្រាន់តែបានត្រឹមថា ជួយប្រទេសជាមិត្តហ្នឹងឲ្យបំពេញតួនាទីរបស់គេ មានប្រសិទ្ធិភាពហើយ បើសិនជាយើងធ្វើត្រូវ មិនត្រូវ យើងជាអ្នកខូចឈ្មោះដោយសារជួយគេបាទ»។
កាលពីពេលកន្លងមក អាជ្ញាធរកម្ពុជាបានបើកការបង្ក្រាបការជួញដូរគ្រឿងញៀន ដោយរឹបអូសបានចំនួនថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ និងចាប់បានមេក្លោងជួញដូរគ្រឿងញៀនផងដែរ។
នៅក្នុងការបង្ក្រាបមួយដែលបានកើតឡើងកាលពីចុងខែមេសា ឆ្នាំ២០១៦ មេក្លោងគ្រឿងញៀនម្នាក់ និងកងកម្លាំងមានសមត្ថកិច្ចម្នាក់បានបាត់បង់ជីវិតនៅក្នុងការបាញ់តដៃគ្នា។
នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក លោក Duterte បានចូលគាល់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី ហើយបានបន្តដំណើរទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ។
ជំនួយការលោកនាយករដ្ឋមន្ត្រីខ្មែរ បានឲ្យដឹងថា ម្ដាយលោកប្រធានាធិបតី Duterte ធ្លាប់បានមកទស្សនាប្រទេសកម្ពុជា ដើម្បីទស្សនាប្រាង្គប្រសាទអង្គរវត្តកាលពី៣០ឆ្នាំមុនផងដែរ។
ដោយឡែក រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារកន្លងទៅនេះ បានចេញផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទីមួយ ខែមករា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។ នេះបើយោងទៅតាមលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ៕