ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​យកឈ្នះ​លើ​ការ​រឹតត្បិត​ព័ត៌មាន​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ គឺជា​ចំណាប់​អារម្មណ៍​នៃ​សន្និសីទ TED


រូបឯកសារ៖ លោក Chris Anderson នៃ​សន្និសីទ TED ដឹកនាំ​ការ​ពិភាក្សា​មួយ​អំពី​អនាគត នៅ​ក្នុង​សន្និសីទ TED ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា។ (AFP)
រូបឯកសារ៖ លោក Chris Anderson នៃ​សន្និសីទ TED ដឹកនាំ​ការ​ពិភាក្សា​មួយ​អំពី​អនាគត នៅ​ក្នុង​សន្និសីទ TED ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា។ (AFP)

អ្នកស្រី​ Alison Killing ដែល​ជា​អ្នកសារព័ត៌មានទទួល​បាន​ពាន​រង្វាន់ Pulitzer Prize​ និង​ជា​ ស្ថាបត្យករ​ផងដែរ​នោះ​ គឺជា​វាគ្មិន​មួយ​រូប​ក្នុង​ចំណោម​វាគ្មិន​ដទៃ​ទៀត​ដែលមក​ពី​មជ្ឈដ្ឋានយ៉ាង​ចម្រុះ​សម្រាប់​ការ​ថ្លែង​បើក​សន្និសីទ TED ឆ្នាំ​នេះ។ អ្នកស្រី​ទទួល​បាន​ពាន​រង្វាន់​សារព័ត៌មាន​ដោយ​ការ​ប្រើ​ប្រាស់​រូបភាព​ពី​ផ្កាយ​រណប និង​ពី​ប្រភព​សាធារណៈ​ផ្សេង​ទៀត ដើម្បី​លាត​ត្រដាង​អំពី​ជំរំ​ឃុំឃាំង និង ពលកម្ម​ដោយ​បង្ខំ​ នៅ​ក្នុង​តំបន់ ​Xinjiang នៃ​ប្រទស​ចិន។ អ្នកស្រី Killing បាន​ថ្លែង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​របាយការណ៍​មួយ​ចំនួន​ភ្ជាប់​ជាមួយ​នឹងរូប​ពី​ផ្កាយរណប​ ដែល​បង្ហាញ​អ្វី​ដែល​អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

អ្នកស្រី​ថ្លែង​ប្រាប់​វីអូអេ​ថា វិធី​ល្អ​បំផុត​មួយ​ដើម្បី​ទទួល​បាន​ព័ត៌មានអំពី​បញ្ហា​អ៊ុយក្រែន និង រុស្ស៊ី ​នោះ​គឺ ពលរដ្ឋ​ក្នុង​ប្រទេស​ទាំងពីរ​នេះ អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បណ្ដាញ​ឯកជន​ពីចម្ងាយ ឬ VPN នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​របស់​ពួក​គេ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ថា ទិន្នន័យ​ចេញ​ពី​ប្រភព​សាធារណៈ​ និង​ការ​ស៊ើប​អង្កេត​នានា ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ផ្ដល់​ព័ត៌មាន​ល្អ​ ហើយ​ព័ត៌មាន​ទាំង​នោះ ត្រូវ​បាន​បញ្ចេញ​ក្នុង​របៀប​មួយ​ដែល​អ្នកណា​ក៏​អាច​ទទួល​បាន និង​អាច​ពិនិត្យ​មើល​ថាតើ​វាពិត​ឬ​យ៉ាង​ណា»។

ប៉ុន្តែ អ្នកស្រី Killing បន្ថែម​ថា រាល់​ព័ត៌មាន​ទាំង​អស់​ជានិច្ចកាល ត្រូវ​តែ​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​ភាព​ពិត​របស់​វា។ វាគ្មិន​ម្នាក់​ទៀត​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ​ គឺ​លោក Bektour Iskender ស្ថាបនិក​គេហទំព័រ​ Kloop ដែល​ជា​គេហទំព័រ​ប្លុក​ព័ត៌មាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧ ដើម្បី​តតាំង​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​គ្រង​ដោយ​រដ្ឋ ​នៅ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។ លោក​និយាយ​ថា ប្រសិន​បើ​រដ្ឋាភិបាលបិទ​គេហទំព័រ​កាន់​តែ​ច្រើន វា​កាន់​តែ​ល្អ ពីព្រោះ​ថា វា​ជំរុញ​ឲ្យ​មនុស្ស​ងាក​មក​ប្រើ​ប្រាស់​បណ្ដាញVPN និង​វិធី​ផ្សេង​ទៀត​កាន់​តែ​ច្រើន ដើម្បី​ស្វែង​រក​ប្រភព​ព័ត៌មាន​ដែល​ឯករាជ្យ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ថា ស្ថានភាព​អាក្រក់​បំផុត​កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​តូច​ត្រូវ​បាន​បិទ ខណៈ​ដែល​ប្រព័ន្ធផ្សព្វផ្សាយ​ប្រហែល ៩៥ ភាគរយ​ផ្សេង​ទៀត​នៅ​តែ​មាន​ដំណើរការ។ ប្រសិន​បើ​សិន​ស្ថានភាព​បែប​នេះ​កើត​មាន​ឡើង នោះ​មនុស្ស​នឹង​មិន​ខ្វល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រូវ​បាន​បិទ​នោះ​ទេ​ ដោយសារ​តែ​ពួក​គេ​នៅ​តែ​អាច​ទទួល​បាន​ព័ត៌មាន​ផ្សេង​ទៀត។ ប៉ុន្តែ​ ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឬ ព័ត៌មាន​ ៥០ ភាគរយ​ត្រូវ​បាន​បិទ​វិញ ពេល​នោះ​ទើប​មនុស្ស​ចាប់​ផ្ដើម​ខ្វល់​ខ្វាយ»។

អ្នកស្រី Katherine Mangu-Ward ដែល​ជា​និពន្ធនាយក​ទស្សនាវដ្ដី Reason និយាយ​ថា បើ​ទោះ​បី​ជា​បណ្ដាញ​សង្គម​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ដោយ​គ្មាន​ការ​រឹត​ត្បិត​ពី​ប្រភព​នានាពីមូលដ្ឋានផ្ទាល់​ក៏​ដោយ គេ​មិន​ត្រូវ​ភ្លេច​គិត​ថា តើ​អ្នកណា​កំពុង​រឹត​ត្បិត​ព័ត៌មាន ហើយ​ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​អ្វី។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា យើង​គ្រប់​គ្នាអាច​ងប់​នឹងការ​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​ហ្វេសប៊ុក ឬ​ពិភាក្សា​ថា​តើ​អ្នកណា​ជា​អ្នក​សម្រិត​សម្រាំង​ព័ត៌មាន​នៅ​លើ​បណ្ដាញ​ទ្វីតធ័រ ប៉ុន្តែ​គេ​អាច​ភ្លេច​គិត​ថា មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ នោះ​គឺ​រដ្ឋ​ផ្ដាច់ការ​ដែល​រាំង​ខ្ទប់​ព័ត៌មាន​ពិត និង​បញ្ហា​សំខាន់ៗ​ ដូចជា​តួនាទី​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នា​ពេល​នេះ»។

មហាសេដ្ឋី​មានប្រាក់​រាប់​ពាន់​លាន គឺ​លោក Elon Musk បាន​លេច​មុខ​នៅ​ក្នុង​សន្និសីទ​នេះ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​បានប្រកាស​ដេញ​ថ្លៃ​ទិញ​យក​បណ្ដាញ​ទ្វីតធ័រ​ (Twitter) ក្នុង​ទឹក​ប្រាក់ ៤៣ ពាន់​លាន​ដុល្លារ។ សហស្ថាបនិក​ក្រុមហ៊ុន​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី Tesla រូប​នេះ​និយាយ​ថា លោក​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ខ្លះ​នៃ​បណ្ដាញ​សង្គម​មួយ​នេះ ដូចជា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​កែ​សម្រួល​អ្វី​ដែល​ពួក​គេ​បាន​បង្ហោះ​ និង ​ប្រែ​ក្លាយ​រូបមន្ត​កុំព្យូទ័រ​ (algorithm) នៃ​បណ្ដាញ​ទ្វីតធ័រ​ឲ្យ​ក្លាយ​ជា​ប្រភព​ព័ត៌មាន​បើក​ចំហ។

អ្នក​បរិច្ចាគ​ខាងមនុស្សធម៌ និង​ជា​ស្ថាបនិក​ក្រុម​ហ៊ុន Microsoft លោក Bill Gates បាន​សម្ពោធ​សៀវភៅ​ថ្មី​មួយរបស់​លោក​ដែល​មាន​ចំណង​ជើង​ថា «វិធី​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​នា​ពេល​អនាគត»។ លោក​ជំរុញ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​រួម​គ្នា​ចំណាយ​ទឹក​ប្រាក់​ ១ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​នានា​នៅ​ពេល​អនាគត តាម​រយៈ​ការ​បង្កើត​ក្រុម​មួយ​ដែល​លោក​ហៅ​ថា «ការ​ឆ្លើយ​តប​ និង​ ការ​កៀរគរ​សកល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត» ហៅ​កាត់​ថា GERM។ ក្រុម​នេះ​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ក្រុម​វេជ្ជ​បណ្ឌិត​ អ្នក​ការទូត អ្នក​ជំនាញ​ផ្នែក​គោលនយោបាយ និង​ទំនាក់ទំនង​សរុប​ចំនួន ៣.០០០​នាក់ ដែល​នឹង​ធ្វើ​ការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ទប់ស្កាត់ការ​ឆ្លង​រាតត្បាត​ជា​សាកល​នា​ពេល​អនាគត​បាន​ក្នុង​រយៈ​ពេល ១០០ ថ្ងៃ​ដំបូង។

ថ្លែង​ក្នុង​សន្និសីទ​ដែល​ធ្វើ​ឡើង​ខុស​ប្លែក​ពី​សព្វ​មួយ​ដង លោក Chris Anderson ប្រធាន​គ្រប់​គ្រង​សន្និសីទ​ TED បាន​ថ្លែង​បើក​កម្មវិធី​ដោយ​អំពាវនាវ​ឲ្យ​អ្នក​ចូលរួម​ និង​អ្នក​ទស្សនា​តាម​អនឡាញ​បរិច្ចាគ​ថវិកា​ មិន​ថា មួយ​ពាន់​ដុល្លារ មួយ​ម៉ឺន​ដុល្លារ ដប់​ម៉ឺន​ដុល្លារ ឬ​មួយ​លាន​ដុល្លារ​ ដល់​អង្គការ​ចំនួន ៥ ដែល​កំពុង​ផ្ដល់​ជំនួយ​មនុស្សធម៌​នៅ​អ៊ុយក្រែន។ ទោះ​បីជា​គ្មាន​អ្នក​លើក​ដៃ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់ខ្ទង់​លាន​ដុល្លារ​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ការ​ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិកា​ខ្ទង់​ដប់​ម៉ឺន​ដុល្លារ​ផង​ដែរ។ អ្នក​ចូលរួម​អះអាង​ថា​ ពួក​គេ​នឹង​ចូល​វិភាគទាន​ថវិកា​ប្រមាណ ២,១៥ លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​កិច្ច​ប្រឹងប្រែង​ផ្ដល់​ជំនួយ​នៅ​អ៊ុយក្រែន៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG