ភ្នំពេញ —
សហគមន៍អឺរ៉ុបបានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់វិធានការណ៍លើពាក្យបណ្តឹងនិងភាពមិនប្រក្រតីនៅពេលបោះឆ្នោត។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង ក្រោយពីគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងស្នើឱ្យបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីទាំងនោះ។
សហគមន៍អឺរ៉ុបបានជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោះស្រាយជម្លោះនានាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាឱ្យបានឆាប់បំផុត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដានេះ ដែលលទ្ធផលក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជែង។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានបរិហារពីភាពមិនប្រក្រតីជាច្រើនហើយបានប្រកាសច្រានចោលលទ្ធផលបោះឆ្នោតនេះ។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញនៅទីក្រុងព្រុចសែល នៅថ្ងៃទី២៩ និងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ អ្នកស្រី ខេតធឺរីន អាស្តុន (Catherine Ashton) តំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខ ថ្លែងថា គជបគួរដោះស្រាយបញ្ហាទាំងនេះក្នុងពេលឆាប់ៗ។ អ្នកស្រីបញ្ជាក់ថា សហគមន៍អឺរ៉ុប «អំពាវនាវដល់គ្រប់គណបក្សនយោបាយឱ្យរក្សាស្មារតីសន្តិភាពនិងប្រជាធិបតេយ្យឱ្យបាន។»
ជាមួយគ្នានេះសហគមន៍អឺរ៉ុបយល់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់វិធានការណ៍មួយចំនួនមុនការបោះឆ្នោត ដើម្បីឆ្លើយតបនឹងអនុសាសន៍របស់អ្នកសង្កេតការណ៍សហគមន៍អឺរ៉ុបនាពេលកន្លងមក។ ប៉ុន្តែតំណាងសហគមន៍នៃប្រទេសចំនួន២៧នេះបានសម្តែងការសោកស្តាយដែលអាជ្ញាធរ«មិនបានចាត់វិធានការណ៍ចាំបាច់ផ្សេងទៀត ដើម្បីដោះស្រាយឧបសគ្គចម្បងមួយចំនួនដូចជាការពង្រឹងសុក្រិតភាពនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ការធានាលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាពនិងការមិនប្រើធនធានរបស់រដ្ឋក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដោយមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ»។
សេចក្តីថ្លែងការណ៍របស់សហគមន៍អឺរ៉ុបធ្វើឡើង បន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេបានបដិសេដចោលលទ្ធផលបោះឆ្នោត ដោយអះអាងថា មកពីដំណើរការបោះឆ្នោតមានភាពមិនប្រក្រតីច្រើនលើសលុប ដូចជាពលរដ្ឋជាង១លាននាក់ត្រូវបានលុបចោលដោយមិនត្រឹមត្រូវ បញ្ជីឈ្មោះស្ទួននិងឈ្មោះខ្មោចរាប់សែននាក់ ឈ្មោះអ្នកបោះឆ្នោតត្រូវបានគេបោះជំនួស និងភាពមិនឯករាជ្យរបស់គ.ជ.បជាដើម។ គណបក្សនេះបានស្នើឱ្យបង្កើតគណៈកម្មការចម្រុះមួយដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីទាំងនេះ។
ទោះបីជាយ៉ាងណា សេចក្តីថ្លែងការណ៍នេះ ក៏បានមើលឃើញពីដំណើរវិវត្តជាវិជ្ជមាននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមួយចំនួនផងដែរ។ ដំណើរវិវត្តទាំងនោះ រួមមានការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះកររបស់ប្រជាពលរដ្ឋប្រកបដោយសន្តិភាព និងការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងកំឡុងពេលឃោសនារកសំឡេងឆ្នោត។
ស្រដៀងគ្នានេះដែរ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលម៉ិញក៏បានសម្តែងការព្រួយបារម្ភពីការរាយការណ៍អំពីភាពមិនប្រក្រតីជាច្រើននៅពេលបោះឆ្នោត និងស្នើឱ្យមានការស៊ើបអង្កេតដោយពេញលេញនិងតម្លាភាពមួយលើរបាយការណ៍ពីភាពមិនប្រក្រតីទាំងនោះ។
ស្របពេលដែលមានភាពចម្រូងចម្រាសអំពីលទ្ធផលបោះឆ្នោតបឋមដែលចេញផ្សាយដោយគ.ជ.ប ក្រុមអង្គការសង្គមស៊ីវិលរួមមានអង្គការខុមហ្វ្រែលនិងអង្គការនិកហ្វិក នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើឱ្យគជបបង្កើនតម្លាភាពបន្ថែមក្នុងការបើកចំហឯកសារបោះឆ្នោតដូចជាកំណត់ហេតុរាប់សន្លឹកឆ្នោតទម្រង់១១០២ គល់បញ្ជីនៃលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមការិល័យនីមួយៗ ដើម្បីឱ្យអង្គការសង្គមស៊ីវិលធ្វើការផ្ទៀងផ្ទាត់និងវាយតម្លៃ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) រកឃើញភាពមិនប្រក្រតីជាច្រើននៅថ្ងៃបោះឆ្នោត។
«រឿងដែលកើតឡើងច្រើននិងច្រើនកន្លែងហ្នឹងគឺបញ្ហាប្រជាពលរដ្ឋរកឈ្មោះមិនឃើញជាពិសេសនៅមណ្ឌលធំៗ រកការិយាល័យមិនឃើញ ការប្រើប្រាស់ឯកសារយកទៅបោះឆ្នោតមិនបានច្បាស់លាស់ ហើយកន្លងមកក៏ឃើញមានឈ្មោះប៉ោងច្រើនដែរ ហើយពេលគាត់បោះឆ្នោតមានគេបោះឈ្មោះគាត់ហើយ។ បញ្ហានៅត្រង់ហ្នឹង។»
លោក ទេព នីថា អគ្គលេខធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ ដោយទូរសព្ទលោករោទិ៍គ្មានអ្នកទទួល។ ប៉ុន្តែលោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់នៅថ្ងៃនេះថា ការបង្កើតគណៈកម្មការចម្រុះគឺហួសដែនសមត្ថកិច្ចរបស់ខ្លួន៕