ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ធំៗ​ទាំងពីរ​អះអាងថា ខ្លួនអាច​នឹង​ដឹកនាំ​​រដ្ឋាភិបាល​ថ្មី


​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្មេងៗ​ដឹកនាំ​ដោយ​លោកហ៊ុន ម៉ាណែត​ធ្វើ​យុទ្ធនាការនៅ​ថ្ងៃ​​យុទ្ធនាការ​ឃោសនា​ចុង​ក្រោយ។​
​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្មេងៗ​ដឹកនាំ​ដោយ​លោកហ៊ុន ម៉ាណែត​ធ្វើ​យុទ្ធនាការនៅ​ថ្ងៃ​​យុទ្ធនាការ​ឃោសនា​ចុង​ក្រោយ។​
គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​អះអាង​ពី​ការ​ទទួល​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​ចេញ​ពីការ​បោះ​ឆ្នោត​ជា​សាកល​កាលពី​ថ្ងៃ​អាទិត្យ។​ គណបក្ស​ទាំង​ពីរ​ក៏​ប្រកាស​ថា ​គេ​អាច​បង្កើត​រដ្ឋាភិបាល​ថ្មីម្នាក់​ឯង​បាន​រៀងៗ​ខ្លួន។​

ទោះជា​យ៉ាងណា​ គណបក្ស​ទាំង​ពីរ​ពុំ​ទាន់​ស្រុះ​ស្រួល​គ្នា​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ។​ ពីរដ្ឋធានី​វ៉ាស៊ីនតោន ​លោក​សុខ ខេមរា​នៃ​វីអូអេ​ ​រាយ​ការណ៍​ថា​ ក្រុម អ្នកច្បាប់​និង​អ្នកវិភាគ​ខ្លះ​បាន​និយាយ​ថា​ មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​សភា​ និង​ រដ្ឋាភិបាល ​ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​មិន​បាន​និយាយ​គ្នា​បាន​ជ្រះស្រឡះ។​

នៅ​ពេល​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ជាសកល​អាណត្តិ​ទី៥​កំពុង​កើត​មាន​ ឡើង​ ហើយ​គណបក្ស​ធំៗ​ទាំងពីរ​មិន​ទាន់​បាន​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ ពេល​បោះឆ្នោត​នោះ​ ក្រុមអ្នក​វិភាគ​ខ្លះ​បាន​អះអាង​ថា ​គណបក្ស​នយោបាយ​ទាំង​ពីរ​នឹង​ជួប​រឿង​ស្មុគស្មាញខ្លះ​ក្នុងការ​បង្កើត​សភា​និង​រដ្ឋាភិបាល។​

សភា​កម្ពុជា​ត្រូវ​កោះប្រជុំ​៦០​ថ្ងៃ​យ៉ាងយូរ ​ក្រោយការ​ប្រកាស​លទ្ធផល​នៃការ​បោះឆ្នោត​ដែល​ទំនង​ជា​ធ្វើ​ឡើង​ចុង​ខែ​កញ្ញា​ នៅក្រោយ​ពេល​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចេញ​លទ្ធផល​ជា​ផ្លូវការ​នៅ​ចុង​ខែ​សីហា​ ហើយ​ទុក​ពេល​វេលាប្តឹង​ និង​ដោះ​ស្រាយពាក្យ​បណ្តឹង​ផង​នោះ។​

ប៉ុន្តែ​ការ​បង្កើត​សភា​ និង​ការ​ជ្រើស​តាំង​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​អាច​នឹង​ជាប់​គាំង​ ដោយ​សារ​គណបក្ស​នីមួយៗ​មិន​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ ឬ​ដោយសារ​ផ្ទៃ​ក្នុង​គណបក្ស​ណាមួយ​នោះ​មិន​គាំទ្រ​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​ ឬ​គណៈ​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ ដោយសារ​សំឡេង​មិនគ្រប់ ​ឬ​សំឡេង​ទាប​ដែល​អាច​ប្រឈម​នឹង​ការ​ជំទាស់។​

លោក​សុខ សំអឿន ​នាយក​អង្គការ​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​អះអាង​ថា ​ការ​បង្កើត​សភា ​និង​រដ្ឋាភិបាល​អាច​មាន​ការ​លំបាក ​តែរឿង​នេះ​ទំនង​ជា​ត្រូវ ជជែក​គ្នា​ច្រើន​រវាង​គណបក្ស​នយោបាយ​ មាន​ន័យថា​ ត្រូវព្រម​ព្រៀង​គ្នា​ទាំង​ការ បង្កើត​សភា​និង​រដ្ឋាភិបាល​ទាំង​មូល​តែម្តង។​

លោក​និយាយ​ថា៖​ «មុន​ដំបូង​ត្រូវ​ប្រើ​រដ្ឋធម្មនុញ្ញ​គោលសិន​ គឺ​មាន​ន័យ​ថា​ត្រូវ​រក​សំឡេងគាំទ្រ​២ភាគ​៣​សិន​ តែ​បើ​រក​មិន​បាន​ទេ​ ពេល​នោះ​ត្រូវ​រក​តាម​ដំណោះ​ស្រាយ​រដ្ឋធម្មនុញ្ញ​បន្ថែម។​ រឿង​ហ្នឹង​នឹង​ជ្រើសរើស​ជា​កញ្ចប់​ បើ​ជ្រើស​រើស​ជា​កញ្ចប់​ត្រូវតែ​មាន​ការ​ព្រម​ព្រៀង»។ ​

រឿង​សំខាន់​គឺការ​បង្កើត​សភា។ ​បើ​គណបក្ស​ជំទាស់​ ដែល​អះអាង​ថា ​ឈ្នះ​ឆ្នោត​មាន​សំឡេង៦៣​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​សរុប​ ហើយ​គណបក្ស​ប្រជាជន​មិន​ចូលរួម​គាំទ្រ​ នោះ​ក៏គ្មានសំឡេងគ្រប់ ​ហើយ​ពេលនោះ​នឹង​ជាប់​គាំង​ឬ​ពន្យារ​ពេលខ្លះ។​

ផ្ទុយ​ទៅ​វិញ​ បើ​សិន​ជាគណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិនព្រម​ចូលរួម​ ពេល​នោះ​មាន​ហេតុផល​សមរម្យ​ដោយ​សុំ​ឲ្យ​មាន​ការបង្កើត​គណៈ​កម្មាការ​ឯករាជ្យ​ដើម្បី​ដោះស្រាយ​បណ្តឹង​ជាច្រើន​ឬ​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ ការបាត់​ឈ្មោះ​ជាង​១​លាន​២សែន​នាក់ និង​បញ្ហា​ជា​ច្រើន​ទៀត។​

ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​ការ​ធ្វើ​វិសោធន​កម្ម​ថ្មី​គឺបាន​ប្តូរ​ពី​ការ​យក​ចំនួន​២​ភាគ​ ៣​ឬ​៨២​សំឡេងដើម្បី​អនុម័ត​ការ​បង្កើត​រដ្ឋាភិបាល​និង​អនុម័ត​ច្បាប់​ផ្សេងៗ​មក​ ត្រឹម​សំឡេង៥០​ភាគ​រយ​បូកមួយ​ មាន​ន័យ​ថា​ ៦៣​សំឡេង​វិញ​ចំពោះ​ករណី​ខ្លះ។​

ប្រទេស​កម្ពុជា​ធ្លាប់​បាន​បោះឆ្នោត​ជា​កញ្ចប់​បង្កើត​សភា​និង​រដ្ឋាភិបាល​រវាង​ គណបក្ស​ហ៊្វុនស៊ីនប៉ិច ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​២០០៤​ម្តង​ ហើយ​ ដែលពេលនោះ​រងការ​រិះគន់​ដ៏ធ្ងន់ធ្ងរ​ថា​ ជា​រដ្ឋាភិបាល​កញ្ចប់​ដែល​ជា​ទម្រង់មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​កម្ពុជា។​

លោកគល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​អះអាង​ថា​ អ្នក​នយោបាយ​មាន​ពិសោធន៍​រួច​ហើយ​ពី​អតីត​កាល​ដែល​អាច​រក​ឃើញ​ដំណោះ​ស្រាយ​ ប្រសិន​បើ​មាន​ការ​ពិភាក្សា​គ្នា។​

លោក​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា ​មិនជា​រឿង​លំបាក​ខ្លាំងក្លា​ណាស់​ណា​ និង​រាំង​ស្ទះ​យូរ​ទេ ​ដោយសារ​តែ​និតិវិធី ​និង​ច្បាប់​មួយ​ចំនួន​បាន​សម្រួល​ច្រើន​នៅ​ក្នុង​ការ​ដែល​មិន​មាន​ការ​រាំង​ស្ទះ​បាន​ក្នង​ការ​បង្កើត​សភា​ក្តី ​និង​ការ​បង្កើត​រដ្ឋាភិបាល​ក្តី​ដោយសារ​យើង​មាន​ការកែ​ប្រែ​រដ្ឋធម្មនុញ្ញ​មាន​ចំនួន​ច្រើន​ហើយ»។​

លោក​បញ្ញា​បាន​បន្ត​ថា​ គណបក្ស​នយោបាយ​ទំនង​ជា​អាច​ជួបគ្នា​ដើម្បី​សម្រប​សម្រួល​និង​ដោះ​ស្រាយ​ ហើយនឹង​ការ​គិតគូរ​ពី​រឿង​ថ្មី​ដែល​ពលរដ្ឋ​ចូលរួម​ច្រើន។​ តែ​ដំណោះ​ស្រាយ​យ៉ាងណា​នោះ​ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទះ​ប្រជា​រាស្ត្រ​ផង​ដែរ។​

លោក​បន្តថា៖​ «រឿង​នេះ​គ្រាន់តែ​ជា​រឿង​ថ្មី។ ​តែទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ខ្ញុំ​គិត​ថា ​អាច​ដំណើរ​ការ​ទៅ​បាន ​ព្រោះ​ថា ​ទាំងអស់​ហ្នឹង​ធ្លាប់​មាន​ដាន​ពីមុន​មក​ហើយ របៀប​ធ្វើការ​ របៀប​ដោះស្រាយ​ជាមួយ​គ្នា។​ អញ្ចឹងទៅ​ ប្រហែល​ជា​គាត់​យក​ពិសោធន៍​ចាស់​ហ្នឹងយក​មក​គិត​ជជែក​គ្នា​ទៅ​ ហើយ​គ្រាន់តែ​ថា​ ម្នាក់ៗ​គ្រាន់តែ​ខិតខំ​ពិនិត្យ​មើល​លទ្ធភាព​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​គ្នា​ទៅវិញ​ទៅមក​អីខ្លាំង»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​បាន​បន្ថែម​ថា ​គណបក្ស​ក្នុង​រដ្ឋាភិបាល​និង គណបក្ស​មិន​នៅ​ក្នុង​រដ្ឋាភិបាល​ត្រូវតែ​គោរព​គ្នា​ដើម្បី​កសាង​ប្រជា​ធិបតេយ្យ​ សេរី​និង​ភាព​រឹងម៉ាំ​នៃ​ដំណើរការ​កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​យក​ច្បាប់ រដ្ឋ​ធម្មនុញ្ញ​មក​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​អនុវត្ត​ក្នុង​ការ​រៀបចំ​សភា​ និង​រដ្ឋាភិបាល។​ លោក​បញ្ញា​អះអាង​ទៀត​ថា​ គេ​ក៏​មិន​អាច​និយាយ​រឿង​បង្កើត​រដ្ឋាភិបាល​ភ្លាមៗ​ដែរ​ ដោយសារ​គណបក្ស​នយោបាយ​ត្រូវ​គិត​ពីរឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ ឆ្នោត​ជា​មុន​សិន។​

ក្រុមន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា ​ខ្លួន​មិនទាន់​គិត​ដល់​ការ​បង្កើត​រដ្ឋាភិ បាល​ទេ​ តែចង់​ទាមទារ​យុត្តិធម៌ ​និង​បង្ហាញ​ការពិត​នៃឆន្ទៈ​ប្រជា​ពលរដ្ឋឃើញ សិន​តាម​រយៈការ​ស្រាវជ្រាវ​ពីភាព​មិនប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត​និង​ដំណើរ​ការ​ បោះ​ឆ្នោត​ទាំងមូល។​

តែមន្ត្រី​គ.ជ.ប.​ធ្លាប់បាន​គំរាម​ដល់​គណបក្ស​ជំទាស់​ដែរ​ថា​ បើមិន​ចូល​រួម​ប្រជុំ​ សភា​ ឬ​ពហិកា​មិនចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​គឺជា​ការ​បោះបង់​ចោល​អាសនៈ ដែល​គេ​អាច​យក​អាសនៈ​ទាំងនោះ​ទៅ​ចែក​ជូន​ដល់​គណបក្ស​ណា​ដែល​ឈ្នះ​ ឆ្នោត​ក្នុង​មណ្ឌល​ទាំង​ឡាយ​នោះ។​

លោក​សុខ សំអឿន​បាន​អះអាង​ថា ​ការតវ៉ា​នោះ​ជា​រឿង​សម​ហេតុ​ផល​ ហើយ​បើ គ.ជ.ប.​ដោះស្រាយ​មិនទាន់​ មិនសម​ហេតុ​មិន​សមផល​ គ.ជ.ប.​មិន​អាច​យក​អាសនៈនោះ​មក​កាត់​ចែកបាន​ទេ​ ព្រោះរឿង​នេះ​ជា​កំហុស​របស់​គ.ជ.ប. ​ មិន​មែន​ជា​កំហុស​របស់​អ្នក​តវ៉ា​ទេ។​

លោក​សឺន ស៊ូប៊ែរ្តិ៍​មន្ត្រីច្បាប់​ជើងចាស់​ម្នាក់​និងជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​អះអាង​ថា​ គ.ជ.ប.​គ្មាន​សិទ្ធិ​ទេ ​ព្រោះ​ប្រជា​ពលរដ្ឋ​ជាអ្នក​បោះឆ្នោត​ជូន​គណ បក្ស​សង្គ្រោះ​ជាតិ ​មិនមែន​គ.ជ.ប.​ទេ។​ ​

លោក​និយាយថា៖​ «បញ្ហា​ត្រង់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អាសនៈ​ប៉ុណ្ណឹង​ ហើយ​គេ​ថា​ លទ្ធផល​អត់មាន​ប្រក្រតី។​ ម្ល៉ោះ​ហើយ​គេ​អាច​មិន​ចូល​រួម​ ​លុះត្រា​តែ​ស្អី​គេ​ទាមទារ ​គឺ​គេ​ទាមទារ​តាំងពី​មុន​បោះឆ្នោត​ទៅ​ទៀត។​ ​ហើយ​រហូត​ដល់​ឥឡូវ ​បោះឆ្នោត​លទ្ធផល​នៅតែ​មាន​បញ្ហា​ទៀត»។​

តែ​លោក​សឺន ស៊ូប៊ែរ្តិ៍​បាន​គាំទ្រ​ការ​បង្កើត​គណៈ​កម្មាការ​ឯករាជ្យ​ដើម្បី​ផ្ទៀងផ្ទាត់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត៖ ​«ខ្ញុំ​យល់​ថា​ រឿង​ហ្នឹង​ជា​រូបមន្ត​មួយ​ត្រឹមត្រូវ​ហើយ។​ បើ​សិន​ណា​ជា​យើង​អត់មាន​អីលាក់លៀម​ យើង​អត់​មានអី​បន្ទោសខ្លួន​ឯង ​គួរណាស់​គេ​មើល​ទៅ​រឿង​ហ្នឹង​វាត្រឹម​ត្រូវ​អស់ហើយ​ ហើយ​វាអស់​មាន​បញ្ហា​អី​ទៀត​ហើយ ​បើមិន​អញ្ចឹង​ គេ​នៅតែ​មាន​មន្ទិល​សង្ស័យ។​ យើង​មិនព្រម​បានន័យ​ថា ​យើង​មាន​អីលាក់​លៀម»។​

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​រាយការណ៍​ថា ​លោកអ៊ុច បូរិទ្ធ​ រដ្ឋលេខា​ធិការ ក្រសួង​ការ​បទេស​និង​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​ការ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​អន្តរជាតិ​ ហើយ​ស្នើ​ឲ្យ​គណបក្ស​ជំទាស់​បង្ហាញ​ភស្តុតាង​ នៃ​ការ​ចោទ​ប្រកាន់ ក្រោយពី​លោកបញ្ជាក់​ថា ​ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និង​យុត្តិធម៌។​

ប្រទេស​កម្ពុជា​បាន​បញ្ចប់​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨ខែ​កក្កដា​ឆ្នាំ២០១៣​។ទោះបី​ជា​លទ្ធផល​ជាផ្លូវការ​មិនទាន់​ត្រូវគេ​ប្រកាស​ឲ្យ​ដឹង​មែន​ តែគេ​គិតថា​ សំឡេង​ឆ្នោត​ ដែល​ពលរដ្ឋ​គាំទ្រ​គណបក្ស​ទាំង​ពីរ​ បង្ក​ទៅ​ជា​បញ្ហា​ដែល​តម្រូវ​ឲ្យ​គណបក្ស​ទាំងពីរ​ធ្វើការ​ជា​មួយគ្នា​ទៅ​អនាគត​ និង​មាន​បញ្ហា​អនាគត​របស់ប្រទេស​ជា​ច្រើន​ដែល​តម្រូវ​ឲ្យ​គណបក្ស​ទាំងពីរ​ជជែក​គ្នា​ច្រើន។​

ប្រជា​ពលរដ្ឋ ដែល​ស្រឡាញ់​ប្រជា​ធិបតេយ្យ​ជាច្រើន ​បាន​បង្ហាញ​ក្តី​បារម្ភ​តាម​ប្រព័ន្ធ​សង្គម​ ហ្វេសប៊ុក ​តាម​ទូរស័ព្ទ ​មក​កាន់​វីអូអេ។ គេ​បារម្ភ​អំពី​ការ​ចរចា​នយោ​បាយ​ខាង​មុខ ​ដោយ​ខ្លាច​កើតមាន​ដូច​ការ​បែងចែក​អំណាច​កាលពី​ឆ្នាំ​១៩៩៣ដែល​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​មាន​មុខ​តំណែង​ខ្ពស់ៗ​ក្នុង​រដ្ឋ​សភា ​និង​រដ្ឋាភិបាល​កាលណោះ។ ​គេ​បារម្ភ​ថា ​ករណី​បែបនេះ​កើតមាន​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយនឹង​បែកបាក់​ទៅ​វិញ​បន្តិច​ម្តងៗ ​រហូត​ដល់​បាត់​សំឡេង​ទាំងស្រុង​ ដូច​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នៅ​អាណត្តិ​ទី៤​នេះ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ទាំងពីរ​គឺលោកសម រង្ស៉ី ​និង​លោក​កឹម សុខា​បាន​សច្ចា​ប្រាប់​វីអូអេ​ថា ​ការ​តស៊ូ​របស់​ពួក​អស់​លោក​មិនមែន​ដើម្បី​មុខ​តំណែង​ទេ​គឺ​ដើម្បី​ប្រជា​ ធិបតេយ្យ​និង​សង្គ្រោះ​ជាតិ។​ សហគមន៍​អន្តរជាតិ ​រួមទាំង​ស.រ.អា​.ផង ​បាន​ព្រមាន​ពី​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​ឬ​រដ្ឋាភិបាល​ថ្មី​ ប្រសិន​បើការ​បោះឆ្នោត​មិន​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី​ និង​យុត្តិធម៌៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG