លោកថ្លែងយ៉ាងដូច្នេះគឺយោងគណបក្សប្រជាជនកម្ពុជាមានពលរដ្ឋបោះឆ្នោត ឲ្យតែ២លាន៤សែន ហើយគណបក្សសង្គ្រោះជាតិមានអ្នកបោះឆ្នោតឲ្យ២លាន ៣សែន តែបើបូកនឹងតួលេខជាង១លាន២សែននាក់ដែលជាអ្នកបាត់ឈ្មោះ គ្មានឈ្មោះ ឬអ្នកបាត់សិទ្ធិបោះឆ្នោតដោយគេបន្លំបោះឆ្នោតឈ្មោះខ្លួននោះ នោះគណបក្សសង្គ្រោះជាតិរបស់លោកនឹងឈ្នះ។ លោកសម រង្ស៉ីបានសន្និដ្នានជាឯកតោភាគីថា អ្នកបាត់ឈ្មោះទាំងនោះជាអ្នកគាំទ្ររបស់លោក។
គណបក្សប្រជាជនកម្ពុជាបានអះអាងថា ខ្លួនឈ្នះអាសនៈ៦៨ លើ១២៣នៃ អាសនៈសភាគឺលើសពីចំនួន៥០ភាគរយបូកមួយនៃការបង្កើតរដ្ឋាភិបាល។ការប្រកាសនេះគឺកើតឡើងភ្លាមក្រោយពីការរាប់សន្លឹកឆ្នោតចប់កាលពីល្ងាចថ្ងៃ អាទិត្យ ក្រោយពីចប់ការបោះឆ្នោត។ តែលោកសម រង្ស៉ីចាត់ទុកថា ជាតួលេខ បំផ្លើស។
មេដឹកនាំក្រុមជំទាស់ទាំងពីរបានប្រកាសថា លោកតវ៉ានេះគឺមិនមែនដើម្បី តំណែងផ្ទាល់ខ្លួនទេ តែដើម្បីការពារប្រជាពលរដ្ឋ ការពារយុត្តិធម៌និងសង្គ្រោះជាតិ។
លោកកឹម សុខា បានអះអាងថា មកទល់ពេលនេះគឺជាពេលវេលាដែលត្រូវរកយុត្តិធម៌ជូនប្រជាពលរដ្ឋតាមរយៈការបង្កើតគណៈកម្មាធិការឯករាជ្យមួយ មុន ពេលនិយាយដល់ការបង្កើតរដ្ឋាភិបាលថ្មី។ សូមស្តាប់ការបកស្រាយបន្ថែម របស់មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ី និងលោក កឹម សុខា ក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃច័ន្ទទី២៩ ខែកក្កដាឆ្នាំ២០១៣ ស្តីពី«លទ្ធផល ក្រៅផ្លូវការនិងជាបឋមនៃការបោះឆ្នោតនិងជំហររបស់គណបក្សជំទាស់» ដូច តទៅ៖