ប្រធានផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Twitter ដែលទើបត្រូវបានបណ្តេញចេញពីការងារកំពុងចោទប្រកាន់ក្រុមហ៊ុនបណ្តាញសង្គមមួយនេះថាបានបង្កការគំរាមកំហែងផ្នែកឯកជនភាពរបស់អ្នកប្រើប្រាស់ ២៣៨លាននាក់ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលនិងមន្ត្រីនានា ដែលការណ៍នេះបង្កឱ្យមានការព្រួយបារម្ភសន្តិសុខជាតិ។
ការអះអាងនេះធ្វើឡើងដោយលោក Peiter Zatko ហៅក្រៅថា «Mudge» ដែលជាអ្នកជំនាញលួចចូលប្រព័ន្ធកំព្យូទ័រ ជ្រើសរើសឱ្យចូលធ្វើការដោយលោក Jack Dorsey សហស្ថាបនិកនិងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Twitter។
ការចោទប្រកាន់របស់លោក Zatko ដែលរួមមានទាំងការចោទប្រកាន់ថា ការអនុវត្តនៅក្នុងក្រុមហ៊ុនមាន «ចំណុចខ្វះខាតខ្លាំងធ្ងន់ធ្ងរ» ក្នុងការការពារសារឥតបានការណ៍ Spam និងការលួចចូលក្នុងប្រព័ន្ធ ត្រូវបានលើកឡើងនៅក្នុងឯកសាររបស់អ្នកលួចផ្តល់ព័ត៌មានសម្ងាត់ ដែលបានបញ្ជូនកាលពីថ្ងៃទី៦ ខែកក្កដា ទៅឱ្យទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកចំនួន៣ រួមទាំងក្រសួងយុត្តិធម៌ផងដែរ។
ទូរទស្សន៍ CNN និងកាសែត The Washington Post ចេញផ្សាយសេចក្តីរាយការណ៍លម្អិតដំបូងអំពីបន្តឹងនេះកាលពីថ្ងៃទី២៣ ខែសីហា។ ឯកសារកំណែនៃឯកសារដែលមាន៨៤ទំព័រត្រូវបានផ្ញើទៅឱ្យសភាអាមេរិក។
អ្នកនាំពាក្យក្រុមហ៊ុន Twitter ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មកកាន់ VOA ថា លោក Zatko «ត្រូវបានបណ្តេញចេញពីតួនាទីជាបុគ្គលិកប្រតិបត្តិជាន់ខ្ពស់របស់លោកនៅក្រុមហ៊ុន Twitter កាលពីខែមករា ឆ្នាំ២០២២ ដោយសារតែការដឹកនាំគ្មានប្រសិទ្ធភាពនិងការធ្វើការមិនបានល្អ»។
សេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា៖ «អ្វីដែលយើងបានឃើញគឺជាការបរិយាយខុសអំពីក្រុមហ៊ុន Twitter និងការអនុវត្តផ្នែកឯកជនភាពនិងសន្តិសុខទិន្នន័យរបស់យើងដែលមិនស៊ីសង្វាក់ មិនត្រឹមត្រូវនិងខ្វះមូលដ្ឋានសំខាន់ៗ។ ការចោទប្រកាន់របស់លោក Zatko និងការឆ្លៀតឱកាសរបស់លោកជាការចង់បានចំណាប់អារម្មណ៍និងដើម្បីបង្កហានិភ័យដល់ក្រុមហ៊ុន Twitter អតិថិជននិងម្ចាស់ភាគហ៊ុន។ សន្តិសុខនិងឯកជនភាពគឺជាអាទិភាពជាយូរណាស់មកហើយសម្រាប់ក្រុមហ៊ុន Twitter ហើយនឹងបន្តជាអាទិភាព»។
លោក Zatko ចោទប្រកាន់ក្រុមហ៊ុន Twitter ថាបានរំលោភលើលក្ខខណ្ឌនៃដំណោះស្រាយឆ្នាំ២០១១ ជាមួយគណៈកម្មាការពាណិជ្ជកម្មសហព័ន្ធរបស់សហរដ្ឋអាមេរិក ដោយអះអាងថាខ្លួនមានផែនការសន្តិសុខរឹងមាំ។ លោក Zatko បាននិយាយថា លោកបានព្រមានសហការីថា តាមពិតជាក់ស្តែង កុំព្យូទ័ររបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះហួសសម័យ ហើយប្រើប្រាស់កម្មវិធីដែលងាយរងគ្រោះ។ នាយកប្រតិបត្តិក្រុមហ៊ុនបានលាក់ព័ត៌មានពីក្រុមប្រឹក្សាភិបាលអំពីកង្វះការការពារទិន្នន័យ និងចំនួនពិតប្រាកដនៃការបំពានផ្នែកសន្តិសុខ។
ការលាតត្រដាងនេះកើតឡើង ខណៈដែលក្រុមហ៊ុន Twitter មានជម្លោះផ្លូវច្បាប់ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោក Elon Musk ដែលត្រូវបានគេចាត់ទុកជាអ្នកមានបំផុតក្នុងពិភពលោក។ លោកMusk កាលពីខែមុនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដើម្បីទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ដោយចោទប្រកាន់ក្រុមហ៊ុន Twitter ថាបានលាក់ព័ត៌មានអំពីចំនួនគណនីអ្នកប្រើប្រាស់ក្លែងក្លាយរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា bots ។
លោក Zatko បានប្រាប់កាសែត The Washington Post អំពីបណ្តឹងសម្ងាត់របស់លោកថា «ខ្ញុំមានអារម្មណ៍ថាខ្ញុំបានកាតព្វកិច្ចសីលធម៌ក្នុងការប្តឹងនេះ។ វាមិនមែនជាកិច្ចការងាយស្រួលនោះទេ»។ លោកបានបដិសេធមិននិយាយលម្អិតអំពីពាក្យបណ្តឹងនោះ។
លោក Zatko ត្រូវបានបណ្តេញដោយអ្នកកាន់កាប់ ក្រុមហ៊ុន Twitter បន្តពីលោក Dorsey គឺលោក Parag Agrawal។ ក្រោមច្បាប់ការពារអ្នកលួចផ្តល់ព័ត៌មានសម្ងាត់នៅអាមេរិក លោក Zatko ត្រូវបានការពារដោយស្របច្បាប់ប្រឆាំងនឹងការសងសឹក ហើយលោកប្រហែលអាចទទួលបានថវិកាជារង្វាន់ ប្រសិនបើការលាតត្រដាងរបស់លោកអាចជួយឱ្យទីភ្នាក់ងាររដ្ឋាភិបាលអាចអនុវត្តចំណាត់ការប្រកបដោយជោគជ័យ។
ក្រុម Electronic Frontier Foundation ដែលការពារសេរីភាពស៊ីវិលនៅក្នុងពិភពឌីជីថលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ៖ «ពាក្យបណ្តឹងរបស់អ្នកលួចផ្តល់ព័ត៌មានសម្ងាត់ក្នុងក្រុមហ៊ុន Twitter បានចោទជាសំណួរអំពីរបៀបដែលក្រុមហ៊ុននេះគ្រប់គ្រងសន្តិសុខ ជាពិសេសការចូលប្រើប្រាស់របស់បុគ្គលិកទៅកាន់ប្រព័ន្ធផលិតកម្មដែលគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់។ វាក៏បង្ហាញពីគំរូពាណិជ្ជកម្មដែលចាត់ទុកប្រាក់ចំណេញសំខាន់ជាងឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលយើងដឹងហើយថា មានជាយូរមកហើយនៅតាមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ។ ទង្វើនេះអាចធ្វើឱ្យអ្នកប្រើប្រាស់មានគ្រោះថ្នាក់»។
ប្រធានគណៈកម្មការតុលាការព្រឹទ្ធសភាលោក Dick Durbin ថ្លែងថា៖ «ការចោទប្រកាន់របស់លោក Zatko បង្កការព្រួយបារម្ភ»។
សមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យបាននិយាយនៅលើបណ្តាញ Twitter ថា «ការចោទប្រកាន់របស់អ្នកលួចផ្តល់ព័ត៌មានសម្ងាត់អំពីការបរាជ័យផ្នែកសន្តិសុខយ៉ាងទូលំទូលាយនៅក្រុមហ៊ុន Twitter ការបំភាន់ដោយចេតនាដោយនាយកប្រតិបត្តិកំពូលទៅកាន់ភ្នាក់ងាររដ្ឋាភិបាល និងការជ្រៀតចូលរបស់ក្រុមហ៊ុនចារកម្មបរទេសបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង»។
លោកDurbin បានបន្ថែមថា លោកនឹងបន្តការស៊ើបអង្កេតលើបញ្ហានេះ ថាតើការអះអាងនេះមានភាពត្រឹមត្រូវឬយ៉ាងណា។ លោកថា ក្រុមហ៊ុននេះអាច បង្កហានិភ័យផ្នែកទិន្នន័យឯកជនភាព និងសន្តិសុខដល់អ្នកប្រើប្រាស់បណ្តាញ Twitter នៅជុំវិញពិភពលោក»។
សមាជិកកំពូលខាងគណបក្សសាធារណរដ្ឋក្នុងគណៈកម្មការនេះឯកភាព។
សមាជិកព្រឹទ្ធសភាលោក Chuck Grassley ថ្លែងថា៖ «ក្រុមហ៊ុនបច្ចេកវិទ្យាដែលប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បូកផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខទន់ខ្សោយ និងបំណងមិនល្អរបស់រដ្ឋបរទេស ទាំងអស់នេះបញ្ចូលគ្នានឹងបង្កជាគ្រោះមហន្តរាយ»។
លោក Grassley បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្តល់ឱ្យ VOA និងស្ថាប័នព័ត៌មានផ្សេងទៀតថា៖ «ការអះអាងដែលខ្ញុំបានទទួលពីអ្នកលួចផ្តល់ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន Twitter បង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិ ក៏ដូចជាបញ្ហាឯកជនភាព ហើយរឿងទាំងនេះត្រូវមានស៊ើបអង្កេតបន្ថែមទៀត»។
លោក Zatko ចោទប្រកាន់ជាពិសេសថា ប្រទេសឥណ្ឌាបានបង្ខំឱ្យក្រុមហ៊ុន Twitterទទួលភ្នាក់ងាររដ្ឋាភិបាលម្នាក់ឱ្យធ្វើការនៅក្រុមហ៊ុន ដែលនេះមានន័យថាបុគ្គលនោះអាចទទួលបានទិន្នន័យរសើបអំពីអ្នកប្រើប្រាស់ដោយសារតែហេដ្ឋារចនាសម្ព័ន្ធសន្តិសុខអន់ខ្សោយរបស់ក្រុមហ៊ុននេះ។
ពាក្យបណ្តឹងបានលើកឡើងថា ៖«តាមរយៈការអនុញ្ញាតឱ្យភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ចូលទៅកាន់ប្រព័ន្ធនិងទិន្នន័យអ្នកប្រើប្រាស់របស់ក្រុមហ៊ុនដោយផ្ទាល់ដោយគ្មានការត្រួតពិនិត្យ នាយកប្រតិបត្តិក្រុមហ៊ុនTwitter បានរំលោភលើការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះអ្នកប្រើប្រាស់»។
ស្ថានទូតឥណ្ឌាមិនទាន់មានការឆ្លើយតបភ្លាមៗទៅនឹងសំណើរបស់ VOA សុំការអត្ថាធិប្បាយទៅលើការចោទប្រកាន់នេះនៅឡើយទេ។
លោក Steven Adair ប្រធានក្រុមហ៊ុន Volexity ដែលជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតគ្រប់គ្រងផ្នែកចារកម្មអ៊ីនធឺណិត និងឌីជីថលបានប្រាប់ VOA ថា៖ «ប្រសិនបើការចោទប្រកាន់នេះជាការណ៍ពិត កង្វល់ដ៏ធំបំផុតមួយសម្រាប់អ្នកប្រើប្រាស់គឺគំនិតដែលថា ចារកម្មបរទេសអាចចូលយកព័ត៌មានក្នុងគណនី ឬសារដែលភ្ជាប់ទៅនឹងអ្នកប្រើប្រាស់បណ្តាញ Twitter» ។
«លើសពីការបារម្ភអំពីស្តង់ដារឯកជនភាព ប្រសិនបើអាចចូលយកព័ត៌មានបាន វាអាចអនុញ្ញាតឱ្យមានចារកម្មលើការសន្ទនាឯកជនរបស់អ្នកប្រើប្រាស់ និងសូម្បីតែទីតាំងជាក់ស្តែងរបស់ពួកគេ។ ជាទូទៅ ទាំងនេះគឺជាអ្វីដែលខ្ញុំសង្ស័យថាក្រុមហ៊ុន Twitter ព្យាយាមការពារ»៕
អ្នកស្រី Michelle Quinn នៅទីក្រុង San Francisco រួមចំណែកដល់សេចក្តីរាយការណ៍នេះ។
អតីតប្រធានផ្នែកសន្តិសុខក្រុមហ៊ុន Twitter អះអាងថាក្រុមហ៊ុននេះបង្កហានិភ័យផ្នែកឯកជនភាពរបស់អ្នកប្រើប្រាស់
- Steve Herman
វ៉ាស៊ីនតោន —