ក្រុមហ៊ុន Twitter បានឈប់ប្រកាន់យកគោលការណ៍ដើម្បីត្រួតពិនិត្យមើលព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅលើបណ្តាញសង្គមរបស់ខ្លួន ដែលអាចដាក់ក្រុមហ៊ុននេះ ទៅក្នុងហានិភ័យដ៏ធំមួយ ដោយសារអានការកើនឡើងខ្លាំងនូវព័ត៌មានមិនពិតអំពីកូវីដលើបណ្តាញ Twitter ខណៈ ពេលដែលមានករណីឆ្លងជំងឺកូវីដ១៩កាន់តែកើនឡើងខ្លាំងនៅក្នុងប្រទេសចិន និងផ្នែកជាច្រើនទៀតនៅជុំវិញពិភពលោកនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទង្វើនេះកើតមានឡើង ស្របពេលដែលគេកំពុងមានក្តីបារម្ភទៅលើសមត្ថភាពរបស់ក្រុមហ៊ុន Twitter ក្នុងការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ បន្ទាប់ពីក្រុមហ៊ុននេះ បានបញ្ឈប់បុគ្គលិកប្រមាណជិតពាក់កណ្តាលរបស់ខ្លួន ដែលក្នុងនោះក៏រួមមានទាំងបុគ្គលិកដែលត្រួតពិនិត្យខ្លឹមសារនៅលើបណ្តាញសង្គមមួយនេះផងដែរ នៅក្រោមម្ចាស់គ្រប់គ្រងថ្មីគឺលោក Elon Musk នោះ។
ទំព័រ blog របស់ក្រុមហ៊ុននេះបាននិយាយក្នុងពេលបានធ្វើបច្ចុប្បន្នភាពចុងក្រោយថា៖ «ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ ក្រុមហ៊ុន Twitter នឹងឈប់អនុវត្តទៅលើវិធានការត្រួតពិនិត្យព័ត៌មាន ដែលអាចធ្វើឱ្យមានការភាន់ច្រឡំ ស្តីពីជំងឺកូវីដ១៩ ទៀតហើយ»។ ព័ត៌មានអំពីការកែប្រែគោលការណ៍នេះ ត្រូវបានចេញផ្សាយមុនគេដោយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារកន្លងទៅ។
វិធានការជាក់ជាក់ណាដែលក្រុមហ៊ុនឈប់អនុវត្តនេះ នៅមិនទាន់មានភាពច្បាស់លាស់ភ្លាមៗនៅឡើយទេ ហើយក្រុមហ៊ុនក៏មិនបានឆ្លើយតបភ្លាមៗដែរ ទៅនឹងសំណើសុំផ្តល់ព័ត៌មានបន្ថែមទៀតជុំវិញរឿងនេះ។
នៅពេលដែលជំងឺកូវីដ១៩ចាប់ផ្តើមរាតត្បាតខ្លាំងកាលពីឆ្នាំ២០២០ ក្រុមហ៊ុន Twitter បានដាក់ចេញនូវវិធានការមួយចំនួន ដែលរួមមានការកត់សម្គាល់និងសារព្រមាននៅលើបណ្តាញរបស់ខ្លួន ចំពោះសារណាដែលត្រូវបានសង្ស័យថាមានព័ត៌មានមិនពិតស្តីពីវិបត្តិសុខភាព ក៏ដូចជាការសុំឱ្យអ្នកបង្ហោះសារនោះដកចេញនូវសាររបស់ខ្លួនដែលបានបង្ហោះ ដែលអាចធ្វើឱ្យមានការប៉ះពាល់ទៅលើការបញ្ជាក់អះអាងខុសពាក់ព័ន្ធនឹងរឿងវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។
ក្រុមហ៊ុនMeta ដែលជាម្ចាស់ធំពីលើក្រុមហ៊ុន Facebook និងក្រុមហ៊ុន Alphabet ដែលជាម្ចាស់នៃគេហទំព័រ YouTube នោះ ក៏បានដាក់ចេញនូវវិធានការប្រហាក់ប្រហែលគ្នានេះផងដែរ ហើយដែលពេលនេះកំពុងតែអនុវត្តនូវវិធានការទាំងនោះនៅឡើយ។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Twitter និយាយថា ចាប់តាំងពីខែមីនា ឆ្នាំ២០២១មក ខ្លួនបានឈប់អនុវត្ត«គោលការណ៍សុចរិតភាពស៊ីវិល» ទៀតហើយ ពាក់ព័ន្ធនឹងការនិយាយកុហកទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២០នោះ។
លោក Musk ដែលជាមហាសេដ្ឋីមួយរូបនោះ បានទិញយកក្រុមហ៊ុន Twitter កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ ក្នុងទឹកប្រាក់ប្រមាណ៤៤ពាន់លានដុល្លារអាមេរិក ហើយបានធ្វើការកែប្រែយ៉ាងឆាប់រហ័សទៅលើផ្នែកបុគ្គលិកនិងការផលិត។ លោក Musk បាននិយាយនៅថ្ងៃទី២៩ ខែតុលាថា លោកនឹងបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យខ្លឹមសារ ដែលមាន«ទស្សនៈចម្រុះផ្សេងៗយ៉ាងធំទូលាយ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ
ក្រុមហ៊ុន Twitter ឈប់អនុវត្តវិធានការត្រួតពិនិត្យព័ត៌មានក្លែងក្លាយស្តីពីជំងឺកូវីដ១៩
- Reuters